ភ្នំពេញ ៖ ក្រុមថតរឿង ទុំទាវ២០២១ គឺមានកិច្ចសន្យា ចំនួន៨ចំណុច ដែលត្រូវគោរព បន្ទាប់ពីទៅជួបក្រសួងវប្បធម៌ កាលពីព្រឹក ថ្ងៃទី១០ ខែកុមម្ភៈ ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្យានោះ បានបង្ហាញថា៖ សូមប្រកាសជាឱឡារឹកនៅចំពោះមុខក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រ សិល្បៈថា៖
បន្ទាប់ពីបានស្តាប់ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកបង្ហាញពី ផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ ដែលកើតចេញពីសកម្មភាព ឥរិយាបថ និង ពាក្យសម្តី ក្នុងឈុត (Clip) វីដេអូ រឿង “ទុំទាវ ឆ្នាំ ២០២១” ដែលនាងខ្ញុំ ជាអ្នកផ្តើមគំនិត ដឹកនាំរឿង និងក្រុមសម្តែង ក្នុងឈុត (Clip) វីដេអូរួចមក នាងខ្ញុំ និងក្រុមការងារសូមសារភាព និងទទួលស្គាល់ថា នាងខ្ញុំ និងក្រុមការងារពិតជា បានប្រើប្រាស់ឥរិយាបថ និងពាក្យសំដីបង្កឱ្យមានព្យសនកម្មចំពោះវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ ពិតប្រាកដមែន។ អាស្រ័យហេតុនេះ អំណះចាប់ពីពេលនេះតទៅ នាងខ្ញុំ និងក្រុមការងារសូមសន្យាដូចខាងក្រោម៖
១. មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមាន ផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។
២. មិនបង្ហាញភាពស៊ីចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម។
៣. ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំ មាន ដើម្បីចូលរួម លើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។
៤. យល់ព្រមប្រគល់ Page account ឈ្មោះ Hokima និងAccount TikTok ឈ្មោះ Ah Gi Leader261 ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ខ្ញុំ ឱ្យក្រុមការងាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បី គ្រប់គ្រង និងលុបចោលទាំងស្រុង។
៥. សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះ Hokima និងAccount TikTok ឈ្មោះ Ah Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។
៦. សន្យានឹងសហការជាមួយម្ចាស់ Page account ឈ្មោះ Hokima ដែលនាងខ្ញុំជួលពីមិត្ត ជូនទៅសមត្ថកិច្ចដើម្បីលុប Page account ឈ្មោះ Hokima ទាំងអស់។
៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន។
៨. ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្ដី ភាពសិចស៊ីបែប អនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គម ជាតិជាបន្តទៀត ខ្ញុំបាទ /នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