ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃនេះថា ខ្លួនបានបាញ់មីស៊ីលពីរគ្រាប់ នៅក្នុងសមយុទ្ធរៀបចំឡើង ដើម្បីហ្វឹកហាត់ដល់អង្គភាពយោធាកូរ៉េខាងជើង ដើម្បីបំពេញបេសកកម្មនៅពេលណាក៏បាន និង មានមត្ថភាពបំផ្លាញសត្រូវបានដោយជោគជ័យ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានពណ៌នាការបាញ់មីស៊ីលនេះថា ជាការបង្ហាញពីសមយុទ្ធផ្នែកយោធា ដែលបានបាញ់មីស៊ីលផ្លោងមីស៊ីលយុទ្ធសាស្ត្រចេញពីដីចំនួនពីរគ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិច ហើយបានហោះក្នុងចម្ងាយប្រហែល៦១១គីឡូម៉ែត្រ ហ់យបានធ្លាក់ចំគោលដៅនៅលើកោះតូចមួយ នៅឆ្នេរសមុទ្រភាគឦសានក្នុងទឹកដីរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារដដែលនេះ បាននិយាយទៀតថា «មីស៊ីលប្រាកដជាអាចបំផ្លាញសត្រូវ ប្រសិនបើពួកគេត្រូវប្រើក្នុងសមរភូមិប្រយុទ្ធមែននោះ។ មេបញ្ជាការនៃអង្គភាព បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីវាយលុកបានគ្រប់ពេលវេលា ដោយពង្រឹងការហ្វឹកហ្វឺនដល់កងទ័ព»។

ចំណែកមន្ត្រីយោធាកូរ៉េខាងត្បូង បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានឃើញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺកើតឡើងស្របពេលសមយុទ្ធរយៈពពេលអំឡុង១១ថ្ងៃនៃសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការហាត់សមយុទ្ធត្រៀមចូលឈ្លានពានកូរ៉េខាងជើង និងទង្វើបង្កអរិភាព។

ប៉ុន្មានថ្ងៃកន្លងថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធមីស៊ីល រួមទាំងអាវុធបាញ់ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។

កូរ៉េ​ខាងជើង​បាន​បាញ់​​មីស៊ីល​ច្រើនជាងកាលពី​ឆ្នាំ២០២២ ក្នុងប្រឹងធ្វើ​ទំនើបកម្ម​ផ្នែកសព្វាវុធ​របស់ខ្លួន​ ដោយបង្កើនការព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខក្នុងតំបន់។

មន្ត្រីយោធាកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងជើង ដោយហៅការបាញ់មីស៊ីលម្តងហើយម្តងទៀតថា ជាការញុះញង់យ៉ាងច្បាស់ក្រឡែត ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានរិះគន់ការបាញ់បង្ហោះនេះថា ជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន៕

By Ana

You missed