ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡេង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ និងគ្មានអាការៈធ្ងន់ធ្ងរទេ»។

អ្នកជំងឺឫឈ្មោះ កន ស្រីនាង បានស្លាប់នៅថ្ងៃបន្ទាប់ ក្នុងជន្មាយុ៣៧ឆ្នាំ បន្ទាប់បែកពពុះមាត់ និងសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរពេទ្យឯកជនខាងលើនេះ ដែលស្ថិតនៅផ្ទះលេខ៨០ មហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនបីនាក់តូចៗ  កំព្រាម្តាយ។

ក្រុមគ្រួសារសពអ្នកស្រី កន ស្រីនាង បានប្តឹងចោទប្រកាន់ និងទារសំណងជំងឺចិត្តពីម្ចាស់ពហុព្យាបាល វិសាលសុខ និងក្រុមគ្រូពេទ្យបម្រើការទីនោះ ដោយដាក់កំហុសថា មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងមិនទទួលខុសត្រូវចំពោះអាយុជីវិតមនុស្ស។

ផ្អែកតាមឯកសារជាច្រើនបានឲ្យ Daily-Khmer ដឹងថា រហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំកន្លះហើយ ដែលក្រុមគ្រួសារសពមិនទាន់ទទួលបានដំណោះស្រាយណាមួយពីម្ចាស់ក្លីនិកនេះនៅឡើយទេ ហើយពួកគេនៅតែប្តឹងទាមទាររកយុត្តិធម៌ ដោយចោទប្រកាន់ថា គ្លីនិកបង្ខំទុកអ្នកជំងឺឲ្យបានយូរ ដើម្បីយកថ្លៃព្យាបាលច្រើន។

ក្នុងពាក្យបណ្តឹងចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡេង ដែលជាស្វាមីសព បានរៀបរាប់ថា ពេលអ្នកជំងឺឈ្មោះ កន ស្រីនាង ចូលដល់គ្លីនិកវិសាលសុខភ្លាម ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកជំងឺចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយរយៈពេលប្រមាណបីម៉ោងក្រោយមក គឺនៅម៉ោង១២យប់ ទើបបញ្ជូនមកកាន់បន្ទប់សម្រាក ដោយមានចាក់ថ្នាំ ដាក់សេរ៉ូម និងឲ្យលេបថ្នាំងងុយដេក។ ក្នុងរយៈពេលបីម៉ោងក្រោយមកទៀត គឺនៅវេលាម៉ោង៣ទៀបភ្លឺ ឈាលចូលថ្ងៃទី២២ ខែឧសភា អ្នកស្រី កន ស្រីនាង ត្រូវបានបញ្ជូលចូលទៅបន្ទប់សង្គ្រោះបន្ទាន់វិញ ហើយក្រុមគ្រូពេទ្យនៅតែអះអាងប្រាប់លោកថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ និងគ្មានអាការរៈធ្ងន់ធ្ងរទេ»។

ពាក្យបណ្តឹងដដែលនេះ បានបន្តទៀតថា នៅវេលាម៉ោង៩ព្រឹក អ្នកជំងឺបានបែកពពុះមាត់ និងសន្លប់បាត់ស្មារតី ដូច្នេះ ក្រុមគ្រូពេទ្យនៅពហុព្យាបាលវិសាលសុខ បានស្លន់ស្លោរបញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

លោក ថូ ប៊ុនឡេង បានរៀបរាប់អំពីពេលវេលានៅតាមផ្លូវជាមួយភរិយាក្នុងរថយន្តសង្គ្រោះបន្ទាន់ថា «ពេលដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យកាល់ម៉ែត នៅលើរថយន្តសង្គ្រោះ ខ្ញុំបានសួរគ្រូពេទ្យប្រចាំការម្តងទៀត។ គ្រូពេទ្យនៅតែអះអាងថា អ្នកជំងឺមិនអីទេ មិនមានបញ្ហាអ្វីទេ។ ការបន្តអះអាងបែបនេះ ធ្វើឲ្យខ្ញុំនៅតែជឿទុកចិត្តលើគ្រូពេទ្យទាំងស្រុងដដែល។ ពេលមកដល់ពេទ្យកាល់ម៉ែត ក្រោយគ្រូពេទ្យនៅពេទ្យកាល់ម៉ែត្របានបើកភ្នែកប្រពន្ធខ្ញុំពិនិត្យ ហើយបានប្រាប់ថា សោកស្តាយណាស់ អ្នកជំងឺបញ្ជូនមកយឺតពេលហើយ។

