តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីនហ្ស៊ូ អាបេ (Shinzo Abe) បានទទួលមរណភាព បន្ទាប់ពីត្រូវគេបាញ់សម្លាប់ពេលកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅភាគខាងលិចប្រទេសជប៉ុន។
លោក ង្សីន្ហស៊ូ អាបេ អាយុ៦៧ឆ្នាំ បានដួលភ្លាមៗ ហើយត្រូវបានគេឃើញហូរឈាមមុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅមុននេះបន្តិចនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានថ្លែងថា លោក ហ្ស៊ីនហ្ស៊ូ អាបេ បច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត បន្ទាប់ពីត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ ដែលជាការវាយប្រហារដ៏កម្រក្នុងប្រវត្តិសាស្ត្រជប៉ុន។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាននៅពេលនេះ ដើម្បីជួយសង្គ្រោះជីវិត។ ខ្ញុំសង្ឃឹម និងបួងសួង ឲ្យអតីតនាយករដ្ឋមន្ត្រី លោក ហ្ស៊ីន្ហស៊ូ អាបេ បានរួចជីវិត»។
លោក ហ្វូមីអូ គីហ្ស៊ីដា បានផ្កោលទោសថា
«ខ្ញុំមិនដឹងពីហេតុផល និងសាវតានៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែការវាយប្រហារនេះគឺជាអំពើឃោរឃៅ ដែលបានកើតឡើងក្នុងអំឡុងការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យរបស់យើង ហើយពិតជាអំពើមិនអាចលើកលែងឲ្យបាន»។
អតីតនាយករដ្ឋមន្ត្រីជប៉ុន ដេកនៅលើដីបន្ទាប់ពីការបាញ់សម្លាប់ជាក់ស្តែងក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា គេឃើញបុរសម្នាក់ប្រដាប់ដោយកាំភ្លើងវែង ដែលទំនងជាកាំភ្លើងកែច្នៃ បានបើកការបាញ់ពីខាងក្រោយខ្នងលោក ហ្ស៊ីនហ្ស៊ូ អាបេ ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។ លោកកំពុងស្ថិតក្នុងស្ថានភាពគាំងបេះដូង ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីដឹងខ្លួន និងឆ្លើយតបដំបូង។
នគរបាលជប៉ុន បាននិយាយថា បុរសអាយុ៤១ឆ្នាំម្នាក់ ដែលសង្ស័យថា ជាអ្នកបាញ់ប្រហារត្រូវបានចាប់ខ្លួន។
ទូរទស្សន៍រដ្ឋ អិន អេច ខេ (NHK) របស់ជប៉ុន បានដកស្រង់សម្តីជនសង្ស័យឈ្មោះ ថេតស៊ូយ៉ា យ៉ាម៉ាហ្គាមី (Tetsuya Yamagami) ដែលបានប្រាប់ប៉ូលិសថា គាត់មិនពេញចិត្តនឹងលោក ហ្សីនាហ្ស៊ូ អាបេ ហើយចង់សម្លាប់គាត់។
ទូរទស្សន៍ដដែលនេះ បានផ្សាយឃ្លីបវីដេអូ លោក អាបេ ធ្វើសុន្ទរកថា នៅខាងក្រៅស្ថានីយ៍រថភ្លើង នៅពេលការបាញ់ប្រហារចំនួនពីរគ្រាប់ ហើយបន្ទាប់មកគេឃើញមន្រ្តីសន្តិសុខ ចាប់វាយបុរសម្នាក់នៅក្នុងរថយន្តពណ៌ប្រផេះ។
ចំណែកទីភ្នាក់ងារព័ត៌មានជប៉ុន (Kyodo News) បានបោះពុម្ពផ្សាយរូបថត ដែលបង្ហាញថាលោក ហ្សីនហ្ស៊ូ អាបេ ដួលផ្អៀងមុខទៅលើដងផ្លូវ ដែលមានរបាំងការពារ ហើយមានឈាមនៅលើអាវពណ៌សរបស់គាត់។ មនុស្សកកកុញនៅជុំវិញលោក អាបេ បានព្យាយាមម៉ាស្សាបេះដូង។
អំពើហិង្សានយោបាយ គឺកម្រកើតណាស់មានណាស់ នៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសមានច្បាប់តឹងរឹងជុំវិញការប្រើប្រាស់កាំភ្លើង។
ប្រមុខគណបក្សសង្គមនិយមជប៉ុន ត្រូវបានគេធ្វើឃាតអំឡុងពេលថ្លែងសុន្ទរកថា ក្នុងឆ្នាំ១៩៦០ ដោយយុវជនស្តាំនិយមម្នាក់ ប្រើដាវសាមូរ៉ៃចាកសម្លាប់៕