គៀវ៖ រដ្ឋមន្ត្រីសួងការបរទេស អ៊ុយក្រែន លោក អូឡេក នីកូឡេនកូ (Oleg Nikolenko) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ទីភ្នាក់ងារព័ត៌មានបារាំង Agent France-Presse- AFP ថា ជាអ្នកផ្សាយឃោសនារបស់រុស្ស៊ី បន្ទាប់ទីស្ថាប័នផ្សព្វផ្សាយនេះ ហៅកងទ័ពនៃសាធារណរដ្ឋប្រជាមានិត លូហាន់ ( Luhansk) ជាក្រុមបំបែកខ្លួនពីអ៊ុយក្រែន និងមិនប្រើពាក្យកងទ័ពឈ្លានពានរបស់រុស្ស៊ី មកលើទឹកដីអ៊ុយក្រែន។
កាលពីថ្ងៃទី០៣ ខែកក្កកដា ឆ្នាំ២០២២ កងទ័ពផ្តាច់ខ្លួននៃសាធារណរដ្ឋ លូហាន់ និងកងទ័ព រុស្ស៊ី បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុង លីស៊ីចាន់ (Lisichansk) មកវិញទាំងស្រុង។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គី សយគូ (Sergey Shoigu) បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ី និងសាធារណរដ្ឋ លូហាន់ បានបណ្តេញកងទ័ពអ៊ុយក្រែន ដោយជោគជ័យ ឲ្យចេញពីទីក្រុង លីស៊ីចាន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ចាប់តាំងពីសាធារណរដ្ឋ លូហាន់ ប្រកាសឯករាជ្យក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារគាំទ្រដោយលោកខាងលិច ទម្លាក់រដ្ឋាភិបាលទីក្រុងគៀវ។
ប្រទេសរុស្ស៊ី បានប្រកាសទទួលស្គាល់ឯករាជ្យរបស់សាធារណរដ្ឋ លូហាន់ ក្នុងរយៈប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនចូលឈ្លានពានប្រទេសអ៊ុយក្រែន។
លោក អូឡេក នីកូឡេនកូ បានសរសេរសារនៅលើទ្វីតធើថា «ទីភ្នាក់ងារព័ត៌មានបារាំង AFP បានក្លាយជាជនរងគ្រោះនៃការឃោសនារបស់រុស្ស៊ី។ ស្ថាប័ននេះហៅកងទ័ពឈ្លានពានថា ក្រុមបំបែកខ្លួនពីអ៊ុយក្រែន ដោយបង្ហាញសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនថា ជាជម្លោះផ្ទៃក្នុង ដែលការផ្សាយបែបធ្វើឲ្យវិមានក្រឹមឡាំងអបអរសាទរ»។
រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនអំពីការចូលឈ្លានពានលើអ៊ុយក្រែន គឺការបរាជ័យរបស់រដ្ឋាភិបាលទីក្រុង ក្នុងការអនុវត្តកិច្ចព្រមព្រៀង នាទីក្រុង មីន (Minsk) ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យខេត្ត ដូណែត (Donetsk) និងខេត្ត លូហាន់ (Luhansk) ទទួលឋានៈពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ប៉ូរ៉ូហ្សេនកូ (Petro Poroshenko) បានទទួលស្គាល់ថា គោលដៅចម្បងរបស់រដ្ឋាភិបាលទីក្រុង គៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បី បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល សម្រាប់ច្បាំងតទល់ជាមួយរុស្ស៊ និងជាមួយទាហានក្រុមបំបែករដ្ឋ។
ដោយសារការខឹងសម្បារនឹងបរាជ័យក្នុងការអនុវត្តពិធីសារនេះ កងទ័ពនៅក្នុងតំបន់បំបែកខ្លួន លូហាន់ ចាប់ផ្តើមប៉ះទង្គិចជាមួយកងកម្លាំងរបស់អ៊ុយក្រែន តាំងពីឆ្នាំ២០១៤ រហូតដល់ថ្ងៃរុស្ស៊ីសម្រេចតបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែ ដើម្បីជួយក្រុមបំបែករដ្ឋ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP លើកឡើងថា មន្ត្រីអ៊ុយក្រែន បានបដិសេធ កាលពីថ្ងៃសៅរ៍ថា ទីក្រុងលីស៊ីចាន់ ត្រូវទាហានរុស្ស៊ីឡោមព័ទ្ធជាប់ ហើយបានទទូចថា កងទ័ពអ៊ុយក្រែន នៅតែគ្រប់គ្រងទីក្រុងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃអាទិត្យ ប្រធានសេនាធិការកងទ័ពអ៊ុយក្រែន បានសារភាពថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង លីស៊ីចាន់ កងកម្លាំងរបស់អ៊ុយក្រែន បានបង្ខំចិត្តដកទ័ពចេញពីទីតាំង និងពីសមរភូមិមុខ ប៉ុន្តែប្រកាសថា នឹងវាយសម្រុកយកទីក្រុងនេះវិញ នៅពេលណាទទួលអាវុធគ្រាប់គ្រាន់ពីអឺរ៉ុប និងពីសហរដ្ឋអាមេរិក ដែលគេមើលថា កំពុងប្រើប្រជាជន អ៊ុយក្រែន ឲ្យច្បាំងជាមួយរុស្ស៊ីជំនួសខ្លួន តាមអាណានិគមបែបថ្មី ក្នុងសង្គ្រាមដណ្តើមភូមិសាស្ត្រនយោយបាយ៕