អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយគឺ កំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។

សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា កងទ័ពរុស្ស៊ីកំពុងសម្រុកធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងតាមសមុទ្រ ក្នុងប្រទេសអ៊ុយក្រែន ដោយបានហោះហើរច្រើនជាង៣០០ដង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ចំណែកជនភៀសខ្លួនវិញ កើនឡើងជិត៣.៥លាននាក់ បានសម្រុករត់គេចចេញពីទឹកដីអ៊ុយក្រែន ខណៈមនុស្ស ៦.៥ លាននាក់ គ្មានទីជម្រក។ ឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានរាយការណ៍ថា ប្រជាជនអ៊ុយក្រែនជាង៨០០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញតំបន់កំពុងប្រយុទ្ធគ្នា។

សហភាពអឺរ៉ុប នៅខ្វែងគំនិតគ្នាចំពោះដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ីដែរឬទេ ខណៈអាល្លឺម៉ង់​និយាយ​ថា ប្រទេសក្នុងប្លុកអឺរ៉ុប ​ពឹង​ផ្អែក​ខ្លាំងពេក​លើ​ប្រេងនាំចូលពី​រុស្ស៊ី​។

រីឯការងារផ្នែកការទូតវិញ គឺការចរចាស្វែងរកសន្តិភាពនៅតែបន្ត ប៉ុន្តែគ្មានការរីកចម្រើនជឿនលឿនអ្វីទេ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សែឡឹនស្គី បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងឈានទៅរកការដួលរលំ ដោយក្រសួងនេះ បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំក្រុងមូស្គូ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បាយដិន ហៅលោក ពូទី ថាជាឧក្រិដ្ឋជនសង្គ្រាម។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិឯនោះវី ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតម្តងទៀត នៅសប្តាហ៍នេះ  ដើម្បីប្រមែប្រមូលចលនារិះគន់រុស្ស៊ី ចំពោះវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។

ចំណែកក្នុងក្រុងមូស្គូវិញ កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់វិមានក្រឹមឡាំង ក្នុងការចាប់ពិរុទ្ធលើការផ្សាយព័ត៌មានអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តុលាការរុស្ស៊ីបានហាមប្រាម Facebook និង Instagram ដោយចោទប្រកាន់ថា ជា បណ្តាញក្រុមជ្រុលនិយម។

ក្រឡេកមើលព្រឹត្តិការណ៍ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានចូលថ្ងៃទី២៦វិញ គឺនៅទី២១ ខែមីនា បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់ផ្លោងដាក់ផ្ទះ និងកន្លែងលក់ទំនិញមួយកន្លែង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់។ មន្ត្រីអ៊ុយក្រែនបាន និយាយថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ យានជំនិះគ្មានមនុស្សបើក ដើម្បីវាយប្រហារនៅក្នុងតំបន់ទីក្រុង។

រដ្ឋាភិបាលអ៊ុយក្រែន និងអ្នកគាំទ្រនៅលោកខាងលិច បាននិយាយថា កងកម្លាំងជើងគោករុស្ស៊ីរុលចូលទៅមុខច្រើនទេ ក្នុងសប្តាហ៍មុន គឺផ្តោតតែលើការវាយប្រហារដោយកាំភ្លើងធំ និងកាំជ្រួច  ហើយតែងតែចូលទៅក្នុងកណ្តាលទីក្រុង។

នៅក្នុងថ្ងៃនោះដែរ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អ៊ីរីណា វេរេសជុក បានច្រានចោលការអំពាវនាវរបស់រុស្ស៊ី ឲ្យកងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុង ម៉ារីយូប៉ូល ទម្លាក់អាវុធចុះ ប្រសិនបើចង់រស់រានមានជីវិត។ រីក្រសួងការពារជាតិអង់គ្លេសវិញ បាននិយាយថា កងកម្លាំងរុស្ស៊ីដែលបានរុលទៅមុខចេញពីតំបន់គ្រីមៀ កំពុងព្យាយាមរុលចូលទៅ ក្រុង អូដេសា។

ចំណែកឯការការងារផ្នែកការទូតវិញ វិមានក្រឹមឡាំង និយាយថា កិច្ចចរចាសន្តិភាពមិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅឡើយ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវ  ពីការផ្អាកការចរចា ដោយលើកសំណើមិនអាចទទួលយកបានសម្រាប់រុស្ស៊ី។ រីឯ អ៊ុយក្រែន បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការចរចា ប៉ុន្តែមិនចុះចាញ់ ឬទទួលយកឱសានវាទរបស់រុស្ស៊ីឡើយ។

ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានធ្វើដំណើរទៅដល់ទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៅថ្ងៃព្រហស្បតិ៍ ជាមួយសមាជិក៣០ប្រទេស នៃអង្គការណាតូ សហភាពអឺរ៉ុប និងក្នុងទម្រង់ក្រុម ជីប្រាំពីរ (G7) ដែលមានប្រទេសជប៉ុន ចូលរួមផងដែរ៕

 

 

 

By Ana

You missed