កូឡុំបូ៖ ទាហានប្រទេសស្រីលង្កា នៅយប់ថ្ងៃសុក្រនេះ បានដណ្តើមយកមកវិញនូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី បន្ទាប់ពីបានវាយសម្រុកចូលយ៉ាងព្រៃផ្សៃ លើជំរុំប្រមូលផ្តុំរបស់ក្រុមលើបាតុករ ហើយបានបំផ្លាញចោលតង់ និងចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់។
ការវាយឆ្មក់ចូលរបស់ទាហាន បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមបាតុករ បានដកខ្លួនចេញពីជំរំនៅមុខភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី ហើយបានសន្យាដកខ្លួនចេញពីមុខវិមានប្រធានាធិបតីនៅថ្ងៃព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
បាតុករម្នាក់បាននិយាយថា «នៅពាក់កណ្តាលអធ្រាត្រ យើងបានឮថា មានាជាច្រើនកំពុងធ្វើដំណើរឆ្ពោះខាងមុខវិមានរដ្ឋាភិបាល ហើយភ្លាមៗនោះ យើងឃើញទាហានរត់សម្រុកចូលទៅក្នុងវិមានប្រធានាធិបតី។ មិនយូរប៉ប៉ុន្មាន ទាហានបានបិទតំបន់នោះ ហើយវាយដំយ៉ាងព្រៃផ្សៃលើបាបាតុករ ដូចវាយចោរអ៊ីចឹង»។
នៅពេលមានការវាយប្រហារពីទាហានបានចាប់ផ្តើម បាតុករបានផ្សាយបន្តផ្ទាល់តាមទូរស័ព្ទ នៅហ្វេសប៊ុក ប៉ុន្តែក្រោយមកបានបាត់ទូរស័ព្ទនៅក្នុងពេលច្របូកច្របល់។
បាតុកររូបនេះ បាននិយាយរំឮកថា «អ្នកខ្លះត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ ដោយអមនុស្សធម៌បំផុត ហាក់ដូចជាគ្មានបេះដូងសោះតែម្តង។ យើងគ្មានកន្លែងណាត្រូវទៅតវ៉ាទៀតទេឥឡូវនេះ។ យើងត្រូវទាហានព័ទ្ធជាប់អស់ហើយ ។ ខ្ញុំគ្មានអ្វីសោះឥឡូវនេះ; សូម្បីតែទូរស័ព្ទរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំកំពុងប្រើទូរស័ព្ទចាស់។ ខ្ញុំនៅសល់តែសម្លៀកបំពាក់មួយចង្កេះប៉ុណ្ណោះ»។
កាលពីម្សិលមិញ លោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ប្រទេសស្រីលង្កា ស្របពេលមានការតវ៉ាឲ្យនាយករដ្ឋមន្ត្រីប្រាំមួយសម័យកាល និងជាអ្នកនយោបាយជើងចាស់ រូបនេះ ចុះចេញតំណែងពីតំណែង ដោយក្រុមបាតុករចោទថា ជាមនុស្សតែមួយដូចប្រធានាធិបតីមុន។
លោក រ៉ានិល វិករ៉េម៉េសីងហេ វ័យ៧៣ឆ្នាំ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៦ដង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី របស់ប្រទេសស្រីលង្កា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលសំឡេងឆ្នោតគាំទ្រនៅក្នុងរដ្ឋសភា ដែលមានសមាជិក២២៥នាក់ កាលពីថ្ងៃពុធ បន្ទាប់ពីអតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាបក្សា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីប្រទេសដោយសារការតវ៉ាជាច្រើនខែ ចំពោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
ក្រុមបាតុករបានតវ៉ាថា លោក រ៉ានិល វិករ៉េម៉េសីងហេ បក្ខពួកជិតស្និទ្ធនឹងគ្រួសារ ហ្គូតាបាយ៉ា រ៉ាចាបក្សា ដែលត្រូវមហាជនបណ្តេញចេញពីតំណែង តាមរយៈបាតុកម្មអហិង្សា កាលពីសប្តាហ៍មុន។
ក្រុមបាតុករបានលើកឡើងថា សំឡេងគាំទ្រឲ្យលោកឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ស្រីលង្កា មិនឆ្លុះបញ្ចាំងពីសំឡេងរបស់មហាជនឡើយ ដូច្នេះពួកគេត្រូវរឲតវ៉ាឲ្យលោកចុះចេញតំណែងនេះ។
តាមការប៉ាន់ស្មានថា អ្នកតវ៉ាប្រហែល១០នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរងការវាយប្រហារពីទាហាន។
ការវាយលុកលើទីតាំងតវ៉ា បានកើតឡើងបន្ទាប់ពីលោក រ៉ានិល វិករ៉េម៉េសីងហេ នាយករដ្ឋមន្ត្រីប្រាំមួយអាណត្តិ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីសង្កា និងជាអ្នកស្នងតំណែងពីលោក ហ្គូតាបាយ៉ា រ៉ាចាបក្សា បានភៀសខ្លួនចេញទៅប្រទេសសិង្ហបុរី បន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ដែលបង្កឡើងដោយការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស និងការកើនឡើងនូវកំហឹងសាធារណៈចំពោះឥទ្ធិពលនយោបាយដ៏យូរអង្វែងរបស់លោក។
គណៈមេធាវីស្រីលង្កា បាននិយាយថា លោកបានដឹងអំពីផែនការវាយឆ្មក់នេះ ហើយថាមានការចាប់ខ្លួនមេដឹកនាំបាតុកម្មផងដែរ។
ប្រធានគណៈមេធាវី លោក សាលីយ៉ា ប៉េរ៊ី (Saliya Peiris) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាជ្ញាធរត្រូវតែធានាសុវត្ថិភាពដល់មនុស្សគ្រប់រូប ហើយទីកន្លែងលាក់ខ្លួនរបស់ពួកគេត្រូវតែដឹង។ ខ្ញុំបានព្យាយាមទាក់ទងទៅអគ្គអធិការនគរបាលជាតិ ហើយក៏បានផ្ញើសារទៅកាន់មេបញ្ជាការកងទ័ពផងដែរ។ ការប្រើកម្លាំងសាហាវដោយមិនចាំបាច់នឹងមិនជួយប្រទេសនេះ និងមុខមាត់ប្រទេសនៅលើឆាកអន្តរជាឡើយ»៕