ភ្នំពេញ៖ នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមដំណើរការហើយ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនដល់កម្ពុជា, ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនេះ ចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស។
សូមបញ្ជាក់ថា មន្ទីរពេទ្យចំនួន៤ នៅរាជធានីភ្នំពេញ ត្រូវបានកំណត់យកជាកន្លែង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរពេទ្យកុមារជាតិ គឺសម្រាប់អ្នកសារព័ត៌មាន៕