ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដាក់កម្រងផ្កាមុខផ្នូររបស់ទាហានមិនស្គាល់អត្តសញ្ញាណ នៅជិតជញ្ជាំងវិមានក្រឹមឡាំង ដើម្បីគោរពដល់ការចងចាំរបស់អ្នកស្លាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោកឧត្តមសេនីយ៍ ស៊ើហ្គី សយគូ (Sergey Shoigu) ក៏បានដាក់កម្រងផ្កានៅជិតអណ្តាតភ្លើងផងដែរ។
ពិធីរំឭកនូវការចងចាំដល់វីរយុទ្ធជន ដែលមានលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីមាតុភូមិនេះ មានការចូលរួមពីអតីតកងកម្លាំងប្រដាប់អាវុធ និងកងទ័ព ដែលកំពុងចូលរួមក្នុងប្រតិបត្តិការយោធាពិសេស នៅលើទឹកដីអ៊ុយក្រែន និងនិស្សិតបញ្ចប់ការសិក្សាពីស្ថាប័នឧត្តមសិក្សាផ្នែកយោធា។
នៅក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានអ៊ុយក្រែនប្រមាណ៥០០នាក់ មកពីកងពលតូចមួយ ត្រូវបានសម្លាប់នៅក្នុងទីក្រុង នីកូឡេវ ( Nikolaev) ក្នុងតំបន់ដូនបាស់ (Donbass) ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រសាងសង់វានា នៅកំពង់ផែ នីកូឡេវ របស់អ៊ុយក្រែន។
រោងចក្រនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងកៀវ របស់អ៊ុយក្រែន ដែលឈរនៅលើទន្លេដ៏សំខាន់មួយ មានចម្ងាយប្រហែល៦០គីឡូម៉ែត្រពីសមុទ្រខ្មៅ។ ចំណែកយោធាអ៊ុយក្រែន បាននិយាយថា ការវាយប្រហារពីរុស្ស៊ី បណ្តាលឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ អគារឧស្សាហកម្ម បណ្តាញអគ្គិសនី និងបានបំផ្លាញរថយន្តដឹកទំនិញមួយចំនួន។
កាលពីសប្តាហ៍មុន កងទ័ពរុស្ស៊ីក៏បានកាន់កាប់តំបន់ ឃើសុន (Kherson)ទាំងមូល និងគ្រប់គ្រងមួយផ្នែកធំនៃតំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhia) ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន។
មន្ត្រីរុស្ស៊ី និងមេដឹកនាំក្នុងតំបន់ទាំងពីរនេះ ធ្លាប់បាននិយាយអំពីផែនការសម្រាប់តំបន់ទាំងមូល ដើម្បីត្រៀមប្រកាសឯករាជ្យ ឬប្រកាសចូលជាមួយប្រទេសរុស្ស៊ី។
មុនពេលចូលលុកលុយឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានគ្រប់គ្រងប្រទេសមួយចំនួន រួមទាំងឧបទ្វីប គ្រីមៀ ដែលរុស្ស៊ីបានដាក់បញ្ចូលជាចំណែករបស់ខ្លួន ក្នុងឆ្នាំ២០១៤ និងតំបន់កាន់កាប់ដោយពួកបំបែកខ្លួននៅខេត្ត ដូណែត និងខេត្ត លូហាន់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodimyr Zelensky) បាននិយាយថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងកម្លាំងរុស្ស៊ីមិនបានរុលចូលទៅមុខច្រើនទេ នៅក្នុងតំបន់ ដូនបាស់ ដោយលោកអះអាងថា កងទ័ពអ៊ុយក្រែន កំពុងប្រឹងការពារដោយសេចក្តីក្លាហានបំផុត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ហ្សើឡឹនស្គី បានទទូចឲ្យបរទេសជួយ អ៊ុយក្រែន ក្នុងការកម្ចាត់រុស្ស៊ី នៅលើសមរភូមិ ប៉ុន្តែក៏បាននិយាយថា លោកនៅតែបើកចំហសម្រាប់ការចរចារកសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។
ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់ បាននិយាយថា ពេលវេលាសម្រាប់ចរចាជាមួយមេដឹកនាំរុស្ស៊ី ហាក់ដូចជាមិនមានប្រយោជន៍អ្វីទេ។
ចំណេករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ បាននិយាយថា កងទ័ពរបស់រដ្ឋាភិបាលទីក្រុងមូស្គូ បានចូលកាន់កាប់តំបន់លំនៅដ្ឋានក្នុងក្រុង សេវេរ៉ូដូណែត (Severodonetsk) ហើយកំពុងប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងតំបន់ឧស្សាហកម្មមួយ ស្ថិតនៅជាយក្រុងនេះ ហើយក៏កំពុងវាយលុកឆ្ពោះទៅកាន់កាប់ទីប្រជុំជនមួយចំនួនទៀត នៅក្នុងទីក្រុងនេះ៕