កាណាដា៖ មន្រ្តីនគរបាលកាណាដា បាននិយាយនៅថ្ងៃនេះថា ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងចំណោមពីរនាក់បងប្អូន ត្រូវគេប្រទះឃើញស្លាប់នៅក្បែរកន្លែងកើតហេតុមួយ ដែលជនទាំងពីរនាក់បានចាក់សម្លាប់មនុស្សអស់១០នាក់ និងរបួស១៨នាក់។
មន្ត្រីនគរបាលខេត្ត សាស្កាតជេវ៉ាន់ (Saskatchewan) ក្នុងប្រទេសកាណាដា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ បានស្លាប់ដោយសារមានរបួស ប៉ុន្តែមន្ត្រីនគរបាលមិនផ្តល់ព័ត៌មានលម្អិតអំពីប្រភេទរបួសនៅឡើយទេ។ ចំណែកជនសង្ស័យមា្នក់ទៀត ត្រូវជាប្អូនប្រុសប្ងកើត ឈ្មោះ មីឡេស សាន់ឌឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ កំពុងតែរត់គេចខ្លួន។
មន្ត្រីនគរបាល បានប្រកាសថា ជនសង្ស័យឈ្មោះ មីឡេស សាន់ឌឺសុន គឺជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ សូមឲ្យមហាជនបន្តប្រុងប្រយ័ត្ន។
នៅក្បែរសពរបស់ឧក្រិដ្ឋជនឈ្មោះ ដាមៀន សាន់ឌឺសុន គេប្រទះឃើញរថយន្តមួយគ្រឿង ដែលនគរបាលប្រកាសថា ជារថយន្តរបស់ល្មើសជិះធ្វើសកម្មភាពចាក់សម្លាប់មនុស្សពីខេត្តមួយទៅខេត្តមួយ ក្នុងរយពេលតែមួយថ្ងៃ នៅក្នុងចម្ងាយដីរាប់រយគីឡូម៉ែត្រ។
ត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញ មិនមានសញ្ញានៃការចាក់សម្លាប់មនុស្សទៀតឡើយ ហើយប្រជុំជននៅក្នុងខេត្តនេះ មានសភាពស្ងប់ស្ងាត់ នៅពេលក្រុមគ្រួសារប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីរីករាយថ្ងៃឈប់សម្រាកនៃទិវាពលកម្ម នៅក្នុងប្រទេសកាណាដា។
ប៉ុន្តែ សភាពស្ងប់ស្ងាត់នោះត្រូវរំខានដោយសំឡេងទូរស័ព្ទដៃរោទិ៍ព្រមានពីជនសង្ស័យ ជាបុរសពេញវ័យពីរនាក់ ដែលរហូតមកដល់ពេលនេះស្លាប់ម្នាក់ហើយ រីឯម្នាក់ទៀតកំពុតតែរត់គេចខ្លួនពីការតាមប្រមាញ់។
មន្ត្រីនៅក្នុងខេត្តសាស្កាតជេវ៉ាន បាននិយាយថា «រាល់ពេលប្រកាសអាសន្នថ្មីម្តងៗ គឺត្រូវបានចាក់ផ្សាយ… ក្រុមគ្រួសារជនងរងគ្រោះ និងសមាជិកក្នុងសហគមន៍ កំពុងដកដង្ហើមវែង ដោយភ័យខ្លាចមានព័ត៌មានពីអ្នកស្លាប់ ឬអ្នករងរបួសថ្មី»។
មន្រ្តីនគរបាលកាណាដា មកពីខេត្តធំៗចំនួនបី គឺខេត្តសាស្កាតជេវ៉ាន់, ខេត្តម៉ានីតូបា (Manitoba) និងខេត្តអាល់ប៊ើតា ( Alberta) ដែលមានព្រុំប្រទល់ជាប់គ្នា កំពុងសហការស្វែងរកជនដៃដល់ឈ្មោះ មីឡេស សាន់ឌឺសុន ដោយសង្ស័យថា កំពុងរត់គេចខ្លួននៅទីនោះ។
ជនដៃដល់បានស្លាប់ទៅហើយ ឈ្មោះ ដាមៀន សាន់ឌឺសុន និងប្អូនប្រុសបង្កើតឈ្មោះ មីឡេស សាន់ឌឺសុន ដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
មន្ត្រីនគរបាលបានបញ្ជាក់ថា ស្នាមរបួសលើដងខ្លួនសពឈ្មោះ ដាមៀន សាន់ឌឺសុន អាចមិនមែនជាអំពើអត្តឃាតទេ ប៉ុន្តែអាចត្រូវជនណាម្នាក់សម្លាប់។
នគរបាលបានប្រកាសថា ជនសង្ស័យឈ្មោះ មីឡេស សាន់ឌឺសុន ក៏អាចមានរបួសដែរ ហើយនគរបាលបានព្រមានដល់សាធារណជនថា ជននេះអាចស្វែងរកជំនួយសង្គ្រោះផ្នែកវេជ្ជសាស្រ្ត។ ប៉ុន្តែនគរបាលមិនបានបញ្ជាក់ថា ជននេះត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់បងប្រុសខ្លួនឯង ឬយ៉ាងណានោះទេ។
ឧក្រិដ្ឋជនឈ្មោះ មីឡេស សាន់ឌឺសុន ត្រូវនគរបាលពិពណ៌នាថា ជាជនមានកំណត់ត្រាប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាច្រើនករណីកន្លងមកយូរហើយ ពីបទប្រឆាំងបុគ្គល និងបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃចន្ទថា «អំពើហិង្សាប្រភេទនេះ ឬអំពើហឹង្សាណាមួយ មិនអាចបណ្តោយឲ្យកើតមាននៅក្នុងប្រទេសរបស់យើងទៀតទេ។ សោកនាដកម្មបែបនេះបានកើតឡើងញឹកញាប់ពេកហើយ»។