វ៉ាស៊ីនតោន៖ ធានាធិបតីអាមេរិក អាមេរិក លោក ចូ បាយដិន (Joe Biden) បានព្រមានកាលពីម្សិលមិញថា ព្យុះសង្ឃរា ដែលបានបោកបក់លើរដ្ឋផ្លរីដា អាចនឹងក្លាយទៅជាព្យុះដ៏សាហាវ និងសម្លាប់មនុស្សអស់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ។

ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​អាសន្ន​សហព័ន្ធ លោក ចូ បាយដិន បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ និងរបួសនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែរបាយការណ៍បឋម បានលើកឡើងថា អាចមានការបាត់បង់ជីវិតយ៉ាងច្រើន។

លោកប្រធានាធិបតី​បាន​និយាយ​ទៀតថា​ «​នេះ​អាច​ជា​ខ្យល់ព្យុះ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្ររបស់​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​»​។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានា​ធិបតី ​បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ដ៏​ធំ​ក្នុង​រដ្ឋហ្វ្លរីដា និងបានត្រៀមមូលនិធិរបស់រដ្ឋសហព័ន្ធសម្រាប់ផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គការពាក់ព័ន្ធនានា ដើម្បីស្តារជីវភាពរស់នៅឡើងវិញ។

បើគិតត្រឹម​ព្រឹក​ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ២០២២ របាយការណ៍បឋមបានឲ្យដឹងថា ​ព្យុះ​សង្ឃរា​ដ៏​កាច​សាហាវ​នេះ បាន​បក់​កាត់ទឹកដី​រដ្ឋហ្វ្លរីដា ​និងបាននាំមកនូវទឹកសមុទ្រ និងជំន់ទឹកភ្លៀងជន់លិចទីប្រជុំជនមួយចំនួន ព្រមទាំងធ្វើឲ្យមនុស្សរាប់រយនាក់បានស្លាប់ និងរងរបួស ខណៈលំនៅឋានត្រូវខ្យល់បោកបក់រលំអស់ជាច្រើន។

យោងតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ព្យុះដ៏ធំនេះបានធ្វើឲ្យមនុស្សជាង២,៦លាននាក់ អ្នករស់នៅក្នុងរដ្ឋផ្លរីដា គ្មានអគ្គិសនីប្រើប្រាស់។

ក្រុមមន្ត្រីគ្រប់គ្រងថាមពលអគ្គិសនី បាននិយាយថា ដោយសារតែខ្យល់បោកបក់ខ្លាំងពេក ធ្វើឲ្យប្រព័ន្ធថាមពលអគ្គិសនីដាច់ខូចអស់ទាំងស្រុង មិនអាចជួសជុលឡើងវិញបានឡើយ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់១២៣នាក់នៅក្នុងរដ្ឋផ្លរីដា។

ព្យុះសង្ឃរាដ៏កាចសាហាវនេះ បានបោកបក់ចេញពីប្រទេសគុយបា ដោយបានឲ្យដាច់ថាមពលអគ្គិសនីនៅទូទាំងប្រទេសគុយបា កាលពីដើមសប្តាហ៍នេះ ហើយសម្លាប់មនុស្ស​ពីរ​នាក់ និង​អគារ​សាធារណៈ និងលំនៅឋានជាច្រើននៅទូទាំងប្រទេស​គុយបា បានខូចខាតដោយសារខ្យល់បោកបក់​។

ព្យុះសង្ឃរាមានល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រោយមកបានបក់សំដៅទៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ក្រុមអ្នកព្យាករណ៍ បានព្រមានថា តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រហូតដល់កម្រិត៣០ សង់ទីម៉ែត្រ ដោយសារឥទ្ធិពលព្យុះកំបុតត្បូង ដែលមានឈ្មោះថា អៀន។

អភិបាលរដ្ឋហ្វ្លរីដា បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ព្យុះនេះ គឺបោកបក់ខ្លាំងណាស់ ហើយលោកបានបញ្ជាដល់ទ័ពឆ្មាំសមុទ្រចំនួន៥,០០០នាក់ ត្រៀមជួយសង្គ្រោះប្រជាជននៅក្នុងរដ្ឋនេះ។

សេតវិមាន បានធ្វើសេចក្តីប្រកាសគ្រាអាសន្ន ហើយឲ្យមន្ត្រីសហព័ន្ធ និងមន្ត្រីនៅតាមបណ្តារដ្ឋ ត្រៀមសហការគ្នា ដើម្បីសម្របសម្រួល និងដោះស្រាយគ្រោះមហន្តរាយ៕

 

 

By Ana

You missed