ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា÷ មេឃុំ ចៅសង្កាត់ គរបាលប៉ុស្តិ៍ មេភូមិ និងបុគ្គលិកមណ្ឌលសុខភាព ដែលជាតួរអង្គយ៉ាងសំខាន់ទាំងបួន ក្នុងការផ្តល់សេវាសាធារណៈ និងបំពេញនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅថ្នាក់មូល ជាពិសេសការដេីរតួរក្នុងការគ្រប់គ្រងពលរដ្ឋចំណូលស្រុកដែលមកពីតំបន់ប្រឈមដែលមាន ហានីភ័យខ្ពស់ ឬសង្ស័យថាមានការពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមការកំណត់ដូច្នេះ យើងត្រូវទាមទារធ្វេីយ៉ាងណាត្រូវជំរុញឲ្យតួរអង្គទាំងបួននេះ បន្តសហការគ្នាដើម្បីដាក់ចេញជាសកម្មភាពមកភ្លាមដឹងភ្លាមនិងគ្រប់គ្រងទាន់ សភាពការណ៍ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី ២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៦ខែឧសភា ឆ្នាំ ២០២១។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា ក្រៅពីការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋជាម្ចាស់មូលដ្ឋានក៏ជាតួរអង្គមួយយ៉ាងសំខាន់ផងដែរក្នុងការរាយការណ៍ទៅអាជ្ញាធរ នៅពេលមានពលរដ្ឋចំណូលស្រុកពីតំបន់ដែលមានហនីភ័យខ្ពស់ ឬអ្នកចំឡែកចូលមកព្រោះគាត់យល់ថាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកតព្វកិច្ច មួយដែលអាចរួចផុតពីការបិទខ្ទប់ ភូមិទាំងមូលរបស់គាត់ទៀតផង។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ក៏ដូចជាឃុំ -សង្កាត់ទាំងអស់ត្រូវបន្ត ពង្រឹងការគ្រប់គ្រងពលរដ្ឋចំណូលស្រុកដែលមកពីតំបន់ហានិភ័យខ្ពស់ ឬសង្ស័យថាមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីនាំយកពួកគាត់ទៅធ្វើចត្តាឡីស័ក និងបន្តការផ្សព្វផ្សាយអំពីសារអប់រំ នានា របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ និង ២ចូលរួម ឲ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បានលើកជារបៀបវារៈធំៗ ចំនួន៤ រួមមាន៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។និង ៤. បញ្ហាផ្សេងៗ ពាក់ព័ន្ធ ការងារប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ -១៩ ៕ ចៅ វង្ស i.k.