ក្រុងប៉ារីស៖ ប៉ូលិស​កុបកម្ម​បារាំង​បាន​ប្រើ​ដំបង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​បាញ់​ទឹក ដើម្បី​បំបែកក្រុម​បាតុករឲ្យ​ចេញពី​ទីលាន​កណ្តាល​ក្រុង​ប៉ារីស ដែល​មនុស្ស​រាប់​ពាន់​នាក់​​កំពុងប្រមូល​ផ្តុំគ្នា​តវ៉ា​នឹង​កំណែទម្រង់​ប្រាក់សោធននិវត្ត​របស់​ប្រធានាធិបតីបារាំង។

ជួរប៉ូលីស ដោយមានខែលការពារកុបកម្ម និងដំបង បានដើរឆ្ពោះទៅកាន់វិមានកុងគក់ ខណៈអ្នកផ្សេងទៀតបានបាញ់ទឹកបំបែកបាតុករ ដែលដុតភ្លើងបំភ្លឺនៅកណ្តាលទីលានប្រវត្តិសាស្ត្ររបស់បារាំង។

ទីភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា ប៉ូលិសបានប្រើដំបង និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញក្រុមបាតុករឲ្យចេញទីលាន និងនៅឲ្យឆ្ងាយពីស្ពាន នៅក្បែរវិមានព្រឹទ្ធសភា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្សេរ៉ាល ដាម៉ាណំាង (Gerald Darmanin) បានបញ្ជាឲ្យប៉ូលិសចាត់ វិធានការការពារដល់សមាជិកសភា នៅក្នុងអគារទល់មុខនឹងការតវ៉ា ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ចេញពីព្រឹទ្ធសភា បន្ទាប់ពីស្នើសុំអនុម័តច្បាប់ស្តីកំណែទម្រង់សោធននិវត្តន៍ ដោយបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ។

ទីភ្នាក់ងារព័ត៌មានបារាំង បានផ្សាយថា ប៉ូលីសបានរាយការណ៍ពីការចាប់ខ្លួនមនុស្សប្រាំបីនាក់ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ប្រភពប៉ូលីសដោយនិយាយថា មនុស្ស២១៧នាក់ ត្រូវបានចាប់ខ្លួនពីបទបង្កភាពចលាចល ស្របពេលបាតុករប្រហែល៦ ០០០នាក់ បានដុតក្តារបន្ទះ និងគប់វត្ថុរឹងដាក់ប៉ូលីស។

បាតុកម្មប្រឆាំងនឹងការបង្កើនអាយុចូលនិវត្តនេះ ក៏បានផ្ទុះឡើងព្រមគ្នាផងដែរ នៅតាមបណ្តាទីក្រុងផ្សេងៗទៀតរបស់បារាំង ដោយធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ។

មេដឹកនាំបារាំងចង់បង្កើនអាយុចូលនិវត្តន៍ ដើម្បីឲ្យកម្មករបន្តដាក់ប្រាក់ចំណូលរបស់ពួកគេចូលទៅក្នុងប្រព័ន្ធ មួយ ដែលរដ្ឋាភិបាលនិយាយថា កំពុងជួបប្រទះបញ្ហាឱនភាពហិរញ្ញវត្ថុ ដូច្នេះ​បាន​បង្កឲ្យ​មាន​កូដកម្ម និង​បាតុកម្ម​តវ៉ា​ ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ២០២៣នេះ។

ឥឡូវ​នេះ ក្រុមសហជីព​បារាំង​គ្រោង​ធ្វើ​កូដកម្ម​មួយ​ថ្ងៃ​ទៀត ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការធ្វើកំណែ​ទម្រង់​ប្រាក់​សោធននិវត្តសម្រាប់បុគ្គលិក កម្មករបារាំង។

មន្ត្រីសហជីពបាននិយាយប្រកាសក្នុងសន្និសីទសារព័ត៌មានថា «មេដឹកនាំសហជីពបន្តទាមទារឲ្យលុបផែនការធ្វើកំណែទម្រង់ និងអំពាវនាវឲ្យធ្វើកូដកម្ម និងបាតុកម្មមួយផ្សេងទៀត នៅថ្ងៃទី២៣ ខែមីនា។

សម័យប្រជុំរបសើរដ្ឋសភា​ត្រូវ​បាន​ផ្អាក​រយៈពេល​ពីរ​នាទី​ បន្ទាប់​ពី​សមាជិក​សភា​ឆ្វេង​និយម​ច្រៀង​ភ្លេងជាតិ​បារាំង ដើម្បីរំខានដល់លោកស្រីនាយករដ្ឋមន្ត្រីបារាំងកុំឲ្យ​និយាយប្រាប់សមាជិកព្រឹទ្ធសភា។

ទោះបីមានបាតុកម្មតវ៉ាយ៉ាងណាក៏ដោយ ព្រឹទ្ធសភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងការបោះឆ្នោតគាំទ្រ១៩៣សំឡេង ខណៈក្រុមប្រឆាំងមាន១១៤សំឡេង៕

By Ana

You missed