ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្ស ដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី នៅចក្រភពអង់គ្លេស ស្របពេលប្រទេសនេះ ប្រឈមមុខនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំ ឡើងកាន់តែខ្ពស់បង្កភាពចលាចលក្នុងវិស័យឧស្សាហកម្ម និងវិបត្តិសេដ្ឋកិច្ច។

បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ថ្នាក់​ដឹក​នាំនៅក្នុងជួរ​គណបក្សអភិរក្ស កាលពីម្សិលមិញ សមាជិកបក្សភាគច្រើនបានបោះឆ្នោតគាំទ្រលោកស្រី យកឈ្នះគូប្រជែងរបស់ខ្លួន គឺលោក រីស្ស៊ី សូណាក់ (Rishi Sunak) អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។

លោក បូរីស ចនសុន (Boris Johnson) ដែលបាន​បង្ខំ​ចិត្ត​​លាលែង​ពី​តំណែង​ក្នុង​ខែ​កក្កដា​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ជាច្រើន​ខែ​ហើយ​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្កុតឡែន ដើម្បី​ថ្វាយបង្គំគាល់​ម្ចាស់​ក្សត្រី អាលីហ្សាបេត (Elizabeth) នៅ​ថ្ងៃ​នេះ ដើម្បី​ថ្វាយពាក្យលាលែងជា​ផ្លូវ​ការ។ ចំណែកអ្នកស្នងតំណែងពីលោក គឺលោកស្រី លីស ត្រាស់ នឹងធ្វើដំណើរក្នុងពេលជាមួយគ្នាដែរ ដើម្បីចូលថ្វាយបង្គំគាល់ និងស្នើសុំបង្កើតរដ្ឋាភិបាលថ្មី។

នៅ​ក្នុង​សុន្ទរកថាខ្លីថ្លែងអំពីការប្រកាស​ជ័យជម្នះ ​​នៅ​សាល​សន្និបាត​ក្នុង​ក្រុង​ឡុងដ៍ លោកស្រី លីស ត្រាស់ បាននិយាយថា «វាគឺជាកិត្តិយស ដែលគេសជ្រើសរើសលោកស្រី បន្ទាប់ពីឆ្លងកាត់ការធ្វើសម្ភាសន៍អំពីបែបបទការងារអស់រយៈពេលយ៉ាងវែងមួយ ក្នុងប្រវត្តិសាស្ត្រ»។

លោកស្រីទទួលបានសំឡេងឆ្នោតគាំទ្រជាង៥៧ភាគរយ នៃសំឡេងឆ្នោតសរុបរបស់សមាជិកគណបក្សអភិរក្ស។ ចំណែកលោក រីស្ស៊ី សូណាក់ ​ទទួល​បានសំឡេងគាំទ្រជាង៤២​ភាគរយ។

លោកស្រីបានសន្យាថា លោកស្រីនឹងធ្វើយុទ្ធនាការក្នុងនាមជាអ្នកអភិរក្សនិយម ហើយលោកស្រីនឹងគ្រប់គ្រងរដ្ឋាភិបាលក្នុងនាមជាអ្នកការពារអភិរក្សនិយម ព្រមទាំងបានសន្យាថា នឹងកាត់បន្ថយពន្ធ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចលូតលាស់ឡើងវិញ និងដោះស្រាយវិបត្តិខ្វះថាមពលនៅក្នុងប្រទេសអង់គ្លេស។

ប្រធានសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌឺ ឡេយ៉េន (Ursula von der Leyen) បានអបអរសាទរជ័យជម្នះរបស់លោកស្រី លីស ត្រាស់ ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលទីក្រុងឡុងដ៍ និងទីក្រុងព្រុចសែល ត្រូវតែធ្វើការដោយគោរពតាមកិច្ចព្រមព្រៀង។

លោកស្រី លីស ត្រាស់ បានព្រមានថា លោកស្រីនឹងជំរុញទៅមុខថែមទៀត ដើម្បីអនុម័តច្បាប់ចក្រភពអង់គ្លេស សុំបំបែកបំបែកខ្លូនចេញពីសហភាពអឺរ៉ុប។

លោកស្រី អឺស៊ូឡា វ៉ុនឌឺ ឡេយ៉េន បានមានប្រសាសន៍ថា «សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស គឺជាដៃគូ។ យើងប្រឈមមុខរួមគ្នានឹងបញ្ហាជាច្រើន ពីការប្រែប្រួលអាកាសធាតុរហូតដល់បញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន»។

មួយរយៈពេលចុងក្រោយថ្មីៗនេះ ប្រទេសអង់គ្លេស​បាន​ជួបវិបត្តិមួយ​ដល់​វិបត្តិមួយទៀត ហើយ​ឥឡូវ​ត្រូវ​ប្រឈម​មុខនឹង​​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ ​​បង្ក​ឡើង​ដោយ​អតិផរណា​ ដែល​ឡើង​ដល់​កម្រិត១០,១ភាគរយ ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២២នេះ។

លោកស្រី លីស ត្រាស់ អាយុ៤៧ឆ្នាំ និងជានាយករដ្ឋមន្ត្រីភេទស្រីទី៣ របស់អង់គ្លេស បានសន្យាថា លោកស្រីនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយវិបត្តិតម្លៃនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជានអង់គ្លេស ដោយលោកស្រីនិយាយថា យ៉ាងយូរក្នុងរយៈពេលមួយសប្តាហ៍ លោកស្រីនឹងរៀបចំផែនការមួយ ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពល ដែលកើនឡើងឥតឈប់ឈរដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕

By Ana

You missed