កូឡុំបូ៖ លោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) នៅថ្ងៃព្រហស្បតិ៍នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ប្រទេសស្រីលង្កា ស្របពេលការតវ៉ាឲ្យនាយករដ្ឋមន្ត្រីប្រាំមួយសម័យកាល និងជាអ្នកនយោបាយជើងចាស់ រូបនេះចុះចេញតំណែងពីតំណែង ដោយក្រុមបាតុករចោទថា ជាមនុស្សតែមួយដូចប្រធានាធិបតីមុន។
លោក រ៉ានិល វិករ៉េម៉េសីងហេ វ័យ៧៣ឆ្នាំ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៦ដង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី របស់ប្រទេសស្រីលង្កា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលសំឡេងឆ្នោតគាំទ្រនៅក្នុងរដ្ឋសភា ដែលមានសមាជិក២២៥នាក់ កាលពីថ្ងៃពុធ បន្ទាប់ពីអតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាបក្សា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីប្រទេសដោយសារការតវ៉ាជាច្រើនខែ ចំពោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
ក្រុមបាតុករបានតវ៉ាថា លោក រ៉ានិល វិករ៉េម៉េសីងហេ បក្ខពួកជិតស្និទ្ធនឹងគ្រួសារ ហ្គូតាបាយ៉ា រ៉ាចាបក្សា ដែលត្រូវមហាជនបណ្តេញចេញពីតំណែង តាមរយៈបាតុកម្មអហិង្សា កាលពីសប្តាហ៍មុន។
ក្រុមបាតុករបានលើកឡើងថា សំឡេងគាំទ្រឲ្យលោកឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ស្រីលង្កា មិនឆ្លុះបញ្ចាំងពីសំឡេងរបស់មហាជនឡើយ ដូច្នេះពួកគេត្រូវរឲតវ៉ាឲ្យលោកចុះចេញតំណែងនេះ។
សមាជិកសភារបស់ប្រទេសស្រីលង្កា បានបោះឆ្នោតជ្រើសរើសលោក រ៉ានិល វិករ៉េម៉េសីងហេ ជាប្រធានាធិបតីថ្មី ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចដ៏យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាជនស្រីលង្កា ជួបបញញហាកង្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈសំខាន់ៗ ផ្សេងទៀត បន្ទាប់ពីទុនបម្រុងរបស់ខ្លួនបានរលាយហិនហោចអស់។
កាលពីចុងខែមិថុនា លោក រ៉ានិល វិករ៉េម៉េសីងហេ ពេលកាន់តំណែងជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមានទំនុកចិត្តចំពោះសមត្ថភាពដោះស្រាយវិបត្តិរបស់ប្រទេសស្រីលង្កា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
ក្រោយពីប្រកាសលទ្ធផលឆ្នោតនៅក្នុងរដ្ឋសភា ក្រុមបាតុករបានពិភាក្សាគ្នា ដើម្បីបង្កើតយុទ្ធសាស្រ្តនាខាងមុខ សម្រាប់ប្រឆាំងនឹងលោកប្រធានាធិបតីថ្មី ដែលពួកគេចាត់ទុកថា ជាមនុស្សអាយ៉ងរបស់ប្រធានាធិបតីមុន។
មេដឹកនាំបាតុករ បានអះអាងថា ពួកគេនឹងបន្តការតស៊ូទាមទាររហូតលោក រ៉ានិល វិករ៉េម៉េសីងហេ លាលែងពីតំណែង ដោយពួកគេចោទប្រកាន់ថា លោកប្រធានាធិបតីថ្មី គឺជាមនុស្សមានល្បិចកលច្រើន។ ហើយកាលពីពេលថ្មីៗកន្លងមកនេះ លោកបានព្យាយាមបង្ក្រាបការតវ៉ា ដោយដាក់រដ្ឋក្នុងភាពអាសន្ន និងបញ្ជូនឧទ្ធម្ភាគចក្រទ័ពអាកាសទៅដឹកលោក ហ្គូតាបាយ៉ា រ៉ាចាបក្សា ដើម្បីគេចខ្លួនចេញប្រទេស៕