ក្រោយទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារសាខា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកអនុប្រធាន លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធានអនុសាខាស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៥ គ្រួសារ ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិទួលរកា ១៧គ្រួសារ និងភូមិដីលើ ៦៨គ្រួសារ ។

គូរបញ្ជាក់ថា ហេតុការណ៍ ខ្យល់កន្ត្រាក់ខាងលើបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ ខណៈមេឃមានភ្លៀងធ្លាក់ខ្លាំង ហើយក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយផ្ទះ ៨៧ខ្នង ( ភូមិទួលរកា ១៧ខ្នង និងភូមិដីលើ ៧០ខ្នង) រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿងផងដែរ ។ ភ្លាមៗនោះសាខាក៏បានចាត់លោកនាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់ ២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេ រួចហើយ។ នៅសល់ ៨៥ គ្រួសារទៀត សាខាបានសហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតបតាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅដ្ឋានរបស់បងប្អូនឡើងវិញ ។

ថ្លែងនៅក្នុងពិធី លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” និងសូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ , អាវយឺតចំនួន ៤ និង ថវិកា ១០០,០០០ រៀល ។

ជាមួយនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តទួលរកា នូវ អង្ករ ១០០គក្រ , មី ៤កេស, ត្រីខ ៤យួរ និង បច្ច័យ ២០០,០០០ រៀល ផងដែរ ៕

By Ana

You missed