អង្គការសហប្រជាជាតិ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះការធ្វើបត្យាប័នលោក ជូលាន អាសាញ (Julian Assange) សហស្ថាបនិកគេហទំព័រ វីគីលីក (WikiLeaks) ទៅកាន់សហរដ្ឋអាមេរិក ថាអាចមានឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានស៊ើបអង្កេត។
ក្រុមមេធាវីការពារសិទ្ធិរបស់អ្នកសារព័ត៌មានជនជាតិអូស្ត្រាលីលោក ជូលាន អាសាញ បានប្តឹងឧទ្ធរណ៍ ដើម្បីរារាំងការធ្វើបត្យាប័នលោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ដែលជាកន្លែងលោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ ប្រសិនបើតុលាការអាមេរិករកឃើញថា មានទោសពីបទចារកម្ម។
តុលាការក្រុងឡុងដ៍ របស់អង់គ្លេស បានសម្រេច កាលពីខែមេសាថា លោក ជូលាន អាសាញ ដែលកំពុងតែជាប់ពន្ធនាគារក្នុងប្រទេសអង់គ្លេស អាចត្រូវបញ្ជូនខ្លួនឲ្យសហរដ្ឋអាមេរិក។
បន្ទាប់ពីបានជួបពិភាក្សាជាមួយភរិយា និងមេធាវីរបស់លោក ជូលាន អាសាញ រួចមក លោកស្រី មីស៊ែល បាស៊េឡេត (Michelle Bachelet) មន្ត្រីជាន់ខ្ពស់មកពីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា «ការធ្វើបត្យាប័ន និងការកាត់ទោស លោក ជូលាន អាសាញ បង្កឲ្យមានការព្រួយបារម្ភទាក់ទងនឹងសិទ្ធិសេរីភាពសារព័ត៌មាន និងជះឥទ្ធិពលដ៏អាក្រក់ដល់អ្នកសារព័ត៌មានស៊ើបអង្កេត និងប៉ះពាល់ការងាររបស់អ្នកផ្តល់ព័ត៌មានសម្ងាត់»។
លោកស្រីបានបន្ថែមថា «នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំចង់បញ្ជាក់អំពីសារៈសំខាន់នៃការធានាចំពោះសិទ្ធិរបស់លោក ជូលាន អាសាញ ជាពិសេសសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងធានានូវការអនុវត្តតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ។ ការិយាល័យរបស់ខ្ញុំនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសំណុំរឿង លោក ជូលាន អាសាញ»។
ក្រុមមេធាវីរបស់លោក ជូលាន អាសាញ បានតវ៉ាថា កូនក្តីរបស់ខ្លួនកំពុងត្រូវបានគេកាត់ទោស និងដាក់ទណ្ឌកម្ម ដោយសារតែទស្សនៈនយោបាយ។ បើចាំបាច់ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅឲ្យតុលាការសិទ្ធិមនុស្សអឺរ៉ុប ព្រោះការប្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី អាចឆ្លងកាត់នីតិវិធីជាច្រើន និងត្រូវការពេលវេលាច្រើន។
ពេញមួយប្រវត្តិសាស្រ្តរបស់ខ្លួន គេហទំព័រ វីគីលីក បានចេញផ្សាយឯកសារសម្ងាត់ជាង២,៥សែនទំព័រ របស់រដ្ឋាភិបាលនានា រួមទាំងវីដេអូ ស្តីពីឧក្រិដ្ឋកម្មសង្រ្គាម ដែលគេសង្ស័យថា ប្រព្រឹត្តិឡើងដោយទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ ជាពិសេស គេហទំព័រនេះ មានចេញផ្សាយឯកសារសម្ងាត់របស់ភ្នាក់ងារស៊ើបការណ៍អាមេរិក ស៊ីអាយអេ និងកំណត់ត្រាអំពីការឆ្លងឆ្លើយជាសម្ងាត់រវាងមន្ត្រីការទូតអាមេរិក ប្រចាំនៅបរទេស និងក្រសួងការបរទេសសហរដ្ឋអាមេរិក។
អាជ្ញាធរអង់គ្លេស បានចាប់ខ្លួនលោក ជូលាន អាសាញ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីលោកបានចំណាយពេលជិតប្រាំពីរឆ្នាំ ដើម្បីលាក់ខ្លួននៅខាងក្នុងស្ថានទូតអេក្វាឌ័រ ក្នុងទីក្រុងឡុងដ៍។
អាជ្ញាធរអង់គ្លេស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតលោក ជូលាន អាសាញ រៀបការជាមួយគូដណ្តឹងរបស់លោកជាជនជាតិអង់គ្លេស នៅក្នុងពន្ធនាគាររបស់ចក្រភពអង់គ្លេស។
មុនរៀបការ លោកស្រីមេធាវី ស្តេឡា ម៉ូរីស (Stella Moris) មានកូនពីរនាក់រួចទៅហើយជាមួយលោក ជូលាន អាសាញ ដែលប្តីប្រពន្ធនេះធ្លាប់បាននិយាយថា នាយមានផ្ទៃពោះ ខណៈពេលលោក ជូលាន អាសាញ កំពុងជ្រកកោននៅស្ថានទូតអេក្វាឌ័រ ក្នុងទីក្រុងឡុងដ៍ ដើម្បីជៀសវាងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។
លោកស្រីបាននិយាយថា អ្នកទាំងពីរបានជួបគ្នាជាលើកដំបូងនៅក្លឹបកម្សាន្តមួយ ក្នុងទីក្រុងឡុងដ៍ នៅពេលនាងកំពុងសម្ភាស ដើម្បីធ្វើជាជំនួយការផ្នែកច្បាប់របស់លោក ជូលាន អាសាញ៕