ប៉ាគីស្ថាន៖ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប៉ាគីស្ថាន បាននិយាយថា មនុស្ស១១៩នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយប្រទេសមួយចំនួន បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់។

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ខ្យល់មូសុងនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ជាង១.០០០នាក់ ខណៈប្រទេសជាច្រើនរួមទាំងកាតា និងអ៊ីរ៉ង់ បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ទាប់ពីទឹកជំនន់ ដែលត្រូវបានគេពិពណ៌នាថា ជា គ្រោះមហន្តរាយដល់មនុស្សយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ចាប់តាំងពីខែមិថុនាឆ្នាំ២០២២នេះ បានកើនឡើងដល់១.០៣៣នាក់ដោយយ៉ាងហោសមនុស្ស១១៩នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

គ្រោះមហន្តរាយនេះមានការគំរាមកំហែងពីការជន់លិចកម្រិតខ្ពស់ណាស់ នៅក្នុងតំបន់មួយចំនួនតាមដងទន្លេកាប៊ុល (Kabul) និងឥណ្ឌុស (Indus) ជាពិសេសនៅតាមដងទន្លេ ណាវសារ៉ា ( Nowshera) ក្នុងខេត្តឃីប៊ើ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) និងខេត្ត កាឡាបាហ្វ (Kalabagh) និងតាមដងទន្លេ ចាស្មា (Chashma) ក្នុងខេត្ត ពុនចាន់ (Punjab) ។

ស្ទើរតែពាក់កណ្តាលនៃប្រទេសប៉ាគីស្ថាន នៅតែលិចលង់ដោយទឹនជំនាន់ ជាពិសេសនៅក្នុងបណ្តាខេត្ត នៅភាគខាងត្បូងប្រទេស ខណៈភ្លៀងធ្លាក់ខ្លាំងបន្តធ្លាក់លើផ្នែកខ្លះនៃប្រទេស។

ខ្យល់មូសុងប្រចាំឆ្នាំមានសារៈសំខាន់សម្រាប់ការស្រោចស្រពដំណាំ និងហូរបំពេញបឹង និងទំនប់ នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ ភ្លៀងក៏នាំមកនូវការបំផ្លិចបំផ្លាញផងដែរ។ ឆ្នាំនេះ ភ្លៀងធ្លាក់នៅតំបន់ខ្លះ ខ្ពស់ជាងមធ្យមភាគ៦០០ ភាគរយ ទើបធ្វើឲ្យមានទឹកជំនាន់យ៉ាងធំបែបនេះ។

ក្រុមមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បាននិយាយថា ទឹកជំនន់ដ៏មហន្តរាយនៅឆ្នាំនេះ បានប៉ះពាល់ដល់មនុស្សជាង៣៣លាននាក់ ដែលម្នាក់ក្នុងចំណោមជនជាតិប៉ាគីស្ថានប្រាំពីរនាក់ បាត់បង់នូវផលដំណាំ សត្វពាហនៈ និងផ្ទះជិតមួយលានខ្នង។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា ដំណាំដាំដុះជិតពីរលានហិកតា ត្រូវបានបំផ្លាញទាំងស្រុង ផ្លូវប្រវែង ជិត៤.០០០គីឡូម៉ែត្រ ត្រូវបានបំផ្លាញ និងស្ពានចំនួន១៤៩កន្លែង ត្រូវបានជន់លិច។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលប៉ាគីស្ថាន បានហៅទឹកជំនន់ដ៏បំផ្លិចបំផ្លាញនេះ ជាគ្រោះអាសន្នជាតិ ហើយកំពុងស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីបណ្តាប្រទេសជាមិត្ត។

នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក ហ្សេបាស់ ហ្សារីហ្វ (Shehbaz Sharif) បានពន្យាពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ចក្រភពអង់គ្លេស ហើយបានអំពាវនាវរកជំនួយថវិកាពីបណ្តាប្រទេសជាមិត្ត និងពីស្ថាប័នអន្តរជាតិនានា ដើម្បីជួយសង្គ្រោះប្រជាជនប៉ាគីស្ថាន ឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំនេះ៕

By Ana

You missed