ហូជីមិញ៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តក្បែរទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី​យប់​ថ្ងៃ​អង្គារ ដែល​បាន​ឆាបឆេះ​យ៉ាង​លឿនចូល​ដល់បន្ទប់​មនុស្សកំពុងច្រៀងរាំ​សប្បាយ​។

អគ្គិភ័យ​ដ៏ធំនេះ បាន​ចាប់ផ្តើមឆាបឆេះយ៉ាងលឿន​នៅជាន់​ខាងលើ​នៃ​ក្លឹបកម្សាន្ត ឈ្មោះ អានភូ (An Phu) ក្នុង​ខេត្តប៊ិញដួង ខាងជើង​ទីក្រុង​ហូជីមិញ ដោយឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត​ ​បាន​លោត​ចុះ​ពី​ជាន់​ទី​២ និង​ទី​៣ ដែលធ្វើឲ្យមាន​​របួស ប៉ុន្តែ​មិនស្លាប់ឡើយ។

រថយន្តពន្លត់អគ្គីភ័យវៀតណាមជាច្រើន បានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែអគ្គិភ័យ​បានឆេះអស់រយៈពេល​មួយ​ម៉ោង ទើប​រល់តទៅវិញដោយសាររថយន្តបាញ់ទឹកពន្ល់ត ហើយគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។

ហាងខារ៉ាអូខេ ឈ្មោះ អានភូ ដែលមានទីតាំងនៅក្នុងខេត្ត ប៊ិញដួង មានទំហំធំគ្រាន់បើ គឺមានចំនួន២៩ បន្ទប់។ មន្ត្រីនគរខេត្ត បាននិយាយថា អគ្គិភ័យបានបំផ្លាញអគារស្ទើរទាំងស្រុង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​​អគ្គិភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​ នៅ​ក្នុងប្រទេស​វៀតណាម។ កាល​ពី​ខែ​មុន អ្នក​ពន្លត់​អគ្គិភ័យ​បី​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ព្យាយាម​ពន្លត់​ភ្លើង​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែងក្នុង​ទីក្រុង​ហាណូយ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គីភ័យ​ដ៏ធំមួយ បាន​ឆេះ​ហាង​ខារ៉ាអូខេមួយកម្ពស់​៨​ជាន់ ស្ដិតនៅ​ក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដោយបានសម្លាប់ជីវិតមនុស្សអស់១៣នាក់។

ពេលនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចំណាយពេល​ជិត៥​ម៉ោង ​ទើបអាចពន្លត់ភ្លើងបានសម្រេច ចំណែកមន្ត្រីនគរបាលពន្លត់អគ្គិភ័យពីរនាក់ បានរងរបួសក្នុងអំឡុងពេលធ្វើប្រតិបត្តិការពន្លត់នោះ។

អគ្គិភ័យនោះ ក៏បានឆេះរាលដាលដល់អគារជិតខាងចំនួន៣កន្លែង ឆេះរថយន្ត និងម៉ូតូអស់ជាច្រើនគ្រឿងផងដែរ៕

By Ana

You missed