វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមាន កាលពីថ្ងចន្ទ បាននិយាយថា ខ្លួនជឿជាក់ថា រុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់ដើម្បីសុំទិញយន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន រាប់រយគ្រឿង ដែលមានសមត្ថភាពអាចបំពាក់អាវុធសម្រាប់ប្រយុទ្ធ នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយថា វាមិនច្បាស់ទេថា តើអ៊ីរ៉ង់បានផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ីរួចហើយឬក៏អត់ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មាន ដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឲ្យចេះប្រើប្រាស់ដ្រូន យ៉ាងឆាប់បំផុតក្នុងខែនេះ។
លោកបានអះអាងដូច្នេះថា «ព័ត៌មានរបស់យើងបង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងរៀបចំផ្តល់ដ្រូនឲ្យរុស្ស៊ី ជាច្រើនរយគ្រឿង ដែលមានសមត្ថភាពបំពាក់សព្វាវុធ តាមពេលវេលាកំណត់ដ៏ឆាប់រហ័សមួយ»។
ការទម្លាក់គ្រាប់បែកនៅភាគខាងកើតប្រទេសអ៊ុយក្រែន កាន់តែកើនឡើងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវាយជាទ្រង់ទ្រាយធំរបស់រុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) គ្រោងបំពេញទស្សនកិច្វនៅប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ហើយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសកម្មភាពផ្សេងទៀតនៅក្នុងតំបន់ នឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សា។
សហរដ្ឋអាមេរិកសម្រេចបញ្ចេញព័ត៌មានអ៊ីរ៉ង់ ផ្លល់ដ្រូច្បាំងដល់ប្រទេសរុស្ស៊ីនេះ កើតឡើងខណៈប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប៊ីសាអូអូឌី ដដោយសារការពារផលប្រយោជនជាតិរៀងៗខ្លួន មិនព្រមចូលរួមផ្កោលទោស ឬឬដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន។
អ្នកជំនាញខាងកិច្ចការយោធា បាននិយាយថា រុស្ស៊ីកំពុងប្រើកាំភ្លើងធំ ដើម្បីវាយបើកផ្លូវឲ្យកងទ័ពថ្មើជើង រុលចូលទៅមុខ ក្នុងទិសដៅចូលកាន់កាប់ទីក្រុងខាគីវ (Kharkiv) ភាគខាងកើតអ៊ុយក្រែន។
មន្ត្រីយោធាអ៊ុយក្រែន បានព្រមានថា កងទ័ពរុស្ស៊ី កំពុងតែពង្រឹងកម្លាំងប្រយុទ្ធ នៅភាគខាងកើតអ៊ុយក្រែន ក្រោយពីបានវាយប្រហារលើអគារលំនៅដ្ឋានមួយខ្នង កាលពីចុងសប្តាហ៍មុន ដែលធ្វើឲ្យស្លាប់កើនឡើងដល់៣១នាក់ ហើយគ្រាប់រ៉ុក្កែត បានសម្លាប់មនុស្ស៦នាក់ នៅក្នុងទីក្រុងនេះ៕