ឡុងដ៍៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក រិស្ស៊ី សូណាក់ (Rishi Sunak) និងរដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី លីស ត្រាស់ (Liz Truss) កំពុងប្រកួតប្រជែងគ្នា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី របស់អង់គ្លេស បន្ទាប់ពីបានឈ្នះការបោះឆ្នោតសមាជិកសភាចុងក្រោយ ខណៈការប្រកួតប្រជែងបានបង្ហាញការប្រេះឆានៅក្នុងគណបក្សកាន់អំណាច ចំពោះលើការប្រកួតប្រជែងភាពជាអ្នកដឹកនាំ ដើម្បីជំនួសលោក បូរីស ចនសុន ដែលបានលាលែងពីតំណែង។

ការប្រកួតនៅទឹកចុងក្រោយ ក្នុងរយៈពេលមួយសប្តាហ៍នេះ នឹងធ្វើឲ្យលោក រិស្ស៊ី សូណាក់ អតីតបុគ្គលិកធនាគារ ដែលបានឡើងកាន់តំណែងខ្ពស់បំផុត តទល់នឹងលោកស្រី លីស ត្រាស់ ដែលបានសន្យាថា នឹងកាត់បន្ថយពន្ធ និងកាត់បទប្បញ្ញត្តិផ្សេងៗទៀត ដែលបង្កភាពស្មុគស្មាញដល់មហាជន។

នៅក្នុងការប្រកួតប្រជែងនេះ ដំបូងឡើយមានបេក្ខភាព១១រូប ប៉ុន្តែនៅពេលបោះឆ្នោតគាំទ្រពីសំណាក់សមាជិកសភា២០០នាក់ នៅជុំទី៥ និងជុំចុងក្រោយ បានធ្វើឲ្យបេក្ខភាពចាប់ផ្តើមធ្លាក់បណ្តើរៗ ដោយលោក រិស្ស៊ី សូណាក់ ទទួលបានការគាំទ្រ១៣៧សំឡេង រីឯលោកស្រី លីស ត្រាស់ ទទួលបានការគាំទ្រ១១៣សំឡេង។

 អ្នកណាឈ្នះនៅលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនៅថ្ងៃ០៥ ខែកញ្ញាខាងមុខនេះ ដើម្បីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងពេលវេលាដ៏លំបាកបំផុតរបស់អង់គ្លេស ដែលអតិផរណាកំពុងកើនឡើងខ្ពស់ ជារៀងរាល់ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី លីស ត្រាស់ បានលើកឡើងថា «ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំនឹងចាប់ផ្តើមពីថ្ងៃទីមួយ ដើម្បីបង្រួបបង្រួមសមាជិកគណបក្ស និងគ្រប់គ្រងឲ្យបានល្អស្របតាមតម្លៃអភិរក្ស។ សូមជឿជាក់លើខ្ញុំ ថ្ងៃនេះខ្ញុំនឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ជូនសារនៅទូទាំងប្រទេស។ នយោបាយមិនងាយស្រួលទេ។ វាអាចជាកន្លែងបែកបាក់ និងពិបាក។ ឥឡូវនេះ យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីបង្រួបបង្រួមគណបក្សរបស់យើង ហើយផ្តោតលើការងារដែលត្រូវធ្វើ»។ 

លោក គ្រីស ហប់គីន (Chris Hopkins) នាយកស្រាវជ្រាវផ្នែកនយោបាយ បាននិយាយថា «នេះគឺជាការប្រកួតប្រជែង ដែលមិនអាចទាយទុកជាមុនបាន ដើម្បីក្លាយជាមេដឹកនាំនៅក្នុងគណបក្សអភិរក្សនិយម នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ដោយមានការពេញនិយមពីមនុស្សជាច្រើននៅក្នុងគណបក្ស និងនៅក្នុងប្រទេស ហើយគណបក្សនេះក៏ចាប់ផ្តើមមានការបែកបាក់កាន់តែខ្លាំងឡើងរវាងបក្ខពួកផ្សេងៗ។

លោក បូរីស ចនសុន ត្រូវបានបង្ខំឲ្យលាឈប់ពីតំណែងបន្ទាប់ពីបាត់បង់ការគាំទ្រពីសមាជិកសភា​ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនខែ រួមទាំងការបំពានច្បាប់ការការការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ៕

By Ana

You missed