អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នាពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បាននិយាយរិះគន់មេដឹកនាំបណ្តាប្រទេសលោកខាងលិចយ៉ាងខ្លាំង ចំពោះការបដិសេធមិនព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើទឹកដីប្រទេសរបស់លោក ក្នុងគោលបំណងឲ្យអឺរ៉ុបជួយបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។
ដោយបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាណាដា តាមរយៈវីដេអូ Conference លោក ហ្សឺឡឹនស្គី បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកខាងលិច ក្នុងការកំណត់តំបន់ហាមហោះហើរនៅលើអ៊ុយក្រែន ឬជួយផ្តល់យន្តហោះចម្បាំងឲ្យកងទ័ពអ៊ុយក្រែន។
លោកប្រធានាធិបតី បានមានប្រសាសន៍នៅក្នុងសុន្ទរកថា ប្រាប់សមាជិកសភាកាណាដាថា «សង្គ្រាមតែងតែបង្ហាញអ្វីគ្រប់យ៉ាង ដែលមនុស្សមានសមត្ថភាព។ អ្នកណាខ្លាំង អ្នកណាខ្សោយ។ អ្នកណាឆ្លាត អ្នកណាល្ងង់។ តើនរណាជាអ្នកស្មោះត្រង់ ហើយអ្នកណាជាអ្នកលាក់ពុត»។
លោក ហ្សឺឡឹនស្គី បានលើកឡើងទៀតថា មេដឹកនាំនៅអឺរ៉ុបម្នាក់ បានត្រឹមតែស្រេកថា «បញ្ឈប់ការទម្លាក់គ្រាប់បែក ឈប់ទម្លាក់គ្រាប់បែក។ តើគ្រាប់មីស៊ីលប៉ុន្មានគ្រាប់ទៀតត្រូវធ្លាក់មកលើទីក្រុងរបស់យើង? ហើយជាការឆ្លើយតប អស់លោកតែឮនិយាយថា គ្មាននរណាម្នាក់មិនចង់ជួយទេ… ប៉ុន្តែគេខ្លាចពេក ព្រួយបារម្ភពេក!»។
លោកប្រធានាធិបតី បានអំពាវនាវដល់នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ឲ្យប្រើឥទ្ធិពលរបស់លោក ដើម្បីបង្កើតតំបន់គ្មានការហោះហើរ ដែលមានន័យថា យន្តហោះចម្បាំងរបស់អង្គការណាតូមានសិទ្ធិបាញ់ទម្លាក់យន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសអ៊ុយក្រែន។
ថ្លៃងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ លោក ចេន ស្តុលថេនប៊ើក អគ្គលេខាធិការអង្គការណាតូ បានប្រកាសថា កងទ័ពតាមបណ្តាប្រទេសជាសមាជិកកំពុងតែត្រៀមជើងការ ដើម្បីប្រយុទ្ធតទាល់នឹងកងទ័ពអ៊ុយក្រែន ក្នុងករណីមានវាយប្រហារពីរុស្ស៊ីមកលើទឹកដីរបស់ខ្លួន។
លោកបានបញ្ជាក់ថា មកដល់ពេលនេះ វត្តមានកងទ័ពអាមេរិកឈរជើងក្នុងទឹកដីអឺរ៉ុប មានចំនួនមួយម៉ឺននាក់ ចំណែកអង្គការណាតូ បានត្រៀមកងទ័ពចំនួនបួនម៉ឺននាក់។ ខណៈកាំជ្រួចការពារដែនអាកាសបញ្ជូនមកអាមេរិក ត្រូវបានដឹកជិតដល់ប្រទេសប៉ូឡូញ រីឯកាំជ្រួចអាល្លឺម៉ង់ ត្រូវបានដឹកទៅដល់ទឹកដីប្រទេសស្លូវ៉ាករួចរាល់ហើយ។
យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សាព្វផ្សាយអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលលោក ចូ បាយដិន ក្រៅពីបានបង្កើនជំនួយផ្នែកសព្វាវុធក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារ ដល់កងទ័ពអ៊ុយក្រែន អាមេរិក ក៏បានបញ្ជូនបន្ថែមកងទ័ពរបស់ខ្លួន ទៅដាក់ពង្រាយនៅតាមតំបន់ព្រៃភ្នំ នាភាគខាងកើតប្រទេសប៉ូឡូញ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។
កងទ័ពអាមេរិកទាំងនេះ ស្ថិតនៅក្នុងរយៈចម្ងាយដ៏ជិតនឹងទីតាំងកងទ័ព ដែលរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នាពេលថ្មីៗនេះ ដើម្បីជយយវាយប្រហារទប់ទល់នឹងទាហានរុស្ស៊ីមួយផងដែរ ប្រសិនបើកងទ័ពណាតូ ចូលពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះ។
កន្លងមកអាមេរិក បានបញ្ជូនកងទ័ពរបស់ខ្លួនប្រមាណ៤០០០នាក់រួចហើយ ឲ្យឈរជើងនៅក្នុងប្រទេសប៉ូឡូញ ដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដើម្បីត្រៀមប្រយុទ្ធតទល់នឹងកងទ័ពរុស្សី ក្នុងករណីសង្គ្រាមរីករាលដាលចូលទៅក្នុងទ្វីបអឺរ៉ុប៕