ចិនះ លោក ជែក ម៉ា (Jack Ma) មានឈ្មោះដើមថា ម៉ោ យុន ដែលមានន័យថា សេះពពក ឬសេះ ដែលមានស្លាបអាចហោះហើរបាន។ លោកបានកើតនៅក្នុងឆ្នាំ១៩៦៤ នៅក្នុងទីក្រុងហាំងចូវ ដែលជាតំបន់ឆ្នេរនាភាគខាងកើតប្រទេសចិន។

ស្ថិតនៅកុមារភាព ជែក ម៉ា គឺជាក្មេងដែលរៀនមិនសូវពូកែនោះទេ ប៉ុន្តែមានចំណាប់អារម្មណ៍ជាពិសេសទៅលើភាសាអង់គ្លេស។

លោកស្ទើរតែមិនអាចរៀនដល់ថ្នាក់មធ្យមផង ដោយសារលោកបរាជ័យក្នុងការប្រឡងថ្នាក់បឋមពីរដង ថ្នាក់មធ្យមបីដង ប្រឡងចូលរៀនថ្នាក់វិទ្យាល័យពីរដង និងសាកលវិទ្យាល័យបីដង។

ប៉ុន្តែចំពោះការស្វិតស្វាញជាមួយភាសាអង់គ្លេសវិញលោកសុខចិត្តជិះកង់ប្រមាណ២៧គីឡូម៉ែត្រ ដើម្បីទៅរៀននិយាយភាសាអង់គ្លេសដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ។ នៅពេលនោះហើយដែលលោកបានផ្លាស់ប្តូរមកជាឈ្មោះ ជែក ម៉ា បែបនេះវិញ ព្រោះមានភ្ញៀវស្រ្តីអង់គ្លេសម្នាក់មានការលំបាកក្នុងការហៅឈ្មោះលោកជាភាសាចិន។

ក្រៅពីបទពិសោធន៍សិក្សាដ៏ជូរចត់ នៅមានបរាជ័យជាច្រើនទៀតដែលលោកបានជួបប្រទះដូចជាត្រូវបានសាកលវិទ្យាល័យហាវើដ (Harvard University) នៅឯសហរដ្ឋអាម៉េរិកបដិសេធពាក្យសុំចូលរៀន១០ដង។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់ត្រូវបានគេបដិសេធ៣០ដងនៅពេលដែលលោកបានដាក់ពាក្យសុំចូលធ្វើការងារ៣០កន្លែង។ អ្វីដែលកាន់តែអាម៉ាស់ទៀតនោះ នៅពេលដែលមានបេក្ខជន២៤នាក់ដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុន KFC គឺមានតែលោកតែម្នាក់គត់ដែលគេមិនជ្រើសយក។

នៅពេលចាប់ផ្តើមចេញរកស៊ីលើកដំបូង គាត់បានបើកអង្គប្រជុំមួយដើម្បីបង្ហាញគម្រោងអាជីវកម្មរបស់គាត់ទៅកាន់មិត្តភក្តិក្នុងគោលបំណងកៀងគរពួកគេឲ្យមកសហការបង្កើតក្រុមប្រមូលធនធានមនុស្ស និងលុយកាក់ធ្វើជាដើមទុនបង្កើតអាជីវកម្មរបស់គេឡើង។

គាត់បានកៀងគរមិត្តភក្តិ ២៤ នាក់ដែលមានអ្នកខ្លះចេះបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) និងអ្នកខ្លះមិនចេះមកជុំគ្នាដើម្បីគេបង្ហាញគម្រោង ប៉ុន្តែក្នុងរយៈពេលជាង២ម៉ោងដែលគេបានប្រជុំគ្នានោះឃើញថា នៅក្នុងចំណោមមិត្តភក្តិ ២៤ នាក់ មានមិត្តភក្តិ២៣ នាក់ បានបដិសេធមិនព្រមសហការជាមួយលោកទេ មានតែមិត្តភក្តិម្នាក់តែប៉ុណ្ណោះ ដែលគាំទ្រគំនិតរបស់គាត់។

បើទោះជាបរាជ័យរាប់ស៊ិបដងក៏ដោយ ប៉ុន្តែលោកមិនដែលបោះបង់ក្តីសុបិន្តរបស់លោកនោះទេ។ មកដល់វ័យ៥៦ឆ្នាំ ជេក ម៉ាធ្លាប់ជាសេដ្ឋីលំដាប់ទី១របស់ចិន ហើយបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណជាង ៦១ពាន់លានដុល្លាអាម៉េរិក មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើននៅលើពិភពលោក។

មហាយក្សចិន VS ជេក ម៉ា សេដ្ឋកិច្ចរបស់ចិនមានសភាពរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសកាលពីឆ្នាំ២០២០នេះបើទោះបីប្រទេសដ៏ទៃរងគ្រោះដោយវិបត្តិកូវីដ១៩ខ្លាំងយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចចិនមានកំណើន១.៩ភាគរយ។ នេះគឺដោយសារចិនមានស៊ី ជិនភីង ដែលពេលនេះគេប្រៀបប្រដូចនឹងមហាអធិរាជរបស់ចិនក្នុងសម័យទំនើប។