«នេះសបញ្ជាក់ថា គ្រូពេទ្យ និងមន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ដែលទទួលព្យាបាលប្រពន្ធខ្ញុំ បានធ្វេសប្រហែសក្នុងការព្យាបាល មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងលាក់បាំងនូវអាការៈជំងឺ ព្រមទាំងមិនបានផ្តល់ព័ត៌មានពិតប្រាកដ និងទាន់ពេលវេលាពីស្ថានភាពអ្នកជំងឺ ធ្វើឲ្យយឺតយ៉ាវក្នុងការជួយសង្គ្រោះ បណ្តាលឲ្យប្រពន្ធខ្ញុំស្លាប់»។

លោកបានបញ្ជាក់ប្រាប់លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ នៅក្នុងបណ្តឹងនេះថា «សកម្មភាព និងអំពើនេះ បង្ហាញឲ្យឃើញថា ខាងមន្ទីរ ពហុព្យាបាល និងសម្ភពវិសាលសុខ មានចេតនាទុច្ចរិតក្នុងការលាក់បាំងស្ថានភាពជំងឺជាក់ស្តែង មិនបានជូនដំណឹងអំពីអាការៈជំងឺឲ្យបានទាន់ពេលវេលា មិនមានវិធីសាស្រ្តក្នុងការព្យាបាល បណ្តែតបណ្តោយឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ មិនបានបញ្ជូនអ្នកជំងឺទាន់ពេលវេលា ដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំនាញខ្ពស់ និងមានឧបរកករណ៍វេជ្ជសាស្រ្តគ្រប់គ្រាន់ និងមិនគោរពតាមក្រមសីលធម៌គ្រូពេទ្យ គិតតែផលប្រយោជន៍ជាងការព្យាបាលជំងឺ បណ្តាលឲ្យអ្នកជំងឺធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន ទើបខាងមន្ទីរពទ្យសម្រេចបញ្ជូនចេញ ដើម្បីគេចវេសពីការទទួលខុសត្រូវទៅវិញ»។

លោក ថូ ប៊ុនឡេង បានសំណូមពរទៅប្រធាននគរបាលព្រហ្មទណ្ឌថា «ផ្តន្ទាទោសប្រធានមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ និងគ្រូពេទ្យ ដែលទទួលបន្ទុកពិនិត្យព្យាបាលប្រពន្ធខ្ញុំតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយសែនដុល្លារ»។

បន្ទាប់ពីទទួលបណ្តឹងហើយ ការិយាល័យព្រហ្មទណ្ទកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការអនុញ្ញាតពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ដោយហៅប្រធានមន្ទីរពហុព្យាបាលវិសាលសុខ និងគ្រូពេទ្យទទួលបន្ទុកពិនិត្យ និងព្យាបាល មកសួរយកចម្លើយ។

លោកវេជ្ជបណ្ឌិត ជា សំអាន អាយុ៦៣ឆ្នាំ ជាម្ចាស់មន្ទីរពហុព្យាបាលវិសាលសុខ បានឆ្លើយបំភ្លឺចំពោះមុខមន្ត្រីនគរបាល ព្រះរាជអាជ្ញា និងគ្រូពេទ្យកោសលវិច័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា ក្នុងឋានៈលោកជាប្រធានក្លីនិក លោកគឺជាអ្នកគ្រប់គ្រងរួម ប៉ុន្តែចំពោះការទទួលខុសត្រូវ គឺជាបន្ទុករបស់គ្រូពេទ្យទទួលពិនិត្យ និងព្យាបាល ហើយលោកមិនមានសិទ្ធិបញ្ជាទៅផ្នែកបច្ចេកទេសនីមួយៗបានទេ ជាពិសេសក្លីនិករបស់លោកមិនមានសមត្ថភាពព្យាបាលជំងឺបេះដូងឡើយ។

