អ៊ីស្តាន់ប៊ុល៖ ប្រធានាធិបតីទួរគី លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា លោកជឿលើប្រធានាធិបតីរុស្ស៊ី កំពុងតែរកវិធីដើម្បីបញ្ចប់សង្រ្គាម នៅក្នុងអ៊ុយក្រែន ឲ្យបានឆាបរហ័ស នាពេលខាងមុខនេះ។

លោកបានយល់បែបនេះ ក្រោយពីការជួបពិភាក្សាគ្នា នាពេលថ្មីៗនេះ ជាមួយលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) គឺលោកចង់បញ្ចប់សង្គ្រាមនេះឲ្យបានឆាប់កាន់តែល្អ ខណៈកងទ័ពអ៊ុយក្រែន ​កំពុងវាយ​ដណ្តើម​យក​ទឹកដីមក​វិញ​។

ទោះបីជាប្រធានាធិបតីរុស្ស៊ី ចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ក៏ដោយ មេដឹកនាំ​ទួរគី ​បាន​បង្ហើបថា អ្វីៗ​មាន​បញ្ហា​ច្រើនណាស់​សម្រាប់ប្រទេស​រុស្ស៊ី​។

លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បាននិយាយអំពីការពិភាក្សាគ្នាយ៉ាងច្រើន ជាមួយលោក វ៉្លាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅប្រទេសអូបេគីស្ថាន កាលពីសប្តាហ៍មុន។

នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍អាមេរិក មេដឹកនាំទួរគី បាននិយាយថា លោកមានអារម្មណ៍ថា ប្រធានាធិបតីរុស្ស៊ីចង់បញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស។

លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បាននិយាយទៀតថា «គាត់ពិតជាបង្ហាញឲ្យខ្ញុំដឹងថា គាត់សុខចិត្តបញ្ចប់រឿងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះ​ជាការគិត​របស់​ខ្ញុំ ព្រោះ​ផ្លូវ​​កំពុង​តែដើរ​ឥឡូវ​នេះ ​មាន​បញ្ហាច្រើន​ណាស់»។

លោកក៏បាននិយាយផងដែរថា «អ្នកទោសសង្គ្រាមប្រមាណ២០០នាក់នឹងត្រូវបានផ្លាស់ប្តូរគ្នាជាមួយអ៊ុយក្រែន នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​ថា ​តើ​នរណាខ្លះ​នឹង​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​​នោះ​ទេ។

លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បានព្យាយាមម្តងហើយម្តងទៀត ដើម្បីសម្រុះសម្រួលបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោករក្សាជំហរមានតុល្យភាព ក្នុងនាមជាសម្រាប់ឥសមាជិកណាតូ ដោយប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី។

លោកបានជួយអង្គការសហប្រជាជាតិ ក្នុងការសម្របសម្រួលនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ហើយបាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងព្យាយាមរៀបចំកិច្ចចរចាបទឈប់បាញ់ដោយផ្ទាល់។

ទន្ទឹមនឹងនេះ ពីរខែបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់តំបន់ភាគខាងកើតទាំងមូល នៃទីក្រុងលូហាន់ (Luhansk) កងទ័ពអ៊ុយក្រែន ក៏ចាប់ផ្តើមដណ្តើមយកទឹកដីមកវិញ បានយ៉ាងច្រើនផងដែរ នាពេលថ្មីៗកន្លងមកនេះ។

កាលពីដើមខែនេះ លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បានចោទប្រកាន់លោកខាងលិចថា បានអនុវត្តគោលនយោបាយញុះញង់ ឲ្យស្អប់ខ្ពើមប្រទេសរុស្ស៊ី ហើយបានព្រមានថា ដូច្នេះសង្រ្គាមទំនងជាមិនបញ្ចប់នៅក្នុងឆាប់ៗនោះទេ។

កាល​ពី​សប្តាហ៍​មុន មេដឹកនាំ​រុស្ស៊ី​ បាន​និយាយ​ថា លោក​បើកចំហ​ដើម្បី​ជួបចរចាជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន។ មេដឹកនាំរុស្ស៊ី ក៏បានប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌាថា លោកចង់បញ្ចប់ការប្រយុទ្ធគ្នាឲ្យបានកាន់ឆាប់កាន់តែល្អ។

ទោះជាយ៉ាងណាក៏ដោយ មេដឹករុស្ស៊ីរូបនេះ មិនបានចង្អុលបង្ហាញណាមួយដែលថា ខ្លួនបានត្រៀមលក្ខណៈដើម្បីទទួលយកការទាមទាររបស់មេដឹកនាំអ៊ុយក្រែន ដែលសុំឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីអ៊ុយក្រែនទាំងអស់ រួមទាំងតំបន់ដែលរុស្ស៊ី បានរឹបអូស កាលពីឆ្នាំ២០១៤ផងដែរ។

ឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីដណ្តើមយក ដាក់បញ្ចូលជាទឹកដីរបស់ខ្លួន ហើយឥឡូវនេះអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េតវីដេវ (Dmitry Medvedev) បាននិយាយថា ក្រុមមេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី គួរតែរៀបចំធ្វើប្រជាមតិ ដាក់បញ្ចូលទឹកដីខេត្តលូហាន់ (Luhansk និងខេត្ត ដូណែត (Donetsk) នៅក្នុងតំបន់ដូនបាស់ (Donbas) ឲ្យភ្ជាប់ជាមួយទឹកដីរុស្ស៊ី ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀតថា ការរំដោះយកតំបន់ពីអ៊ុយក្រែន គឺជាគោលដៅចម្បងរបស់រុស្ស៊ី។ ចំណែកលោក ឌីមីទ្រី ម៉េតវីដេវ ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា ការធ្វើប្រជាមតិនៅតំបន់ដូនបាស់ គឺជាករណីចាំបាច់បំផុតសម្រាប់រុស្ស៊ី។

មេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី នៅក្នុងខេត្តលូហាន់ និងខេត្តដូណែត ក៏បានអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិជាបន្ទាន់ ផងដែរ៕

 

 

By Ana

You missed