ទីក្រុងឡុងដ៍៖ ភ្នាក់ងារក្រុមឃ្លាំមើលភាពឯកជនរបស់ចក្រភពអង់គ្លេស បានសម្រេចផាកពិន័យបណ្តាញទំនាក់ទំនង TikTok របស់ចិន ជាទឹកប្រាក់រាប់លានដុល្លារ ពីបទប្រើប្រាស់ទិន្នន័យរបស់កុមារខុស និងរំលោភលើការការពារផ្សេងទៀត សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេង។
ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ថា ខ្លួនបានចេញការផាកពិន័យក្រុមហ៊ុន Tik Tok ចំនួន១២.៧លានផោន ឬស្មើ១៥.៩លានដុល្លារ ចំពោះកម្មវិធីចែករំលែកឃ្លីបវីដេអូខ្លី ដែលមានប្រជាប្រិយបំផុតក្នុងចំណោមពីយុវវ័យ។
ការផាកពិន័យក្នុងទឹកប្រាក់ដ៏ច្រើននេះ គឺជាឧទាហរណ៍ថ្មីបំផុតអំពីការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ដែល TikTok និងក្រុមហ៊ុនមេរបស់ខ្លួន ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចិន ឈ្មោះ ByteDance កំពុងត្រូវគេធ្វើបាបនៅក្នុងប្រទេសលោកខាងលិច ដែលរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីហានិភ័យរបស់ទិន្នន័យបង្កឡើងចំពោះឯកជនភាព និងសុវត្ថិភាពតាមអ៊ីនធឺណិត។
អង្គការឃ្លាំមើលចក្រភពអង់គ្លេស ដែលកំពុងស៊ើបអង្កេតការរំលោភទិន្នន័យ នៅចន្លោះខែឧសភា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា TikTok បានបណ្តោយឲ្យកុមារចំនួន១.៤លាននាក់ នៅក្នុងចក្រភពអង់គ្លេស ដែលមានអាយុក្រោម១៣ឆ្នាំ អាចប្រើប្រាស់កម្មវិធីនេះ នៅឆ្នាំ២០២០ ទោះបីជា Tik Tok មានលក្ខខណ្ឌផ្ទាល់ខ្លួន ហាមឃាត់កុមារនៅក្មេងមិនឲ្យបង្កើតគណនីក៏ដោយ។
ក្រុមឃ្លាំមើល បាននិយាយចោទប្រកាន់ទៀតថា TikTok មិនបានកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស និងដកកុមារអាយុក្រោម១៣ឆ្នាំ ចេញពីវេទិការបស់ខ្លួននោះទេ។ ទីភ្នាក់ងារនេះ បាននិយាយថា ទោះបីជា Tik Tok បានដឹងថា កុមារតូចៗកំពុងប្រើប្រាស់កម្មវិធីក៏ដោយ ក៏ TikTok មិនទាន់ទទួលបានការយល់ព្រមពីឪពុកម្តាយរបស់កុមារទាំងនោះដែរ ដើម្បីអាចយកទិន្នន័យរបស់កុមារទៅប្រើបាន និងឲ្យស្របតាមច្បាប់ស្តីពីការការពារទិន្នន័យរបស់ចក្រភពអង់គ្លេស។
លោក ចន អេដវ៉ដ (John Edwards) ស្នងការព័ត៌មានរបស់អង់គ្លេស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «
មានច្បាប់ជាច្រើននៅជាធរមាន ដើម្បីការពារកូនៗរបស់យើងឲ្យមានសុវត្ថិភាពនៅក្នុងពិភពឌីជីថល។ TikTok មិនបានគោរពតាមច្បាប់ទាំងនេះឡើយ»។
លោកបាននិយាយបន្ថែមថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បានប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារដែលត្រូវគេផ្តល់សិទ្ធិឲ្យចូលប្រើប្រាស់កម្មវិធីមិនត្រឹមត្រូវតាមច្បាប់កំណត់។
លោក ចន អេដវ៉ដ បានបញ្ជាក់ដូច្នេះថា «នោះមានន័យថា ទិន្នន័យរបស់ពួកគេ អាចនឹងត្រូវបានគេប្រើ ដើម្បីតាមដានពួកគេ និងបង្ហាញព័ត៌មានអំពីពួកគេ ដែលអាចបង្កគ្រោះថ្នាក់ ដោយកូនក្មេងអាចមើលមាតិកាមិនសមរម្យ» ។