លោកបានឆ្លើយបញ្ជាក់នៅក្នុងកំណត់ហេតុថា «សម្រាប់គ្រប់អ្នកជំងឺ ដែលមានជំងឺផ្នែកបេះដូង [មន្ទីរពហុព្យាបាលវិសាលសុខ] គឺមិនទទួលព្យាបាលទេ ហើយចាំបាច់ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ លើផ្នែកនៃភាពទទួលខុសត្រូវតាមផ្លូវច្បាប់ បើនីតិវិធីច្បាប់ពិនិត្យឃើញថា ខ្ញុំពាក់ព័ន្ធភាពទទួលខុសត្រូវយ៉ាងណា ខ្ញុំអនុវត្តយ៉ាងនោះ»។

យោងតាមចម្លើយខាងលើនេះ គឺម្ចាស់ក្លីនិកចង់បញ្ជាក់ថា ក្លីនិកបស់លោកមិនមានពេទ្យជំនាញព្យាបាលជំងឺផ្នែកបេះដូងទេ ផ្ទុយពីចម្លើយរបស់គ្រូពេទ្យឯកទេសទទួលពិនិត្យ និងព្យាបាល គឺបានបង្ហាញថា​ មន្ទីរពេទ្យនេះមានទទួលព្យាបាលបេះដូង ដោយមានគ្រូពេទ្យជំនាញប្រចាំការ។

លោក យ៉ុង សោភ័ណ្ណាវិទ្ធ អាយុ៥០ឆ្នាំ វេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់បេះដូង និងដាក់ថ្នាំសណ្តាំវះកាត់បេះដូង សរសៃឈាម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឆ្លើយបំភ្លឺនៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងគ្រូពេទ្យកោសលវិច័យថា «ខ្ញុំបាទសព្វថ្ងៃបម្រើការនៅមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ​ ជាវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់បេះដូង និងដាក់ថ្នាំសណ្តាំ វះកាត់បេះដូង និងសរសៃឈាម… នៅវេលាម៉ោង០៩:០០នាទី ខ្ញុំបាទបានទទួលទូរស័ព្ទពីផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ​ ពីគិលានុបដ្ឋាកម្នាក់ ដែលប្រចាំការទីនោះថា មានអ្នកជំងឺម្នាក់កំពុងមានស្ថានភាពធ្ងន់ធ្ងរ។ ពេលនោះ ខ្ញុំបាទចូលទៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់ភ្លាម។ ពេលខ្ញុំទៅដល់សង្កេតឃើញអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងនធ្ងរ ដោយអ្នកជំងឹបាត់ស្មារតី បាត់ចង្វាក់ដកដង្ហើម (ម្តងដកម្តងអត់) គ្មានចង្វាក់បេះដូង ជីបចរចាប់យកមិនបាន អុកស៊ីហ្សែនក៏ចាប់យកមិនបាន។ ខ្ញុំបាទ និងគ្រូពេទ្យជំនួយពីរនាក់ទៀត បានធ្វើការសង្គ្រោះអ្នកជំងឺនៅនឹងកន្លែង ដោយសប់ខ្យល់ ធ្វើចលនាបេះដូង ចាក់ថ្នាំជំនួយបេះដូង (ថ្នាំ Adrenalin) ដាក់ទុយោផ្លូវដង្ហើម ដើម្បីសង្គ្រោះដង្ហើម។ ក្នុងរយៈពេល២០នាទីនៃការសង្គ្រោះបន្ទាន់ អ្នកជំងឺចាប់ផ្តើមមានចង្វាក់បេះដូងឡើងវិញ ប៉ុន្តែមិនមានស្មារតី និងការដកដង្ហើមតាមការសប់ខ្យល់អុកស៊ីហ្សែន»។

លោកវេជ្ជបណ្ឌិត យ៉ុង សោភ័ណ្ណារិទ្ធ បានឆ្លើយដោះសារថា​ អ្នកជំងឺចាប់ផ្តើមមានអាការៈធ្ងន់ធ្ងរនៅក្រោយម៉ោងផ្លាស់ប្តូរវេនទទួលព្យាបាលបន្តពីលោក​ នៅវេលាម៉ោង៧ព្រឹក ទៅលោកគ្រូពេទ្យម្នាក់ទៀត ឈ្មោះ អ៊ុក ផល្លា។

ចំណែកលោកវេជ្ជបណ្ឌិត អ៊ុក ផល្លា អាយុ៥៣ឆ្នាំ ឯកទេសខាងសង្គ្រោះបន្ទាន់ប្រចាំពហុព្យាបាលវិសាលសុខ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឆ្លើយបំភ្លឺនៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងគ្រូពេទ្យកោសលវិច័យថា នាព្រឹកព្រលឹម ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គឺជាវេលាផ្លាស់ប្តូរវេនព្យាបាលអ្នកជំងឺឈ្មោះ កន ស្រីនាង ឲ្យទៅលោកវេជ្ជបណ្ឌិត យ៉ុង​ សោភ័ណ្ណារិទ្ធ ជាអ្នកទទួលព្យាបាលបន្ត ហើយអ្នកជំងឺក៏ស្លាប់នៅប៉ុន្មានម៉ោងក្រោយមក គឺនៅវេលាម៉ោង៩ព្រឹក។

លោកបានប្រាប់ក្រុមស៊ើបអង្កេតថា «នៅវេលាម៉ោង៦:៣០នាទី ខ្ញុំក៏បានទទួលលទ្ធផល បានឲ្យដឹងថា [អ្នកជំងឺ] មានបញ្ហាបេះដូង តម្រងនោមចុះខ្យោយ។ នៅពេលនោះ ខ្ញុំបាទក៏ដល់ម៉ោងដែលត្រូវផ្លាស់ប្តូរវេនជាមួយលោកគ្រូ យ៉ុង សោភ័ណ្ណារិទ្ធ ហើយលោកគ្រូ យ៉ុង សោភ័ណ្ណារិទ្ធ ក៏បានទទួលការងារព្យាបាលបន្តពីខ្ញុំបាទ»។

ចម្លើយរបស់គ្រូពេទ្យទទួលព្យាបាលអ្នកជំងឺឈ្មោះ កន ស្រីនាង ទាំងពីរនាក់ខាងលើនេះ បានបង្ហាញឲ្យឃើញថា អ្នកទាំងពីរកំពុងព្យាយាមទម្លាក់ការទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកជំងឺឲ្យគ្នាទៅវិញទៅមក ខណៈម្ចាស់ក្លីនិកបដិសេធថា លោកមិនមានសិទ្ធិបញ្ជាលើផ្នែកបច្ចេកទេសឡើយ។

យោងតាមរបាយការណ៍កោសលវិច័យ ដែលវាយតម្លៃលើឯកសារព្យាបាលជំងឺដកហូតបានពីពហុព្យាបាលវិសាលសុខ បានឲ្យបញ្ជាក់ថា អ្នកជំងឺស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង។

ក្រោយពីបានសួរយកចម្លើយរួចហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានផ្ញើកំណត់ហេតុ អមដោយរបាយការណ៍សំយោគ ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំបើកការស៊ើបអង្កេតពីបទមនុស្សឃាដដោយអចេតនា មកលើពីម្ចាស់ពហុព្យាបាលវិសាលសុខ និងគ្រូពេទ្យទទួលព្យាបាល ដែលធ្វើឲ្យអ្នកជំងឺឈ្មោះ កន ស្រីនាង ស្លាប់ទាំងវ័យក្មេង។

ក្នុងរបាយការណ៍សំយោគ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា លោក ជា សំអាន ម្ចាស់ក្លីនិក គឺបានដឹងអ្នកជំងឺពិតជាមានបញ្ហាជំងឺបេះដូង ប៉ុន្តែលោកនៅតែឲ្យរក្សាទុកអ្នកជំងឺនៅក្នុងក្លីនិករបស់ខ្លួនរហូត «សាច់បេះដូងស្លោក» ទើបបញ្ជាឲ្យដឹកអ្នកជំងឺចេញទៅកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដែលពេលទៅដល់ទីនោះ ទើបក្រុមគ្រួសារដឹងថា មនុស្សជាទីស្រលាញ់របស់ខ្លួនស្លាប់រួចទៅហើយ។

