ភ្នំពេញ៖ លោកស្រី គ្រី សារ៉ន ទីប្រឹក្សាសម្តេចសង្ឃរាជគណៈធម្មយុត្តកនិកាយ ប៊ូ គ្រី បានបដិសេធថា លោកស្រីមិនមានជាប់ជាប់ព័ន្ធជាមួយបុរសម្នាក់ ដែលអះអាងខ្លួនជារាជទាយាទ ហើយដើរបោកប្រាស់គេឡើយ។
ការចេញមុខបដិសេធមិនជាប់ពាក់ព័ន្ធក្នុងអំពើបោកប្រាស់នេះ បន្ទាប់ពីសារព័ត៌មានចេញផ្សាយពីបុរសឈ្មោះ ស៊ីវ កង ត្រូវបានសម្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ បានតាំងខ្លួនជារាជទាយាទ ហើយឆការចេញផ្សាយទាំងនោះ មានភ្ជាប់រូបថតលោកស្រីឈរថតជាមួយផងដែរ។
លោកស្រី គ្រី សារ៉ន បានបកស្រាយថា បុរសឈ្មោះ ស៊ីវ កង គឺជាមនុស្សមានបញ្ហាខួរក្បាល និងតែងតែបង្កបញ្ហាលំបាកដល់លោកស្រី ក្នុងពេលបំពេញការងារជាក្រុម ហើយបានបែកខ្វែកគ្នាជាយូរមកហើយ។ ចំណែករូបថតរួមគ្នា មានរូបឈ្មោះ សីវ កង និងលោកស្រី គឺជារូបចាស់ ដែលថតពេលបំពេញការងារក្នុងរយៈកាលជាងមួយឆ្នាំកន្លងមក។
លោកស្រីបានមានប្រសាសន៍រំឮកថា «ឈ្មោះហ្នឹងខូច គឺពិតជាខូចមែនហើយ។ ថ្នាក់លើបញ្ជូនមកឲ្យជួយធ្វើការខ្ញុំ ប៉ុន្តែនៅពេលធ្វើការ ខ្ញុំមិនបំពេញនូវតម្រូវការរបស់គាត់ ដែលគាត់ធ្វើការអាពេសអាពៀស ខ្ញុំលែងស្តីនិយាយមាត់កជាមួយគាត់។ គាត់ខឹង គាត់ក៏ចាកចេញទៅ។ គាត់រករឿងខ្ញុំ ស្រែកឡូឡា តែខ្ញុំមិនតបតទៅគាត់ទេ គាត់ទៅជារឿងរបស់គាត់។ គាត់ធ្វើអ្វីជារឿងរបស់គាត់»។
តាមសេចក្តីរាយការណ៍នានា បាឲ្យដឹងថា បុរសនេះបានឲ្យប្រជាពលរដ្ឋថ្វាយបង្គំ និងនិយាយសុទ្ធតែពាក្យអញៗពេញមាត់ទៅកាន់មនុស្សគ្រប់វ័យ ព្រមទាំងធានាដោះស្រាយបញ្ហាដីធ្លីថែមទៀតផង។
សូមរំឭកថា កន្លងមក ដោយសារទង្វើមិនប្រក្រតីរបស់ឈ្មោះ ស៊ីវ កង ត្រូវបានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នាំខ្លួនទៅធ្វើកិច្ចសន្យាម្តងរួចហើយ ករណីឈ្មោះនេះតាំងខ្លួនជាកូនរបស់សម្តេចតេជោ ប៉ុន្តែបុគ្គលនេះនៅតែមិនរាងចាលឡើយ៕