ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។

ក្នុងឳកាសនេះ លោក អ៊ុន ចាន់ដា លោកបានថ្លែងសារទៅកាន់ប្រជាជននៅក្នុងខេត្តកំពង់ចាមថា «ខ្ញុំបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចហើយ គឺមិនការឈឺចាប់អ្វីទេ ដូច្នេះសូមបងប្អូនប្រជាជនយើងរួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនដល់កម្ពុជា, ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនេះ ចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស។

សូមបញ្ជាក់ថា មន្ទីរពេទ្យចំនួន៤ នៅរាជធានីភ្នំពេញ ត្រូវបានកំណត់យកជាកន្លែង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរពេទ្យកុមារជាតិ គឺសម្រាប់អ្នកសារព័ត៌មាន៕

 

 

 

By Ana

You missed