សេចក្តីសន្និដ្ឋានរបស់របាយការណ៍សំយោគជូនលោក កែវ សុធា អតីតព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៉ាល់ សុធី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ទ បានលើកឡើងថា «ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេត ចម្លើយបំភ្លឺដើមបណ្តឹង និងចុងចម្លើយឈ្មោះ ជា សំអាន ឈ្មោះ អ៊ុក ផល្លា ឈ្មោះ យ៉ុង សោភ័ណ្ណារិទ្ធ សន្និដ្នានបានថា៖ ឈ្មោះ ជា សំអាន ប្រធានពហុព្យាបាល សម្ភពវិសាលសុខ ឈ្មោះ អ៊ុក ផល្លា ឈ្មោះ យ៉ុង សោភ័ណ្ណារិទ្ធ  ដែលជាគ្រូពេទ្យទទួលបន្ទុកព្យាបាល មានតម្រុយប្រព្រឹត្តបទល្មើស មនុស្សឃាតដោយអចេតនា»។

បន្ទាប់មក នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នា២០២០ លោក ថូ ប៊ុនឡេង បានដាក់ពាក្យស្នើសុំទៅលោក កែវ សុធា អតីតព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ផ្តល់ឯកសារអំពីការស្រាវជ្រាវ និងពិនិត្យសាកសព ព្រមទាំងឯកសារពិនិត្យអ្នកជំងឺ ដែលដកហូតបានពីពហុព្យាបាលវិសាលសុខ។

លោក ថូ ប៊ុនឡុង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានដាក់បណ្តឹងចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ដល់ខ្លួន ដោយទាមទារឲ្យចាត់វិធានការផ្លូវច្បាប់ឲ្យតឹងរឹងបំផុត និងសុំឲ្យផ្អាកដំណើរការមន្ទីរនេះជាបណ្តោះអាសន្ន ដើម្បីស្វែងតម្លាភាពក្នុងវិស័យសុខាភិបាល ដែលអាចឆ្លើយតបនឹងយន្តការក្នុងការធានាដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវិឌ្ឍិ និងមានសប្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវគិតតែផលប្រយោជន៍ពេក ហើយប្រមាថដល់ជីវិតមនុស្ស។

ក្រោយមកទៀត នៅថ្ងៃទី១០ ខៃមីនា ឆ្នាំ២០២១ លោក ថូ ប៊ុនឡេង ដែលជាស្វាមីសពឈ្មោះ កន ស្រីនាង បានដាក់ពាក្យស្នើសុំទៅ អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបង្គាប់ទៅគណៈពេទ្យជាតិត្រួតពិនិត្យមើលពហុព្យាបាល និងសម្ភពវិសាលសុខ ករណីភរិយារបស់លោកស្លាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០  ដើម្បីចាតិវិធានការដាក់ទណ្ឌកម្ម និងដំណើរការគ្លីនិកវិសាលសុខ ជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសកុំឲ្យមានអ្នកជំងឺស្លាប់នៅទីនោះថែមទៀត។

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ថូ ប៊ុនឡេង បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជាធានីភ្នំពេញ  និងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដោយជម្រាបជូនពីកម្មវត្ថុប្តឹងមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ អំពីករណីគ្រូពេទ្យមិនគោរពក្រមសីលធម៌គ្រូពេទ្យ ទើបធ្វើឲ្យភរិយាលោកស្លាប់។

