ក្នុងឱកាសបុណ្យភ្ជុំបិណ្យ នាព្រឹកថ្ងៃទី១៥រោច ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ តុលា ឆ្នាំ២០២១ នៅ មណ្ឌលអភិរក្សព្រៃគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ព្រមទាំងក្រុមការងារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី បានប្រគេនទយ្យវត្ថុមានដូចជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម គឺវត្តសុទស្សនារាម ហៅវត្តជ្រោយថ្ម វត្តជោតនារាម ហៅវត្តបឹងកុក និងវត្តបទុមរតនៈ ហៅវត្តដីដុះ និងវត្តបឹងស្នាយ ប្រកបដោយទឹកចិត្តសុទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនា។
ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំង ក្រុមការងារបានអញ្ជើញអុជធូប បួងសួងសុំឲ្យវត្ថុសក្តិសិទ្ឋិ សូមប្រោះព្រំ សេរីសួរស្តី និងសូមសម្បូងសម្រូងដល់ទសបរមី ទេវតាថែរក្សាស្វេដឆ័ត្រចូលមកប្រោះព្រហ្ម សេចក្តីសុខ សេរីសួរស្តីបវរមហាប្រសើរដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ មុន្នីនាថសីហនុ សូមព្រះអង្គទាំងទ្វេរមានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅតួតរបស់ព្រះអង្គ និងសូមប្រសិទ្ឋិពរជ័យបវរមហាប្រសើរដល់សម្តេចប្រធានព្រឹទ្ឋសភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតប្រធានកកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរីសួរស្តី ជ័យមង្គល និងប្រកបដោយពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ។ ជាមួយគ្នានោះ, ព្រះសង្ឃក៏បានធ្វើពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការទាំង៧សន្តាន ក្នុងនោះមានឧបាសក ង៉ុយ យឹម, ឧបាសិកា ដួង ថាន់ និងឧបាសិកា យូ ឃួន ព្រមទាំងវិញ្ញាណក្ខន្ឋសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ និងវិញ្ញាណក្ខន្ឋយុទ្ឋជន យុទ្ឋនារីស្នេហាទាំងអស់ រួមនឹងអ្នកដែលបានស្លាប់ដោយសារជម្ងឺកូវីដ១៩ទាំងអស់ សូមបានភពប្រសព្វតែនឹងឋាន្តបរមសុខកុំបីឃ្លាតឃា្លឡើយ និងងាកក្រោយឲ្យពរឲ្យជ័យ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាត្តិមិត្តជិត ឆ្ងាយ និងក្រុមការងារទាំងអស់ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
- ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរដែនដី ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួន។