ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចប់សវនាការសួរដេញលើអង្គហេតុ ដែលឈ្មួញដីម្នាក់ចាប់មនុស្សដុតទាំងរស់ កាលពីដើមឆ្នាំ២០១៩ ក្នុងវិវាទដីធ្លី នៅក្នុងខេត្ត។
សវនាការជំនុំជម្រះក្តីនេះ គឺលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។
លោកចៅក្រម ឆែ វិវឌ្ឍនៈ ប្រធានក្រុមប្រឹក្សា ចាប់ផ្តើមដំណើរការសវនាការ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃ ទើបសម្រេចបិទការសួរដេញដោល អំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ លី ស្រេង អាយុ៥០ឆ្នាំ ដោយចាក់សាំងដុតជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន់ អាយុ៣៨ឆ្នាំ ដែលជាអ្នកគ្រឿងចក្រឈូសឆាយដី។
លោកប្រធានក្រុមប្រឹក្សា ដែលមានលោកចៅក្រម កើត សាំង និងលោកចៅក្រម សុខ លី ជាសមាជិក ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ បានសួរជនរងគ្រោះឲ្យរៀបរាប់ឡើងវិញ អំពីសកម្មភាពចាក់សាំងដុតលោកឲ្យឆេះស្ទើរស្លាប់ នៅចំពោះមុខសមត្ថកិច្ចអនុវត្តដីការរបស់តុលាការ។
លោកប្រធានក្រុមប្រឹក្សាសម្រេចកំណត់ប្រកាសសាលក្រមនៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ។
បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
ជនត្រូវចោទ លី ស្រេង មិនបានចូលខ្លួនក្នុងសវនាការនេះទេ ដោយមានតែមេធាវីតំណាងពីររូបប៉ុណ្ណោះ។
ដោយសារអំពើយុត្តិធមឥនេះ បុរសម្នាក់រងគ្រោះរបួសខ្លួនមួយជួយជីវិត ក្នុងអំពើចាប់ដុតទាំងរស់ខាងលើនេះ កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានប្តឹងប្រធានស្ថាប័នតុលាការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំបើកការសើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់ទាំងនេះ ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។
សូមរំឭកថា ក្នុងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ, លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយបានជម្រាបប្រាប់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីជាន់ខ្ពស់ដូចខាងលើនេះ មានចេតនាបិទបាំងការពារឧក្រិដ្ឋជនម្នាក់ ឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរួចផុតពីគុក ករណីចាប់មនុស្សដុតទាំងរស់។
លោក ស៊ុយ ប៊ុនថាន បានរំឭកប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងពាក្យបណ្តឹងនេះថា «នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហារឃោរឃៅ និងព្រៃផ្សៃបំផុត ដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្មោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនឧក្រិដ្ឋជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយ គឺបានបិទបាំងសំណុំរឿងឧក្រិដ្ឋជនជាក់ស្តែងនេះចោទតែម្តង»។
ជនងរងគ្រោះបានជម្រាបជូនលោក ឱម យនិទៀត ទៀតថា ក្រោយមកខ្លួនបានដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ដែលបានផ្តើមចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុន្តែបានដោះលែងឲ្យមានសេរីភាពទៅវិញ ដែលរហូតមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនមកផ្ទន្ទាទោសតាមច្បាប់នៅឡើយទេ។
លោក ស៊ុយ ប៊ុនថាន បានរំឭកទៀតថា «ភាពមិនប្រក្រតីជាប្រព័ន្ធរបស់លោកទាំង០៤នាក់ខាងលើ គឺបង្ហាញឲ្យឃើញថា មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹបសំណុំរឿងឧក្រិដ្ឋចោល មានចេតនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងះអូសបន្លាយទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិត០២ឆ្នាំ»។
លោកបានសំណួមពរដល់លោក ឱម យនិទៀង នៅក្នុងលិខិតនេះថា «អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី មេត្តាពិនិត្យចុះស៊ើបអង្កេតលើជនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើ ដោយក្តីអនុគ្រោះ»។
ក្រោយចប់សវនាការ លោក ស៊ុយ ប៊ុនថាន ដែលមានស្លាកស្នាមរលាកស្ទើរពេញខ្លួន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកហាក់ដូចជាមិនទុកចិត្តចំពោះយុត្តិនៅថ្ងៃប្រកាសខាងមុខនេះឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនឹងបន្តប្តឹងទាមទាររកយុត្តិធម៌រហូតជនល្មើសជាប់គុក។
លោកបានបញ្ជាក់ថា “ឧក្រិដ្ឋជន លី ស្រេង ត្រូវតែជាប់គុក ទោះជាមិននៅតុលាការនេះក៏ដោយ តែនៅតុលាការកំពូល។ ស្លាប់មិនសាលក្រមស្ថាពរ ទើបរួចខ្លួន ខ្ញុំនឹងប្តឹងរហូតអស់ជីវិតរៀងខ្លួន។ សម្លាកលើខ្លួនខ្ញុំ គឺជាភស្តុតាង”។
លោក កៅ ភូ មេធាវីការពារជនរងគ្រោះ បានមានប្រសាសន៍ប្រាប់ Daily Khmer នៅថ្ងៃី២៦ ខែតុលា ឆ្នាំ២០២១ ទោះបីកូនក្តីរបស់លោកជាជនក្រីក្រក៏ដោយ តុលាការនឹងមិនលើកលែងទោសដល់ជនល្មើសឈ្មោះ លី ស្រេង ឡើយ ព្រោះនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូច្នេះជនល្មើសអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