វ៉ាស៊ីងតោន៖ អ្នកនាំពាក្យសេតវិមាន លោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិកចង់ឲ្យប្រទេសចិនរួមដៃជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការប្រឆាំងប្រទេសរុស្ស៊ី ចំពោះសកម្មភាពឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានប្រាប់អ្នកសារព័ត៌មានថា «សាររបស់យើងផ្ញើទៅកាន់ប្រទេសចិន គឺនេះមិនមែនជាពេលវេលាសម្រាប់ចិនធ្វើការអ្វីមួយដូចធម្មតា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នោះទេ។
លោកបានបន្តទៀតថា ប្រទេសដទៃទៀតកំពុងតែទុកឲ្យប្រទេសចិន នៅឯកោពីសហគមន៍អន្តរជាតិ ព្រោះតែបានចូលរួមថ្កោលទោសលោក វ៉្លាឌីមៀ ពូទីន ចំពោះសង្គ្រាមនៅអ៊ុយក្រែន។
ប្រទេសចិនបានបដិសេធមិនថ្កោលទោស ឬដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីឡើយ ជុំវិញការលុកលុយឈ្លានពានចូលប្រទេសអ៊ុយក្រែន ហើយមន្ត្រីចិន បានចោទអង្គការណាតូ និងសហរដ្ឋអាមេរិកថា ជាអ្នកបង្កើតជម្លោះនៅទីនោះ។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន ស្វែងរកដំណោះស្រាយតាមផ្លូវការទូត។
បើតាមលោក ចន ឃើប៊ី លើកឡើងបែបនេះ គឺអាមេរិកមិនទាន់ឃើញប្រទេសចិនលក់សព្វាវុធទៅឲ្យរុស្ស៊ី ឬបំពានទណ្ឌកម្មណាមួយរបស់អាមេរិកឡើយ។
លោកបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឲ្យចិនជ្រើសរើសយកជំហរកាន់ជើងអ៊ុយក្រែន ដោយលោកបានមានប្រសាសន៍ថា «យើងមិនគិតថា នេះជាពេលវេលាសម្រាប់អ្នកណាម្នាក់ ធ្វើអ្វីផ្សេងនោះទេ។ ពិភពលោកទាំងមូលគួរតែរួមគ្នាប្រឆាំងនឹងអ្វីដែលលោក ពូទីន កំពុងធ្វើ»។
ប្រទេសចិនមិនបានបង្ហាញសញ្ញាណាមួយថា ខ្លួនមានបំណងដាក់ទណ្ឌកម្ម ឬថ្កោលទោសរុស្ស៊ីឡើយ សូម្បីតែមុនពេលទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានភាពស្រពេចស្រពិល បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់កាលពីខែមុន។
ការលើកឡើងរបស់លោក ចន ឃើប៊ី គឺស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) កំពុងតែជួបជាមួយលោក វ៉្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នាទីក្រុង សាម៉ាកាន់ ប្រទេសអ៊ូបេគីស្ថាន។
នៅក្នុងជំនួបនោះ លោក ស៊ី ជីនភីង បានសន្យាថា ចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីទទួលយកតួនាទីជាមហាអំណាច ហើយប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយថា លោក ស៊ី ជីនភីង ក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិជាមួយរុស្ស៊ីលើវិស័យកសិកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូន។
ចំណែកលោក វ៉្លាឌីមៀ ពូទីន បានសម្តែងក្តីសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចកើនឡើងពី១៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ និងកើនដល់២០០ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ តាមរយៈវិធីសាស្រ្តរក្សាតុល្យភាពរបស់ចិន ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយលោកបានថ្កោលទោសអំពើស្មោគគ្រោក ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបង្កើតពិភពលោកឯកប៉ូល។
ទោះបីជាលោក ចន ឃើប៊ី ប្រឹងទទូចថា សហគមន៍អន្តរជាតិប្រឆាំងនឹងលោក វ៉្លាឌីមៀ ពូទីន ក៏ដោយ ក៏គ្មានរដ្ឋណាមួយនៃសមាជិកទាំងប្រាំបីរបស់អង្គការសហប្រតិបត្តិការសៀង ដែលគ្របដណ្តប់ជិតពាក់កណ្តាលនៃចំនួនប្រជាជនលើភពផែនដី និងច្រើនជាងពាក់កណ្តាលនៃទឹកដីលើពិភពលោក បានចូលរួមថ្កោលទោស ឬដាក់ទណ្ឌកម្មលើសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន៕