មូស្គូ៖ យោងតាមការវិភាគ បានឲ្យដឹងថា ខណៈថាមពលរបស់អឺរ៉ុបមានតម្លៃកើនឡើងយ៉ាងខ្លាំង ប្រទេសរុស្ស៊ីបែរជាកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនស្តាយស្រណោះ ដែលឧស្ម័ននេះ គ្រោងនាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។
ក្រុមជំនាញបាននិយាយថា រោងចក្រផលិតឧស្ម័នធម្មជាតិស្ថិតនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ កំពុងដុតបំផ្លាញឧស្ម័ន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល១០លានដុល្លារ ជារៀងរាល់ថ្ងៃ ខណៈអឺរ៉ុបកំពុងតែខ្វះខាតយ៉ាងខ្លាំង។
អ្នកវិទ្យាសាស្ត្រ បានសម្តែងការព្រួយបារម្ភអំពីបរិមាណដ៏ច្រើននៃកាបូនឌីអុកស៊ីត និងអម្រែងភ្លើងកើតចេញពីចំហេះឧស្ម័ននេះ ដែលអាចធ្វើឲ្យការរលាយទឹកកកនៅតំបន់អាកទិក កាន់តែធ្ងន់ធ្ងរឡើងៗ។
តាមការវិភាគបានបង្ហាញទៀតថា បរិមាណឧស្ម័នប្រហែល៤,៣៤លានម៉ែត្រគូប កំពុងតែឆេះចោលក្នុងអណ្តាតភ្លើងជារៀងរាល់ថ្ងៃ នៅឯចក្រផលិតឧស្ម័នធម្មជាតិ នាទីក្រុងសេន ភីតធើស្បើក (St. Petersburg) របស់រុស្ស៊ី។
ដំបូង ពលរដ្ឋហ្វាំងឡង់ រស់នៅព្រំដែនក្បែរនោះ បានប្រទះឃើញអណ្តាតភ្លើងដ៏ធំមួយ ស្ថិតនៅក្នុងចម្ងាយដ៏ឆ្ងាយ កាលពីដើមខែនេះ គឺជាអណ្តាតភ្លើងឆេះឧស្ម័ន នៅជិតស្ថានីយ៍ភ្ជាប់បំពង់បង្ហូរឧស្ម័ន ដែលនាំឧស្ម័នតាមក្រោមសមុទ្រទៅកាន់ប្រទេសអាល្លឺម៉ង់។
ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន ត្រូវបានកាត់បន្ថយ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ ដែលរុស្ស៊ីបានលើកយកលេសបញ្ហាបច្ចេកទេស។ ចំណែក អាល្លឺម៉ង់ បាននិយាយថា វាជារឿងនយោបាយសុទ្ធសាធ ក្រោយពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើទឹកដីអ៊ុយក្រែន។
ប៉ុន្តែចាប់តាំងពីខែមិថុនាមក ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ពីការឡើងកម្តៅយ៉ាងខ្លាំង ភាយចេញពីរោងចក្រ ដែលគេគិតថា ជាកម្តៅកើតមកពីការឆាបឆេះឧស្ម័ន ឬការដុតឧស្ម័នធម្មជាតិ នៅក្នុងប្រទេសរុស្ស៊ី។
ខណៈពេលការដុតឧស្ម័ន គឺជារឿងធម្មតានៅក្នុងរោងចក្រកែច្នៃ ជាធម្មតាគេដុតសម្រាប់សាកល្បងបច្ចេកទេស ឬអំពីសុវត្ថិភាព ប៉ុន្តែទំហំនៃការដុតនេះ បានធ្វើឲ្យអ្នកជំនាញមានការយល់ច្រឡំយ៉ាងខ្លាំង។
សាស្ត្រាចារ្យជំនាញលើទិន្នន័យផ្កាយរណបមកពីសាកលវិទ្យាល័យម៉ាអាមី ក្នុងរដ្ឋអូហាយអូ របស់សរដ្ឋអាមេរិក បាននិយាយថា «ខ្ញុំមិនដែលឃើញរោងចក្រកែច្នៃឧស្ម័នធម្មជាតិឆេះខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីខែមិថុនាមក យើងបានឃើញអណ្តាតភ្លើងដ៏ធំសន្ធោរសន្ធៅនេះ ហើយវាមិនបាត់ទៅណាសោះ។ វានៅតែឆេះខ្ពស់ខុសពីធម្មតាដដែល។ ការឆាបឆេះនេះមិនមែនជារឿងចៃដន្យទេ ហើយទំនងជាការសម្រេចចិត្តដោយចេតនា ដើម្បីហេតុផលអ្វីមួយ។
អ្នកផ្សេងទៀតជឿថា វាអាចមានបញ្ហាបច្ចេកទេសក្នុងការដោះស្រាយបញ្ហាបរិមាណឧស្ម័នច្រើនលើសលប់ពេក ដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យបំពង់បង្ហូរ ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនថាមពលរុស្ស៊ី មានបំណងប្រើប្រាស់ឧស្ម័ននោះ នៅរោងចក្រថ្មី ប៉ុន្តែប្រហែលជាមានបញ្ហាក្នុងការគ្រប់គ្រង ទើបដុតចោលខ្លះទៅ។
តម្លៃថាមពលនៅជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំង នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ហើយតម្លៃបានកើនឡើងជាថ្មីម្តងទៀត ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន៕