យោងតាមខ្លឹមសារនៃពាក្យបណ្តឹងទាំងពីរនេះ ដែលបណ្តឹងនីមួយៗមានចំនួនប្រាំមួយទំព័រ និងមានខ្លឹមសារដូចគ្នា បានលើកឡើងពីកំហុសរបស់គ្រូពេទ្យ ដែលរំលោភក្រមសីលធម៌គ្រូពេទ្យ រាប់ទាំងពីភក្តីភាពចំពោះវិជ្ជាជីវៈ គោរពជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ និងធ្វើឲ្យគ្រួសារ សាច់ះញាតិរបស់អ្នកស្លាប់ទៅហើយ រឹងរឹតតែឈឺចាប់ថែមទៀត ចំពោះការព្រងើយកន្តើយរបស់ប្រធានមន្ទីរ ហើយមិនចេញមុខទទួលខុសត្រូវចំពោះកំហុសក្នុងវិជ្ជាជីវៈរបស់ខ្លួន។

លោក ថូ ប៊ុនឡុង បានរៀបរាប់ប្រាប់លោក ធា គ្រុយ អំពីសេចក្តីឈឺចាប់របស់គ្រួសារលោកថា «ឯកឧត្តមសាស្ត្រាចារ្យ ជាទីគោរព។ ពិតជាឈឺចាប់ចំពោះការបាត់បង់គ្រួសារ សាច់ញាតិ មនុស្សជាទីស្រលាញ់ ប៉ុន្តែរឹតតែខ្លោចផ្សារថែមទៀតនោះ ចំពោះការបាត់បង់មកពីរងភាពអុយុត្តិធម៌ មកពីការធ្វេសប្រហែសមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ដែលក្នុងមានជាប្រជាជនដេលផ្លល់តម្លៃ និងគោរពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលបានផ្តល់ក្តីសង្ឃឹម ទំនុកចិត្ត និងជីវិត។  ទៀតសោត ទង្វើ និងសកម្មភាពរបស់មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ អាចបណ្តាលឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គ្រូពេទ្យដទៃ ដែលប្រកាន់យកក្រមសីលធម៌ពេទ្យ និងសេចក្តីថ្លៃថ្នូររបស់ពេទ្យបានត្រឹមត្រូវ ទើបខ្ញុំបាទដាក់ពាក្យបណ្តឹងមកគណៈគ្រូពេទ្យជាតិតាមនីតិវិធីច្បាប់»។

លោកបានសំណួមពរថា «សូមឯកឧត្តមសាស្ត្រាចារ្យ មេត្តាធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរាល់សកម្មភាពនៃវិជ្ជាជីវៈ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ នៅក្នុងមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ… មានករណីស្លាប់ជាបន្តបន្ទាប់តាំងពីបើកមន្ទីរពហុព្យាបាល រហូតមកដល់ករណីរបស់ប្រពន្ធខ្ញុំបាទផ្ទាល់ ដើម្បីចាត់វិធានការដាក់ទណ្ទកម្មយ៉ាងតឹងរឹងបំផុត និងសូមមេត្តាផ្អាកដំណើរការមន្ទីរពេទ្យនេះជាបណ្តោះអាសន្ន ដើម្បីកុំឲ្យមានបញ្ហាដូចដែលបានរៀបរាប់ខាងលើកើតឡើងទៀត ក៏ដូចគ្នាផងដែរ ក្នុងគោលដៅដើម្បីជួយស្វែងរកតម្លាភាពក្នុងវិស័យសុខាភិបាល ក្នុងគោលដៅឆ្លើយតបនឹងយន្តការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន»។

