អាមេរិក៖ អ្នកនាំពាក្យសេតវិមានបានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា ពិចារណាឡើងវិញ នូវបំណងទិញប្រេងឆៅបញ្ចុះតម្លៃពីរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប បបួលគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែន។
លោកស្រី ចេន សាគី (Jen Psaki) អ្នកនាំពាក្យសេតវិមាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ប្រទេសនានាគួរតែពិចារណាពីគោលជំហរបស់ខ្លួន នៅក្នុងការធ្វើជំនួញជាមួយប្រទេសរុស្ស៊ី ដែលកំពុងរងទណ្ឌកម្មសេដ្ឋកិច្ច ដោយសារការឈ្លានពានប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today បានដកស្រង់សម្តីលោកស្រី ដែលបានបន្តថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី គឺស្មើនឹងការគាំទ្រដល់ការឈ្លានពានមកលើប្រទេសអ៊ុយក្រែន។
នៅដើម្បីសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ដើម្បីទូទាត់គ្នា។
មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា រុស្ស៊ីកំពុងចង់លក់ប្រេង និងទំនិញផ្សេងៗជាច្រើនទៀត ក្នុងការបញ្ចុះតម្លៃយ៉ាងខ្លាំង ហើយឥណ្ទានឹងរីករាយចំពោះទំនិញចុះថ្លៃនេះ។ ជាពិសេសប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីការប្រើប្រាក់ដុល្លារអាមេរិក និងរួចផុតពីកម្រិតដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
សូមរំឭកដែរថា រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលឥណ្ឌាមិនប្រតិកម្មប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន ដែលរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប និងអាមេរិក រហូតឈានទៅដល់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី។ ខណៈប្រេងរុស្ស៊ីមិនត្រូវបានដាក់ទណ្ឌកម្ម ហើយការធ្វើពាណិជ្ជករអន្តរជាតិមួយចំនួន នៅភ័យខ្លាចការប្រឈមមុខនឹងការដាក់ទណ្ឌកម្មដោយសាររកស៊ីជាមួយប្រទេសរុស្ស៊ី ទើបបង្ខំឲ្យរុស្ស៊ីសម្រេចលក់ប្រេងឆៅ ដោយការបញ្ចុះតម្លៃទាបបំផុតក្នុងប្រវត្តិសាស្ត្រ។
ជាពិសេសរដ្ឋាភិបាលឥណ្ឌា ចិន និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបដិសេធមិនចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ក្នុងការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយមិនព្រមបោះឆ្នោតគាំទ្រនៅអង្គការសហប្រជាជាតិ ជុំវិញវិបត្តិនៅអ៊ុយក្រែន។
ឥណ្ឌានាំចូលប្រេងឆៅជិត៨៥ភាគ ប៉ុន្តែទំនិញប្រើប្រាស់ផ្សេងទៀតមានតែប្រហែលបីភាគរយប៉ុណ្ណោះជាទំនិញមកពីរុស្ស៊ី។ ក្រុមហ៊ុនប្រេងដ៏ធំជាងគេរបស់ប្រទេសឥណ្ទា ឈ្មោះ ឥណ្ឌាន អល ខប់ (Indian Oil Corp) ទើបតែបានទិញប្រេងឆៅពីរុស្ស៊ីចំនួនបីលានបារ៉ែល ក្នុងការបញ្ចុះតម្លៃពី២០ ទៅ២៥ដុល្លារក្នុងមួយបារ៉ែល ហើយក្រុមហ៊ុននេះ មិនចាត់ទុកការទិញប្រេងនេះ ជាករណីមានបញ្ហានោះទេ ព្រោះប្រេងមិនជាប់ទទួលទណ្ឌកម្មឡើយ។
សេចក្តីរាយការណ៍នានា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាក៏កំពុងពិចារណាទិញវត្ថុធាតុដើមពីប្រទេសរុស្ស៊ី ដូចជារ៉ែដែក និងពីប្រទេសបេឡារុស្ស ដូចជាជី ដោយមិនចាំបាច់ប្រើប្រាស់លុយដុល្លារអាមេរិក។
ស្របពេលជាមួយគ្នានេះដែរ ក៏មានសេចក្តីរបាយការណ៍ថា សេដ្ឋីប្រេងនៅតំបន់មជ្ឃឹមបូព៌ា គឺប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងលក់ប្រេងដ៏ច្រើនរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ឲ្យទៅប្រទេសចិន ដោយទូទាត់ជារូបិយប័ណ្ណចិន គឺលុយយន់ ព្រោះមិនចង់ពាក់ព័ន្ធជាមួយលុយដុល្លារអាមេរិក៕