អ៊ុយក្រែន៖ បុរសជនជាតិអង់គ្លេសពីរនាក់ និងបុរសជនជាតិម៉ារ៉ុកម្នាក់ ត្រូវតុលាការអាយ៉ងរុស្ស៊ី កាត់ទោសប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍ ដោយសារស៊ីឈ្នួលច្បាំងអ៊ុយក្រែន តទល់នឹងការឈ្លានពានពីទាហានរុស្ស៊ី។
ដំណើរការនីតិវិធីនៅក្នុងសវនាជំនុំជម្រះទោសទាហានបរទេសបីនាក់ ដែលទាហានរុស្ស៊ីចាប់ខ្លួនបានទាំងរស់នេះ ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែន និងប្រទេសលោកខាងលិច បរិហារថា ជាការបោកប្រាស់ និងបំពានច្បាប់សង្រ្គាម។
ទន្ទឹមនឹងនេះដែរ នៅពេលកងកម្លាំងរបស់វិមានក្រឹមឡាំង កំពុងបន្តធ្វើសង្គ្រាម នៅភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ហាក់ដូចជាបានប្រដូចសកម្មភាពរបស់ខ្លួនទៅនឹងទង្វើរបស់អធិរាជសង្គ្រាម លោក ភីតធើ ឌឹ ហ្គ្រេត (Peter the Great) កាលពីសតវត្សទី១៨ ហើយបាននិយាយថា ប្រទេសរុស្ស៊ីត្រូវដណ្តើមយកមកវិញ នូវទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ី។
តុលាការនៅក្នុងសាធារណរដ្ឋប្រជាមានិត ដូណែត (Donetsk) ដែលប្រកាសឯករាជ្យពីអ៊ុយក្រែន បានរកឃើញថា ទាហានស៊ីឈ្នួលបីនាក់នេះ មានទោសពីបទព្យាយាមផ្តួលរំលំរដ្ឋាភិបាលដោយហឹង្សា ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិត។ បុរសទាំងនេះ ក៏មានទោសពីបទធ្វើសកម្មភាពស៊ីឈ្នួលច្បាំង និងអំពើភេរវកម្ម។
សេចក្តីរាយការណ៍នានាបានឲ្យដឹងថា បុរសជនជាតិអង់គ្លេស មានឈ្មោះ អេដិន អាស្លីម (Aiden Aslin) និងឈ្មោះ ហ្សូន ភីននើ (Shaun Pinner) ចំណែកបរុសជនជាតិម៉ារ៉ុក ឈ្មោះ ប្រាហ៊ីម សាឌូន (Brahim Saadoun) នឹងត្រូវប្រហារជីវិតដោយគ្រាប់កាំភ្លើង ប៉ុន្តែអ្នកទាំងបីមានពេលមួយខែ ដើម្បីប្តឹងឧទ្ធរណ៍។
រដ្ឋាភិបាលផ្តាច់ខ្លួនពីអ៊ុយក្រែន បានអះអាងថា អ្នកទាំងបី គឺជាទាហានស៊ីឈ្នួល ដូច្នេះពួកគាត់មិនមានសិទ្ធិទទួលបានការការពារដូចអ្នកទោសសង្គ្រាមដដៃទៀតនោះទេ។ អ្នកទាំងបី គឺជាយុទ្ធជនបរទេសដំបូងគេ ដែលត្រូវបានកាត់ទោស ដោយរដ្ឋាភិបាលគាំទ្ររុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន លោក អូឡេ នីកូឡេនកូ (Oleh Nikolenko) បានថ្កោលទោសចំពោះដំណើរការនីតិវិធីសវនាការនេះ ដោយលើកឡើងថា មិនត្រឹមត្រូវតាមច្បាប់ឡើយ គឺគ្រាន់តែជាឆាកខ្លោន ដើម្បីបម្រើផលប្រយោជន៍បែបឃោសនា ដែលបំពានច្បាប់ និងអសីលធម៌។
លោកបាននិយាយទៀតថា ពលរដ្ឋបរទេសទាំងអស់ ដែលកំពុងប្រយុទ្ធក្នុងសមរភូមិ គឺជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធរអ៊ុយក្រែន ដូច្នេះពួកគេគួរតែចាត់ទុកជាទាហានរបស់អ៊ុយក្រែន និងត្រូវការពារដោយច្បាប់។
ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក លូស ត្រាស់ (Luz Truss) បានប្រកាសថា ការជំនុំជម្រះនេះ គឺការកាត់ក្តីក្លែងបន្លំ ដោយគ្មានភាពស្របច្បាប់ទាល់តែសោះ។ រីឯអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក ជេមី ដេវីស (Jamie Davies) បាននិយាយថា តាមអនុសញ្ញាទីក្រុងហ្សឺណែវ អ្នកទោសសង្គ្រាម ឬឈ្លើយសឹក ត្រូវទទួលបានអភ័យឯកសិទ្ធិជាអ្នកប្រយុទ្ធដោយស្របច្បាប់។
ឪពុករបស់ទាហានជនជាតិម៉ារ៉ុក បានប្រកែកថា កូនប្រុសរបស់លោកមិនមែនជាទាហានស៊ីឈ្នួលទេ ព្រោះកូនគាត់មានសញ្ជាតិអ៊ុយក្រែន។ ចំណែកឪពុកម្តាយរបស់ទាហានជនជាតិអង់គ្លេសទាំងពីរនាក់វិញ បានអះអាងថា អ្នកទាំងពីរ គឺជាពលទាហានអ៊ុយក្រែន ជាយូរមកហើយ ព្រមទាំងបានរស់នៅក្នុងប្រទេសអ៊ុយក្រែន តាំងពីឆ្នាំ២០១៨រហូតមក។
បុរសទាំងបីបានចូលរួមប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន មុនពេលពួកគេសម្លាក់អាវុធចុះចាញ់កងកម្លាំងគាំទ្ររុស្ស៊ី។ ជនជាតិអង់គ្លេសពីរនាក់ ត្រូវបានចាប់ខ្លួន នៅរោងចក្រស្លដែក អាសូវស្តាល់ (Azovstal) ក្នុងក្រុងម៉ារីយូប៉ូល (Mariupol) កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២២ ចំណែកជនជាតិម៉ារ៉ុក ត្រូវចាប់ខ្លួននៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ នៅក្រុង វ៉ូលណូវ៉ាខា (Volnovakha) ភាគខាងកើតប្រទេសអ៊ុយក្រែន។
រីឯទាហានស៊ីឈ្នួលជនជាតិអង់គ្លេសម្នាក់ទៀត ឈ្មោះ អេនឌ្រូ ហៀល (Andrew Hill) ត្រូវកងទ័ពផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ចាប់ខ្លួនបានផងដែរ និងកំពុងតែប្រឈមមុខការកាត់ទោសដូចជនបរទេសទាំងបីខាងលើនេះ។
យោធារុស្ស៊ី បានប្រកែកថា ទាហានស៊ីឈ្នួលបរទេស ដែលជួយច្បាំងអ៊ុយក្រែន តទល់នឹងរុស្ស៊ី មិនមែនជាអ្នកប្រយុទ្ធទេ ហើយប្រសិនបើរុស្ស៊ីចាប់ខ្លួនបានទៀត នឹងត្រូវមានទោសជាប់ពន្ធនាគាររយៈពេលវែង៕