ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២១នេះ នឹងបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។

យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២០ ខែកញា ឆ្នាំ២០២១ បានឲ្យដឹងថា ការជំនុំជម្រះក្តីសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោកចៅក្រម ឆែ វិវឌ្ឍនៈ ជាប្រធានក្រុមប្រឹក្សា និងលោកចៅក្រម កើត សាំង លោកចៅក្រម សុខ លី ជាសមាជិក។ ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ។

បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

ដោយសារអំពើយុត្តិធមឥនេះ​ បុរសម្នាក់រងគ្រោះរបួសខ្លួនមួយជួយជីវិត ក្នុងអំពើចាប់ដុតទាំងរស់ខាងលើនេះ កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានប្តឹងប្រធានស្ថាប័នតុលាការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំបើកការសើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់ទាំងនេះ ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។

សូមរំឭកថា ក្នុងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ, លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយបានជម្រាបប្រាប់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីជាន់ខ្ពស់ដូចខាងលើនេះ មានចេតនាបិទបាំងការពារឧក្រិដ្ឋជនម្នាក់ ឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរួចផុតពីគុក ករណីចាប់មនុស្សដុតទាំងរស់។

លោក ស៊ុយ ប៊ុនថាន បានរំឭកប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងពាក្យបណ្តឹងនេះថា «នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហារឃោរឃៅ និងព្រៃផ្សៃបំផុត ដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង​​​ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្មោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនឧក្រិដ្ឋជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយ គឺបានបិទបាំងសំណុំរឿងឧក្រិដ្ឋជនជាក់ស្តែងនេះចោទតែម្តង»។

ជនងរងគ្រោះបានជម្រាបជូនលោក ឱម យនិទៀត ទៀតថា ក្រោយមកខ្លួនបានដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ដែលបានផ្តើមចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុន្តែបានដោះលែងឲ្យមានសេរីភាពទៅវិញ ដែលរហូតមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនមកផ្ទន្ទាទោសតាមច្បាប់នៅឡើយទេ។

លោក ស៊ុយ ប៊ុនថាន បានរំឭកទៀតថា «ភាពមិនប្រក្រតីជាប្រព័ន្ធរបស់លោកទាំង០៤នាក់ខាងលើ គឺបង្ហាញឲ្យឃើញថា​​​ មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹបសំណុំរឿងឧក្រិដ្ឋចោល មានចេតនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងះអូសបន្លាយទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិត០២ឆ្នាំ»។

លោកបានសំណួមពរដល់លោក ឱម យនិទៀង នៅក្នុងលិខិតនេះថា «អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី មេត្តាពិនិត្យចុះស៊ើបអង្កេតលើជនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើ ដោយក្តីអនុគ្រោះ»។

លោក កៅ ភូ មេធាវីការពារជនរងគ្រោះ បានមានប្រសាសន៍ប្រាប់ Daily Khmer នៅថ្ងៃី២៦ ខែតុលា ឆ្នាំ២០២១ ទោះបីកូនក្តីរបស់លោកជាជនក្រីក្រក៏ដោយ តុលាការនឹងមិនលើកលែងទោសដល់ជនល្មើសឈ្មោះ លី ស្រេង ឡើយ ព្រោះនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូច្នេះជនល្មើសអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕

 

 

By Ana

You missed