ចិន៖ តារាយូធូបជនជាតិចិនដ៏ល្បីល្បាញ នាង លី ជឺឈី (Li Ziqi) បានបំបែកឯតទគ្គកម្មពិភពលោក ចូលក្នុងកំណត់ហ្គីនណេស បន្ទាប់ពីមានអ្នកគាំទ្រច្រើនបំផុតមកលើឆាណែលយូធូប ភាសាចិនរបស់នាង។

ឆាណែលរបស់នាង មានដល់អតិថិជនរហូត១៤,១០០,០០០នាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស បន្ទាប់ពីមានអ្នកគាំទ្រច្រើនបំផុត លើឆាណែលយូធូបភាសាចិនរបស់នាង។

នាង លី ជឺឈី បានបញ្ចេញវីដេអូយូធូប ជាលើកដំបូងក្នុងឆ្នាំ២០១៧ ដែលមានចំណងជើងថា«ធ្វើរ៉ូបពីសម្បកទំពាំងបាយជូរ» អមដោយវីដេអូខ្លីមួយចំនួន រហូតទាក់ទាញអ្នកគាំទូទាំងពិភពលោក ដែលចូលចិត្តមើលជីវិតរបស់នាងរស់នៅក្នុងជនបទបែបវប្បធម៌ប្រពៃណីចិន។

នាង លី ជឺឈី មានឈ្មោះដើម លី ជៀជៀ (Li Jiajia) គឺជាអ្នកលេងយូធូពដ៏ល្បីល្បាញ របស់ប្រទេសចិន ហើយត្រូវបានគេស្គាល់តាមរយៈការបង្កើតវីដេអូធ្វើម្ហូប និងសិប្បកម្ម​ នៅស្រុកកំណើតរបស់នាង នាជនបទក្នុងខេត្តស៊ីឈួន ដែលប្រើគ្រឿងផ្សំធម្មតា និងប្រើបច្ចេកទេសចិនបុរាណ។ នាង លី ជឺឈី កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩០ នាខេត្តស៊ីឈួន ប្រទេសចិន។

នាងជាក្មេងកំព្រាតាំងពីក្មេង។ នាងបានទៅរស់នៅជ្រកកោនជាមួយជីដូនជីតា បន្ទាប់ពីម្តាយចុងធ្វើបាបនាងពេក។

នាង លី ជឺឈី  មានប្រជាប្រិយបំផុតនៅប្រទេសចិន ដែលទទួលបានការគាំទ្រជាអន្តរជាតិ ចំពោះវីដេអូរបស់នាងបង្ហាញពីជីវភាពរស់នៅតាមបែបប្រពៃណី រហូតធ្វើឲ្យនាងអាចរកប្រាក់ចំណូលបានជាង១៦៨លានយ័ន ឬស្មើនឹង២៤លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

នាងបានចាប់ផ្តើមបង្ហោះវីឌីអូ ក្នុងយូធូប នៅឆ្នាំ២០១៧ ហើយបើគិតត្រឹមថ្ងៃទី២៧ ខែវិច្ឋិការ ឆ្នាំ២០២០ ឆាណែលរបស់នាងទទួលបានសាប់ស្ក្រាយប៊ើជាង១៣,៥ លាននាក់ និងមានអ្នកចូលមើលជាងពីរពាន់លានដង។

នៅឆ្នាំ២០១៦ វីដេអូមួយរបស់នាង ដែលមានចំណងជើងថា ស្រាទំពាងបាយជូរធ្វើពីផ្លៃប៉េស បានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈជនយ៉ាងខ្លាំង រហូតធ្វើឲ្យមានអ្នកតាមដានកាន់តែច្រើនឡើងៗ

ប្រជាប្រិយភាពរបស់នាង លី ជឺឈី ទទួលបានការកោតសរសើរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន ចំពោះការផ្សាយអំពីវប្បធម៌ប្រពៃណី។ កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកលីបាននិយាយថា «ខ្ញុំគ្រាន់តែចង់ឲ្យប្រជាជននៅក្នុងទីក្រុងដឹងថា អាហាររបស់ពួក ដែលហូបរាល់ថ្ងៃបានមកពីណា»។

វីដេអូរបស់នាង ក៏ទទួលបានការគាំទ្រអំពីការធ្វើឲ្យប្រសើរឡើងនូវជីវិតអ្នកជនបទ ក្នុងប្រទេសចិន តាមរយៈវីដេអូភាគច្រើនរបស់នាង ដែលផ្តោតលើចំណីអាហារ និងវត្ថុបុរាណ។

ក្រៅពីវីដេអូការរៀបចំអាហារ ក៏មានវីដេអូពេញនិយមផ្សេងទៀតរបស់នាង រួមមានអំពីការតុបតែង និងសម្លៀកបំពាក់ធ្វើពីសម្បកទំពាំងបាយជូរ។ នាង លី ជឺឈី កម្រនិយាយនៅក្នុងវីដេអូរបស់នាងណាស់ ដោយរក្សាទុកសំឡេងបែបធម្មជាតិ ដូចជាសំឡេងចម្អិនអាហារ និងសំឡេងសត្វយំជាដើម។

កាលពីខែកញ្ញា ឆ្នាំ២០១៩ ​រដ្ឋាភិបាលចិនបានផ្តល់រង្វាន់ដល់នាងថា​ ជាមនុស្សលេចធ្លោ ហើយកោតសរសើរនាង ដែលបានសរសើរប្រទេសចិន និងផ្សព្វផ្សាយវប្បធម៌ចិន។

នៅក្នុងឆ្នាំ២០១៨ នាងបានបើកហាងបាយមួយ ដាក់ឈ្មោះរបស់នាងផ្ទាល់ និងលក់អាហារខ្ចប់ទុកមុនតាមអ៊ីនធឹណិត៕

 

By Ana

You missed