ថ្វីត្បិតតែយើងឃើញសេដ្ឋកិច្ចចិនបើកទូលំទូលាយ ជនជាតិចិនមានមុខរបររកស៊ីនៅទូទាំងពិភពលោក ហើយសេដ្ឋីចិនកើនចំនួនជារៀងរាល់ឆ្នាំក៏ដោយ ចំនុចមួយដែលត្រូវចងចាំគឺចិនមិនឲ្យពួកនាយទុនមកមានឥទ្ធិពលទៅលើការងារនយោបាយ និងសង្គមចិននោះទេ ហើយមហាបុរសស៊ី ជិនភីងនោះទៀតសោតគឺជាបុគ្គលដែលមិនអាចប៉ះពាល់បាន។

មុនចូលដល់ករណីជេក ម៉ា ខ្ញុំសុំលើកយកឧទាហរណ៍ខ្លះទាក់ទងពួកនាយទុនដែលប៉ះពាល់រដ្ឋបាលចិន។

• មហាសេដ្ឋីអចលនទ្រព្យ រ៉ិន ជឺឆៀង (Ren Zhiqiang) បានរិះគន់លោកប្រធានាធិបតីស៊ី ជីនភីងពីចំណាត់ការរបស់លោកទាក់ទងនឹងមេរោគកូរ៉ូណា ហើយនៅទីបំផុតលោកត្រូវបានផ្តន្ទាទោសឲ្យជាប់គុក១៨ឆ្នាំ ហើយទ្រព្យសម្បត្តិមួយចំនួនធំត្រូវរិបអូសចូលជាសម្បត្តិបក្សកុម្មុយនីស្តចិន។ បើទោះជាការផ្តន្ទាទោសលោករ៉ិន អំពីរឿងពុករលួយ និងខូចសម្បត្តិរដ្ឋក៏ដោយ ប៉ុន្តែគ្រាន់តែជាលេសមួយដើម្បីកំចាត់លោករ៉ិនតែប៉ុណ្ណោះ ព្រោះលោករ៉ិនគឺជាអ្នករិះគន់បក្សកុម្មុយនីស្តដោយមិនសំចៃមាត់ ហើយលោកមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរូប។

• មហាសេដ្ឋីកសិកម្មស៊ុន ដាវ៉ូ ដែលជាម្ចាស់ក្រុមហ៊ុនកសិកម្មឯកជនដ៏ធំបំផុតរបស់ចិនត្រូវបានឃុំខ្លួន រួមទាំងសមាជិកគ្រួសារជាង២០នាក់ទៀត ហើយក្រុមហ៊ុនរបស់លោកត្រូវបានរដ្ឋរឹបអូស។ លោកត្រូវបានចោទប្រកាន់ពីបទបង្កជំលោះ និងរាំងស្ទះដល់ដំណើរការផលិតកម្ម។ ប៉ុន្តែហេតុផលសំខាន់នោះគឺលោករ៉ិននេះជាអ្នកដែលគាំទ្រឲ្យចិនឆ្ពោះទៅរកនីតិរដ្ឋ និងគោរពសិទ្ធិមនុស្ស ហើយលោកតែងសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនពីការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

• តារាសម្តែងហ្វាន ពីងពីង ដែលជាតារាសម្តែងលំដាប់កំពូលរបស់ចិន និងឈានចូលទៅហូលីវូតថែមទៀត។ ពេលមួយនោះនាងរពឹសមាត់និយាយប៉ះពាល់ទៅដល់រដ្ឋបាល និងបក្សកុម្មុយនីស្តចិន ជាលទ្ធផលនាងត្រូវបានឃុំខ្លួន ហើយត្រូវសងលុយពន្ធទាំងឡាយចូលរដ្ឋរហូតដល់បោសគូទខោ និងរហូតចាំបាច់ចេញមុខសុំទោសរដ្ឋបាលក្រុងប៉េកាំងជាសាធារណៈ និងបង្ហាញពីចេតនាគាំទ្របក្សដោយស្មោះត្រង់ ទើបរួចខ្លួន។

ចូលមកដល់ករណីលោកសេដ្ឋីជេក ម៉ាវិញ ដូចយើងដឹងស្រាប់ហើយអាលីបាបាគឺធំមហាធំ មានក្រុមហ៊ុនជាច្រើនជាបុត្រសម្ព័ន្ធ។ កាលពីចុងឆ្នាំ២០២០ ជេក ម៉ាបានខ្នះខ្នែងនាំយកក្រុមហ៊ុនសាជីវកម្ម Ant Group ចូលទៅក្នុងផ្សារហ៊ុនចិន ដែលមានតម្លៃរាប់ពាន់លានដុល្លា ហើយបើសិនដាក់ចូលបានសម្រេច វិសាលភាពរបស់ក្រុមហ៊ុននៅមានឥទ្ធិពលពាសពេញពិភពលោកលើសការគ្រប់គ្រងរបស់ចិន ដូច្នេះហើយបានចិនរកវិធីរារាំងមិនឲ្យបានសម្រេច។

