កាលីហ្វរញ៉ា៖ កូនប្រុស ភេទស្រី របស់បុរសកំពូលអ្នកមានបំផុតលើលោក គឺមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) នាពេលថ្មីៗនេះ បានប្តឹងឲ្យតុលាការអាមេរិកកាត់កាល់ឪពុកចោល និងសុំប្តូរភេទពីប្រុសទៅជាស្រី ព្រមទាំងប្តូរនាមត្រកូល ដោយស្របច្បាប់ ព្រោះខ្លួនមិនចង់មានអ្វីជាប់ពាក់ព័ន្ធជាមួយឪពុកបង្កើតទៀតឡើយ។

ក្មេងប្រុសអាយុ១៨ឆ្នាំ មានឈ្មោះពិតថា សាវីយេ អាឡិចសាន់ឌើ ម៉ាស់ (Xavier Alexander Musk) កូនប្រុសច្បងគេរបស់លោក អេឡុន ម៉ាស់ ​បាន​សុំ​ឲ្យតុលាការ​​ទទួល​ស្គាល់​ថា ខ្លួន​ជា​មនុស្ស​ស្រី ហើយ​មាន​ឈ្មោះជាមនុស្សស្រី​ថា វីវាន ជេនណា វីលសុន (Vivian Jenna Wilson) ដែលជានាមត្រកូលខុសស្រឡះពីឈ្មោះឪពុកម្តាយដាក់ឲ្យតាំងពីកំណើត។

ពាក្យបណ្តឹងសុំកាត់កាល់ឪពុក សុំប្តូរនាមត្រកូល និងប្តូរសំបុត្រកំណើតថ្មីនេះ ត្រូវបានដាក់ចូលតុលាការជាន់ខ្ពស់ នាក្រុងឡូ អែនជឺឡេស រដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក ​កាលពីខែ​មេសា ឆ្នាំ២០២២ ប៉ុន្តែដំណឹងនេះ​ទើប​តែ​បែកធ្លាយក្នុងពេល​ថ្មីៗ​កន្លងមកនេះ។

អ្នកសារព័ត៌មាន មិន​ទាន់ទទួលបាន​ព័ត៌មាន​លម្អិត​ ​អំពី​ការ​ប្រេះឆា​រវាង​កូនប្រុស ដូរភេទស្រី​ របស់​លោក អេឡុន ម៉ាស់ នៅឡើយទេ ចំណែកអ្នកនាំពាក្យប្រចាំក្រុមហ៊ុន តេស្លា (Tesla) និងក្រុមហ៊ុន ស្ប៉េសអិក្ស (SpaceX) មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយ។

លោក អេឡុន ម៉ាស់ កាលពីឆ្នាំ២០០០ បានរៀបការជាមួយលោកស្រី ចាស្ទីន វីលសុន ដែលជាអ្នកនិពន្ធជនជាតិកាណាដា រហូតដល់ពេលអ្នកទាំងពីរលែងលះគ្នាក្នុងឆ្នាំ២០០៨។ កូនប្រុសដំបូងរបស់អ្នកទាំងឈ្មោះ ណេវ៉ាដា (Nevada) កើតនៅឆ្នាំ២០០២ ហើយបានស្លាប់ដោយសារជំងឺ ក្រោយពីកើតបាន១០សប្តាហ៍។

ក្រោយមកលោក អេឡុន ម៉ាស់ និងលោកស្រី ចាស្ទីន វីលសុន ​បង្កើត​បាន​កូន​ប្រុស​ភ្លោះពីរនាក់​ ដោយដាក់ឈ្មោះឲ្យថា សាវីយេ អាឡិចសាន់ឌើ ម៉ាស់ និងឈ្មោះ ហ្គ្រីហ្វីន ម៉ាស់ (Griffin Musk និងបន្ទាប់បង្កើតបាន​កូន​ប្រុស​ភ្លោះបី​នាក់ ​គឺមាន ដាមាន ម៉ាស់ (Damian Musk) កៃ ម៉ាស់ (Kai Musk) និងឈ្មោះ សាក់សូន ម៉ាស់ (Saxon Musk)។

នៅថ្ងៃទិវាឪពុក លោក អេឡុន ម៉ាស់ បានបង្ហោះសារនៅបណ្តាញទំនាក់ទំនងសង្គាម ធ្វីតធ័រ (Twitter) ថា លោកស្រឡាញ់កូនៗរបស់លោកទាំងអស់ស្មើៗគ្នា។ ប៉ុន្តែចំពោះរឿងរ៉ាវកូនប្រុស ដូរភេទស្រី ប្តឹងកាត់កាល់នេះ លោកមិន​មាន​ការ​អត្ថាធិប្បាយ​អំពី​ការ​សម្រេច​ចិត្ត​របស់​កូន​លោក​ឡើយ។

សូមរំឭកផងដែរថា លោក អេឡុន ម៉ាស់ ធ្លាប់​បាន​និយាយបង្អាប់គំនិតចង់​កែ​ភេទ​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ លោកជាមនុស្សប្រឆាំង​នឹង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ រហូតធ្វើឲ្យមានការរិះគន់ពីមហាជន។

កាលពីឆ្នាំកន្លងទៅ លោក អេឡុន ម៉ាស់ គ៏ធ្លាប់បាននិយាយត្អូញត្អែរអំពីមនុស្សប្រើនាមត្រកូលរបស់លោក ហើយចង់ដូរភេទ ដែលនោះទំនងជាលោកចង់សំដៅដល់កូនប្រុស ភេទស្រី ឈ្មោះ សាវីយេ អាឡិចសាន់ឌើ ម៉ាស់។

ឯកសារតុលាការ អំពីការប្តឹងសុំដូរនាមត្រកូល និងសុំដូរភេទ របស់កូនឈ្មោះ សាវីយេ អាឡិចសាន់ឌើ ម៉ាស់ ត្រូវបានបែកធ្លាយ មុនពេលលោក អេឡុន ម៉ាស់ ប្រកាសជាសាធារណៈថា លោកនឹងបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋ ហើយឈប់បោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ ដូចពេលមុនទៀតហើយ។

លោក អេឡុន ម៉ាស់ ក៏ធ្លាប់បាននិយាយជាសាធារណៈផងដែរថា លោកគឺជាអ្នកគាំទ្របេក្ខភាពលោក រុន ឌឹសាន់ទីស (Ron DeSantis) អភិបាលរដ្ឋ ហ្វ្លរីដា (Florida) មកពីគណបក្សសាធារណរដ្ឋ ដែលអ្នកនយោបាយស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា៕

By Ana

You missed