វ៉ាស៊ីនតោន៖ ឧត្តមសេនីយកំពូលរបស់អាមេរិក កំពុងតែប្រកាសអាសន្នចំពោះយោធាចិន ដោយនិយាយថា កាន់តែព្រហើននៅពើបប្រទះជាមួយកងកម្លាំងយោធាមកពីប្រទេសផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្លាយជាការគំរាមកំហែងកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី លោកឧត្តមសេនីយឯក ម៉ាក មីល្លី (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា «សាររបស់ខ្ញុំ គឺយោធាចិនទាំងនៅក្នុងអាកាស និងនៅលើសមុទ្រ កាន់តែព្រហើន និងគួរឲ្យកត់សម្គាល់នៅក្នុងតំបន់មួយនេះ»។
លោកឧត្តមសេនីយបានមាមបហរសាសន៍ថា ការស្ទាក់ចាប់យន្តហោះ និងកប៉ាល់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ពីសំណាក់កងទ័ពចិនបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ចំនួននៃសកម្មភាពប៉ះគ្នាបែបនេះត្រូវបានចាត់ទុកថា “មិនមានសុវត្ថិភាព” ដោយមន្ទីរបញ្ចកោណបានបង្កើនសកម្មភាពស្រដៀងគ្នាដែរ។
នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ ម៉ាក មីល្លី បានបញ្ជាឲ្យទាហានរបស់ខ្លួនធ្វើរបាយការណ៍រៀបរាប់លម្អិតអំពីសកម្មភាពប៉ះគ្នារវាងកងទ័ពចិន និងសហរដ្ឋអាមេរិក រួមទាំងកងទ័ពសម្ព័ន្ធមិត្តនៅក្នុងតំបន់នេះ។
នៅក្នុងឧប្បត្តិហេតុមួយ កាលពីខែមុន អ្នកបើកយន្តហោះចម្បាំងប្រភេួ J-16 របស់ចិនត្រូវបានចោទប្រកាន់ថា បានបង្កគ្រោះថ្នាក់ដល់នាវិកយន្តហោះស៊ើបការណ៍របស់អូស្ត្រាលី នៅក្នុងដែនអាកាសអន្តរជាតិ លើដែនសមុទ្រចិនខាងត្បូង។ អ្នកបើកយន្តហោះចិនត្រូវបានគេចោទប្រកាន់ថា បានបើកកាត់មុខយន្តហោះអូស្ត្រាលី ហើយបានបញ្ចេញបំណែកអាលុយមីញ៉ូម ចូលទៅក្នុងម៉ាស៊ីនយន្តហោះអូស្ត្រាលី។
មន្ត្រីអាមេរិកយោធាអាមេរិក កំពុងតែព្រួយបារម្ភចំពោះគោលនយោបាយយោធា និងការបរទេសរបស់ចិន ដែលមិនចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន។
កាលពីខែមុន ឧត្តមសេនីយទ័ពអាកាសអាមេរិកបានតអូញត្អែថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងផលិតអាវុធល្បឿនលឿនច្រើនជាងអាមេរិកពីប្រាំទៅប្រាំមួយដង ក្នុងតម្លៃទាបយ៉ាងខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន (Zhao Lijian) បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានបង្កឲ្យមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយពេលនេះកំពុងតែបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងការជ្រៀតជ្រែករឿងកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន។
ថ្មីៗនេះ ចិនបានព្រមានរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក អំពីការឆ្លើយតបផ្នែកយោធា ប្រសិនបើប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅខែក្រោយ៕