គួរបញ្ជាក់ផងដែរថាថ្វីត្បិតតែចិនបើទូលាយសេដ្ឋកិច្ចមែន ប៉ុន្តែមិនចង់ឲ្យធំពេកនោះទេព្រោះពិបាកគ្រប់គ្រង។ ចិនតែងតែរកវិធីបំបែកក្រុមហ៊ុនយក្សនានាឲ្យតូចៗដូចជាករណីអាលីបាបា ករណីបៃឌូ(Baidu) ករណី WeChat ជាដើម។

បើទោះបីជាអាលីបាបាត្រូវបានគេចាត់ទុកថាជានិមិត្តរូបរបស់ចិនក្នុងការប្រកួតប្រជែងជាមួយ អាម៉ាហ្សូន និងអ៊ីបេយ៍ ក៏ប៉ុន្តែអាជ្ញាធរចិនមិនគិតដូច្នោះទេ អ្នកឯងធំប៉ុណ្ណាក៏ដោយ ចាំបាច់ត្រូវនៅក្រោមម្លប់របស់បក្ស។

ទំនាក់ទំនងរវាងមហាយក្សចិន និងមហាសេដ្ឋីអាលីបាបាកាន់តែល្អក់កករទៅៗ។ ការលាលែងចេញពីតំណែងប្រធានក្រុមហ៊ុនកាលពីឆ្នាំ២០១៩ ក៏មានលិចឮព័ត៌មានថាមានការជ្រៀតជ្រែករបស់រដ្ឋបាលចិនផងដែរ។

ហើយនៅក្នុងខណៈពេលនេះអាលីបាបាមិនមែនជារបស់ជេក ម៉ាដែលជាជនជាតិចិនតទៅទៀតទេ គឺសុទ្ធតែចំណុចធ្វើឲ្យចិនកាន់តែប្រយ័ត្នប្រយ៉ែងថែមទៀតលើអាលីបាបា។ ភាគហ៊ុនភាគច្រើនរបស់អាលីបាបាពេលនេះគឺសុទ្ធតែជាបរទេសដូចជា Soft Bank របស់ជប៉ុន Yahoo របស់អាម៉េរិក របស់តៃវ៉ាន់ជាដើម។ ចិនគិតថាបើសិនជាបណ្តោយទៀតវាអាចមានបញ្ហាសម្រាប់ចិនជាមិនខាន។

អាជ្ញាធរចិន ធ្លាប់បានព្រមាន និងបើកការស៊ើបអង្កេតលើក្រុមហ៊ុនអាលីបាបាអំពីការបង្ខំឲ្យឈ្មួញរកស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខដែលរារាំងពួកគេពីការផ្គត់ផ្គង់ផលិតផលនៅក្នុងទីផ្សារដែលមានលក្ខណៈប្រកួតប្រជែង។

ប្រហែលដោយសារមានការអាក់អន់ស្រពន់ចិត្តនឹងថ្នាក់ដឹកនាំចិនផងនោះ បានជាលោកជេក ម៉ាទប់ចិត្តមិនបានព្រលះរដ្ឋបាលចិននៅក្នុងសន្និសីទហិរញ្ញវត្ថុ Bund Summit នាទីក្រុងសៀងហៃកាលពីខែធ្នូ ឆ្នាំ២០២០។ ជាពិសេសបានរិះគន់សភាប្រជាជនចិន ដោយលើកឡើងថាច្បាប់ហិរញ្ញវត្ថុ កំពុងទាញភាពភាពជឿនលឿននៃបច្ចេកវិទ្យាឲ្យដើរធ្លាក់ចូលផ្លូវលំបាក។

ចាប់តាំងពីពេលសន្និសីទបានបញ្ចប់មក លោកមហាសេដ្ឋីមិនបានបង្ហាញមុខជាសាធារណៈទៀតទេគឺបាត់ដំណឹងសូន្យឈឹង។

មនុស្សជាច្រើនគេសង្ស័យថាលោកជេក ម៉ាអាចត្រូវថ្នាំរបស់បក្សកុម្មុយនីស្តចិន ហើយនៅរង់ចាំមើលជំហរលោកថាតើលោកព្រមសុំទោសជាសាធារណៈដូចនាងហ្វាន ពីងពីង ឬអាចដល់ជាប់គុក?
លោកជេក ម៉ាគឺជាសមាជិកម្នាក់នៃបក្សកុម្មុយនិស្តចិន ត្រូវបង្ហាញភាពស្មោះត្រង់ជាដាច់ខាតចំពោះរបៀបដឹកនាំរបស់បក្ស ជាពិសេសនោះគឺស្របតាមគោលនយោបាយរបស់លោកមហាបុរសស៊ី ជីនភីង៕

By Ana

You missed