ក្រុងសាណា៖ កាលពីម្សិលមិញ យ៉ាងហោចណាស់មនុស្ស៧៨នាក់បានស្លាប់ និងរាប់រយនាក់ បានរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងរដ្ឋធានីយេម៉ែន នៅពេលប្រជ្រៀតគ្នាចូលទៅក្នុងសាលាមួយកន្លែង ដើម្បីទទួលលុយបរិចាគក្នុងពិធីបុណ្យរ៉ាម៉ាដាន។
ការរត់ជាន់គ្នា បានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្របពេលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាសម្រុកចូលទៅក្នុងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សាណា ប្រទេសយេម៉ែន ដោយសង្ឃឹមថា នឹងទទួលបានអំណោយសប្បុរសធម៌ជាប្រាក់ប្រហែល១០ដុល្លារសម្រាប់មនុស្សម្នាក់ ពីឈ្មួញសប្បុរស ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដានតាមសាសនាឥស្លាម។
សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា កងកម្លាំងប្រដាប់អាវុធយេម៉ែន បានបាញ់កាំភ្លើងទៅលើអាកាស ក្នុងគោលបំណងគ្រប់គ្រងក្រុមមនុស្សដ៏ច្រើនកកកុញ ប៉ុន្តែគ្រាប់កាំភ្លើងបានប៉ះត្រូវខ្សែភ្លើងទើបបណ្តាលឆេះផ្ទុះចេញផ្កាភ្លើង ធ្វើឲ្យមនុស្សភ័យស្លន់ស្លោរត់ជាន់គ្នាស្លាប់តែម្តង។
ឃ្លីបវីដេអូផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ បានបង្ហាញសាកសពមនុស្សគរលើគ្នានៅពេលព្យាយាមរត់ចេញពីកន្លែងប្រមូលផ្តុំគ្នា។
ឃ្លីបវីដេអូទាំងនេះ បានបង្ហាញឲ្យឃើញទៀតថា មនុស្សជាច្រើនបានយកដៃខ្លួនឯងទៅបិទមាត់អ្នកដទៃធ្វើឲ្យថប់ដង្ហើម ចំណែកខ្លះដួលគរលើគ្នា ទើបបណ្តាលឲ្យស្លាប់ភ្លាមៗ។
ចំណែករូបថតផ្សេងទៀតបង្ហាញពីប្រឡាក់ឈាមស្បែកជើង និងសម្លៀកបំពាក់របស់ជនរងគ្រោះ ដែលរាយប៉ាយនៅលើដី ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យតំបន់នោះ។
ទីភ្នាក់ងារព័ត៌មាន AFP របស់បារាំងបានរាយការណ៍ថា មនុស្សជាង៣០០នាក់បានរងរបួស។ ចំណែកខាងមន្ទីរពេទ្យវិញ បានឲ្យដឹងថា យ៉ាងហោចណាស់អ្នករបួស៧៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង សាណា រីឯក្រុមគ្រួសារសាច់ញាតិ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យនោះ ដើម្បីព្យាយាមស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួន។
អ្នកតាមដានហេតុការណ៍នេះ នៅទីក្រុង សាណា បាននិយាយថា គ្រោះមហន្តរាយរត់ជាន់គ្នាស្លាប់នេះ បានបង្កឲ្យមហាជនមានកំហឹងនៅទូទាំងពេញប្រទេសយេម៉ែន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃយេម៉ែន បានពណ៌នាឧបទ្ទវហេតុនេះថា ជាសោកនាដកម្ម ហើយបន្ទោសការចែកលុយដោយគ្មានការគ្រោងទុកមុនឲ្យមានត្រឹមត្រូវ និងគ្មានការចូលរួមសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន។
ក្រសួងមហាផ្ទៃបាននិយាយថា អ្នកជំនួញពីរនាក់ ដែលរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការបន្តទៀត។ រដ្ឋាភិបាលយេម៉ែន បានប្រកាសថា អ្នកជំនួញទាំងពីរនាក់នេះ នឹងត្រូវផ្តល់សំណងជាទឹកប្រាក់ចំនួន២ ០០០ដុល្លារដល់គ្រួសារនីមួយៗ ដែលបានបាត់បង់សាច់ញាតិ ខណៈអ្នករងរបួសនឹងទទួលបានប្រាក់ប្រហែល៤០០ដុល្លារ។
ប្រទេសយេម៉ែនកំពុងធ្លាក់ចូលក្នុងសង្គ្រាស៊ីវិលអស់ជាច្រើនឆ្នាំ រហូតមានការអន្តរាគមន៍ពីក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ហើយមនុស្សជាង១៥០ ០០០នាក់ រួមទាំងយុទ្ធជន និងជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ដែលចុងក្រោយនេះបានបង្កនូវគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
យោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលផ្នែកកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ប្រជាជនយេម៉ែនជាង២១លាននាក់ កំពុងត្រូវការជំនួយសង្គ្រោះពីបរទេស និងការការពារផ្នែកសន្តិសុខ៕