ក្រុមហ៊ុន Tik Tok បាននិយាយថា ខ្លួនមិនយល់ស្របនឹងការសម្រេចចិត្តរបស់អង្គការឃ្លាំមើលរបស់អង់គ្លេសឡើយ។
ក្រុមហ៊ុន TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបណ្តាក់ទុនយ៉ាងច្រើន ដើម្បីជួយការពារអ្នកមានអាយុក្រោម១៣ឆ្នាំ មិនឲ្យចូលមើលបាន ហើយក្រុមការពារសុវត្ថិភាពដ៏ពូកែរបស់យើង ចំនួនជាង៤០ ០០០នាក់ កំពុងធ្វើការ២៤ម៉ោង ដើម្បីជួយការពារវេទិកាឲ្យមានសុវត្ថិភាពសម្រាប់សហគមន៍របស់យើង»។
ក្រុមហ៊ុន TikTok បាននិយាយទៀតថា ខ្លួនបានកែលម្អប្រព័ន្ធចុះឈ្មោះរបស់ខ្លួន ចាប់តាំងពីមានការបំពានលក្ខខណ្ឌបានកើតឡើង ដោយមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រាន់តែប្រកាសថា ពួកគេមានអាយុគ្រប់គ្រាន់ ហើយកំពុងស្វែងរកសញ្ញាផ្សេងទៀត ដែលអាចបញ្ជាក់បានថា គណនីនីមួយៗ មិនត្រូវបានប្រើប្រាស់ដោយអ្នកមានអាយុក្រោម១៣ឆ្នាំ។
អ្នកឃ្លាំមើលភាពឯកជនរបស់អង់គ្លេស បាននិយាយចោទប្រកាន់ថា ក្រុមហ៊ុន TikTok បរាជ័យក្នុងការជូនដំណឹងដល់មនុស្សឲ្យបានត្រឹមត្រូវអំពីរបៀបដែលទិន្នន័យរបស់ពួកគេ ត្រូវបានប្រមូល ប្រើប្រាស់ និងចែករំលែកតាមរបៀបងាយស្រួលយល់។ បើគ្មានព័ត៌មាននេះទេ វាមិនទំនងថា អ្នកប្រើប្រាស់វ័យក្មេងនឹងអាចជ្រើសរើសយកមានព័ត៌មាន និងអំពីរបៀបប្រើប្រាស់ TikTok នោះបានទេ។
ចំណែកនិយតករ បាននិយាយថា TikTok ក៏បរាជ័យក្នុងការធានាថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានយកប្រើដោយស្របច្បាប់ យុត្តិធម៌ និងដោយតម្លាភាព។
ដំបូងឡើយ ក្រុមហ៊ុន Tik Tok របស់ចិនត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន២៧លានផោន ឬស្មើនឹង៣៣.៧លានដុល្លារ ប៉ុន្តែត្រូវបានកាត់បន្ថយមកនៅត្រឹម១៥.៩លានដុល្លារ បន្ទាប់ពីក្រុមហ៊ុននេះបានចរចារជាមួយនិយតករអង់គ្លេសឲ្យទម្លាក់ការចោទប្រកាន់ផ្សេងទៀត។
រីឯនិយតករអាមេរិក កាលពីឆ្នាំ២០១៩ បានផាកពិន័យក្រុមហ៊ុន TikTok ជាទឹកប្រាក់ចំនួន៥.៧លានដុល្លារ ក្នុងករណីជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ស្រដៀងគ្នានេះ គឺអំពីការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់កុមារដោយខុសច្បាប់។
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះដែរ អាជ្ញាធរប្រទេសអូស្ត្រាលី បានហាមឃាត់ TikTok មិនឲ្យជាប់ពាក់ព័ន្ធជាមួយឧបករណ៍ប្រើប្រាស់របស់រដ្ឋាភិបាល ដោយព្រួយបារម្ភថា កម្មវិធីនេះអាចចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលចិន ឬបង្កើតគំនិតឲ្យគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង។
សមាជិកសភាអាមេរិក ក៏កំពុងពិចារណាលើការបង្ខំឲ្យលក់ ឬហាមឃាត់ TikTok ទាំងស្រុងតែម្តង ស្របពេលភាពតានតឹងរវាងទំនាក់ទំនងអាមេរិក ជាមួយប្រទេសចិន កំពុងតែឡើងកម្តៅ៕