អង្គការសហប្រជាជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានសម្តែងការខកចិត្តចំពោះបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយបានអំពាវនាវឲ្យធ្វើកំណែទម្រង់ ដែលអាចអនុញ្ញាតឲ្យអង្គការសហប្រជាជាតិមានសិទ្ធិការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកបានប្រសើរជាងមុន។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នាទីក្រុងញូវយ៉ក នៅថ្ងៃនេះ ដោយអំពាវនាវឲ្យមានការកែទម្រង់ថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាទង្វើជាន់ឈ្លីទស្សនវិស័យ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ … វាមិនគួរអត់ឱនឲ្យបានឡើយ»។
លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយនៅក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាត លើកទី៧៧ថា «យើងត្រូវតែប្រឈមមុខនឹងការពិតដែលថាសុចរិតភាពរបស់អង្គការសហប្រជាជាតិ គឺមានគ្រោះថ្នាក់ដោយសារតែការឈ្លានពានអ៊ុយក្រែនពីប្រទេសរុស្ស៊ី ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
លោកបានបន្តទៀតថា «កំណែទម្រង់ត្រូវបានលើកមកពិភាក្សាគ្នាអស់រយៈពេលជិត៣០ឆ្នាំកន្លងមកហើយ។ អ្វីដែលយើងត្រូវការ គឺសកម្មភាពឆ្ពោះទៅរកការធ្វើកំណែទម្រង់ពិតប្រាកដ មិនមែនគ្រាន់តែនិយាយទេ»។
ប្រទេសជប៉ុន បានព្យាយាមឲ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថា វាត្រូវបានតាក់តែងឡើងដោយអ្នកឈ្នះសង្គ្រាមលោកលើកទី២ និងមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមអន្តរជាតិ ហើយចាប់តាំងពីឆ្នាំ២០០៤ បានផ្សព្វផ្សាយផែនការធ្វើកំណែទម្រង់ជាមួយប្រទេសអាល្លឺម៉ង់ ឥណ្ឌា និងប្រទេសប្រេស៊ីល។
ប្រទេសជប៉ុននឹងទទួលបានអាសនៈមួយ ក្នុងចំណោមសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣។
លោក ហ្វូមីអូ គីហ្ស៊ីដា កើតនៅទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា (Hiroshima) ដែលជាទីក្រុងរងការទម្លាក់គ្រាប់បែកបរមាណូពីអាមេរិក ក៏បានសម្តែងការខកចិត្តចំពោះបរាជ័យរបស់អ្នកចរចាកាលពីខែមុន ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងម៉ូស្គូ បានរារាំងវគ្គផ្តាច់ព្រ័ត្រនៅក្នុងសេចក្តីព្រាងនោះ។
លោកក៏ថ្កោលទោសចំពោះការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ប្រទេសរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងភ្លាមៗ ពីលទ្ធភាពនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
កាលពីខែមុន អ្នកការទូតរុស្ស៊ី បាននិយាយនៅអង្គការសហប្រជាជាតិថា ជម្លោះនៅអ៊ុយក្រែនមិនធានាចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីទេ ប៉ុន្តែទីក្រុងម៉ូស្គូអាចសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ពីប្រទេសសមាជិកអង្គការណាតូ។
ត្រង់ចំណុចនេះ លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយថា «ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដូចរុស្ស៊ីបានធ្វើនៅពេលនេះ អនុញ្ញាតឲ្យប្រើប្រាស់អាវុធទាំងនោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសុវត្ថិភាពរបស់សហគមន៍អន្តរជាតិ ហើយមិនអាចទទួលយកបានឡើយ»។
កាលពីថ្ងៃអង្គារ មន្ត្រីដែលតែងតាំងដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន បានប្រកាសពីផែនការធ្វើប្រជាមតិ ថាតើត្រូវចូលរួមជាមួយរុស្ស៊ីដែរឬទេ។
លោក ឌីមីទ្រី ម៉េតវីដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ការបោះឆ្នោតនេះនឹងអនុញ្ញាតឲ្យវិមានក្រឹមឡាំងមានជម្រើសបន្ថែមទៀតសម្រាប់ការពារនូវអ្វី ដែលលោកបាននិយាយថា នឹងក្លាយជាទឹកដីរុស្ស៊ី។
លោកបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមថា «ការទន្ទ្រានចូលទឹកដីរុស្ស៊ី គឺជាឧក្រិដ្ឋកម្ម ដែលអនុញ្ញាតឲ្យប្រើកម្លាំងការពារខ្លួនតាមគ្រប់រូបភាពទាំងអស់»៕