វ៉ាស៊ីងតោន៖ យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាឲ្យដឹងថា ប្រទេសរុស្ស៊ី បានទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ ពីប្រទេសកូរ៉េខាងជើង ដើម្បីយកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
មន្ត្រីអាមេរិកម្នាក់ បាននិយាយថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តទិញសព្វាវុធពីប្រទេសកូរ៉េខាងជើងបន្ថែម ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានអូសបន្លាយកាន់តែយូរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍មកថា បានបញ្ជាទិញយន្តហោះគ្មានមនុស្សបើក ឬហៅថា ត្រូន រាប់រយគ្រឿងពីប្រទេសអ៊ីរ៉ង់ ដើម្បីប្រើក្នុងសង្គ្រាមអ៊ុយក្រែន។
ប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសរងទណ្ឌកម្មពីបស្ចិមប្រទេស បានបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្តើមការលុកលុយចូលទឹកដីអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន (Kim Jong-un) បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះសង្គ្រាមនៅអ៊ុយក្រែន និងបានចោទប្រកាន់លោកខាងលិចថា បានបន្តអនុវត្តគោលនយោបាយអនុត្តរភាព ទើបរុស្ស៊ីសម្រេចតិត្តប្រើប្រាស់កម្លាំងទ័ពចូលឈ្លានពានអ៊ុយក្រែន។
កាលពីខែមុន កូរ៉េខាងជើងបានទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋប្រជាមានិត ដូណែត (Donetsk) និង សាធារណរដ្ឋ លូហាន់ (Luhansk) ហើយបានប្តេជ្ញាថា នឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមិត្តភាពជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែទូលំទូលាយ និងរឹងមាំយូរអង្វែង។
ទោះជាយ៉ាងណាក៏ដោយ ចំនួនអាវុធជាក់ស្តែង និងទំហំទឹកប្រាក់ពិតប្រាកដ នៅក្នុងការបញ្ជាទិញដ្រូនពីប្រទេសកូរ៉េខាងជើង នៅមិនទាន់ច្បាស់នៅឡើយ។
ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press របស់អាមេរិកថា ការងាកទៅរកប្រទេសកូរ៉េខាងជើង បានបង្ហាញថា យោធារុស្ស៊ីនៅតែបន្តទទួលរងពីការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវសម្ភារៈសឹកក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ដោយសារការរឹតបន្តឹងលើការនាំចេញ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកថាមពល និងខ្យល់ស្អាតរបស់ហ្វាំងឡង់ បានឲ្យដឹងថា ទណ្ឌកម្មសេដ្ឋកិច្ចមានឥទ្ធិពលតិចតួចណាស់មកលើប្រាក់ចំណូលរបស់រុស្ស៊ី បានមកពីការនាំចេញថាមពល ដែលតាមការប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ី បានរកប្រាក់ចំណូលជាង១៥៨ពាន់លានដុល្លារ បានមកពីការតម្លើងថ្ងៃប្រេងឥន្ធនៈហ្វូស៊ីល ក្នុងអំឡុងពេលចូលឈ្លានពានអ៊ុយក្រែន អស់រយៈពេលប្រាំមួយខែ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជឿជាក់ថា សមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការផ្គត់ផ្គង់ឲ្យយោធាត្រូវបានចុះខ្សោយ។
កាលពីសប្តាហ៍មុន មន្ត្រីនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី លោក ចូ បាយដិន (Joe Biden) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការនាំចេញដ្រូន លើកដំបូងផលិតដោយអ៊ីរ៉ង់ ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីរួចរាល់ហើយផងដែរ។
មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿថា មន្ត្រីយោធារបស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីទទួលការបណ្តុះបណ្តាលអំពីរបៀបប្រើដ្រូន ស៊េរី Mohajer-6 និង Shahed ។
ប៉ុន្តែពួកគេបានប្រាប់អ្នកសារព័ត៌មាន នាពេលថ្មីៗនេះថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ មានបញ្ហាមេកានិច និងបច្ចេកទេស។
អ៊ីរ៉ង់ បានបដិសេធជាផ្លូវការនូវការផ្តល់សព្វាវុធដល់ភាគីណាមួយនៃជម្លោះអ៊ុយក្រែន ប៉ុន្តែកាលពីខែកក្កដា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កំពុងរៀបចំផែនការផ្គត់ផ្គង់សព្វាវុធឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នូវប្រភេទយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង សម្រាប់រុស្ស៊ីប្រើក្នុងសង្គ្រាមអ៊ុយក្រែន។
កាលពីថ្ងៃអង្គារ មន្ត្រីការពារជាតិអង់គ្លេស បាននិយាយថា រុស្ស៊ីប្រឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទៅកាន់សមរភូមិក្នុងទឹកដីអ៊ុយក្រែន ក្រោយពីប្រឈមមុខនឹងការបាត់បង់សមរភូមិមុខ ដោយសារការវាយបកពីកងទ័ពអ៊ុយក្រែន។
ការធ្វើបច្ចុប្បន្នភាពថ្មីមួយ បានលើកឡើងថា វាទំនងជាប្រទេសរុស្ស៊ីប្រឹងប្រមូលទិញដ្រូន ដោយសារខ្វះខាតសមាសធាតុសម្រាប់ដំឡើង ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ៕