លោកស្រី ឱ វណ្ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​​ មិនអាចសុំការបកស្រាយអំពីចំណាត់ការរបស់ក្រសួង និងគណៈគ្រូពេទ្យ តបនឹងបណ្តឹងខាងលើនេះឡើយ។ ចំណែកលោក ជា សំអាន ប្រធានគ្លីនិក វិសាលសុខ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ចំពោះករណីអ្នកជំងឺស្លាប់នៅពេលព្យាបាលក្នុងគ្លីនិកវិសាលសុខ កន្លងមកតែងតែមានសេចក្តីរាយការណ៍លើបណ្តាញព័ត៌មានជាហូរហែ អំពីការប្តឹងផ្តល់សំណាក់សាច់ញាតិអ្នកស្លាប់ ដោយទាមទារឲ្យប្រធានមន្ទីរពេទ្យចេញមុខទទួលខុសត្រូវ ហើយក៏មិនមានសេចក្តីរាយការណ៍ច្បាស់លាស់អំពីការទទួលខុសត្រូវដែរ ចំណែកដំណើររឿងប្តឹងទាមទារក៏ស្ងាត់បាត់ដំណឹងទៅវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន កោះសិន្តិភាព បានឲ្យដឹងថា កាលពីវេលាព្រឹកព្រលឹម ថ្ងៃទីទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមគ្រួសារ​អ្នកជំងឺ​ និងក្រុមគ្រូពេទ្យ​ប្រចាំគ្លីនិកវិសាលសុខ ​បានផ្ទុះវិវាទ ​ក្រោយបុរសវ័យ​កណ្តាលម្នាក់​បានស្លាប់​ដោយ​​គំាងបេះដូង ​នៅ​ប៉ុន្មានម៉ោង​ក្រោយពេលចូលព្យាបាល ដែលការស្លាប់នេះ​​ ត្រូវសាច់ញាតិអ្នកស្លាបចោទប្រកាន់​ក្រុមគ្រូពេទ្យ​ប្រើថ្នំាខុស​។

សេចក្តីរាយការណ៍នេះ បានបន្តថា​ បុរសដែលស្លាប់​ក្នុងគ្លីនិកវិសាលសុខ ​មានឈ្មោះ​ ឈុន សាវលី ​អាយុ៥០ឆ្នាំ​ មានទីលំនៅផ្ទះលេខ៦Z ​ផ្លូវលេខ៦៩១​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទិន្នន័យអំពីចំនួនអ្នកជំងឺស្លាប់នៅតាមមន្ទីរពេទ្យឯកជន ជាពិសេសនៅគ្លីនិក វិសាលសុខ មិនមានការកត់ត្រាច្បាស់លាស់ទេ។ មន្ត្រីសុខាភិបាល នៅក្នុងរាជធានីភ្នំពេញជាច្រើនរូបបានប្រាប់ Daily-Khmer និងទទួលស្គាល់ថា របាយការណ៍អំពីអ្នកជំងឺស្លាប់នៅក្នុងគ្លីនិក វិសាលសុខ តែងតែមានការលាក់បាំង ព្រោះគេខ្លាចខូចឈ្មោះដល់ស្ថាប័នឯកជនមួយនេះ។

អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមួយរូប ដែលធ្លាប់ដឹងរឿងប្តឹងផ្តល់ខាងលើនេះ បានប្រាប់ Daily-Khmer ជាច្រើនដង នៅក្នុងពេលថ្មីកន្លងមកនេះ ដោយទទួលស្គាល់ថា អត្រាអ្នកជំងឺស្លាប់ក្នុងពេលទទួលសេវាព្យាបាលនៅគ្លីនិក វិសាលសុខ ក៏លោកមិនដែលទទួលបានដែរ។

លោកបានមានប្រសាសន៍ថា «គ្លីនិកឯកជន៩៩ភាគរយ មិនចង់ឲ្យអ្នកជំងឺស្លាប់នៅពេទ្យគេទេ។ ឲ្យតែធ្ងន់ធ្ងរ​ គឺរុញចេញ ដើម្បីយករួចខ្លួនហើយ»។

នៅពេលសួរថា​ តើចំនួនអ្នកស្លាប់នៅពេទ្យវិសាលសុខ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាចដឹងដោយរបៀបណា? មន្ត្រីជាន់ខ្ពស់រូបនេះបានឆ្លើយថា «រកតួលេខអ្នកស្លាប់តាមគ្លីនិកឯកជន គឺរកមិនបានទេ ព្រោះប៉ះពាល់ពេទ្យរបស់គេ… ជាគោលការណ៍ ត្រូវឡើងរបាយការណ៍ម្តងអំពីការព្យាបាលរបស់ពេទ្យឯកជន តែមិនមានបញ្ជាក់ឲ្យច្បាស់អំពីអ្នកស្លាប់ទេ គឺគេមិនដាក់ទេ»៕

 

By Ana

You missed