វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ឆ្នាំ២០២១ ដែលត្រូវបានវិភាគដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ហើយបានចេញផ្សាយ នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម នៅក្នុងសហរដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។
សរុបអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍មានចំនួន៩ ០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង៨ ១២០ករណី កើតឡើងនៅក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង១២ភាគរយ។
ចំណែកទិន្នន័យបឋម បានបង្ហាញថា មានការធ្លាក់ចុះនៃឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ បានកើតឡើងច្រើនតែនៅតាមបណ្តាទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុត ដូចបុរីញូវយ៉ក និងទីក្រុងឡូសអេនជឺលេស។
លោក ប្រាយអិន ឡេវីន (Brian Levin) នាយកមជ្ឈមណ្ឌលសិក្សាអំពីភាពស្អប់ខ្ពើម និងជ្រុលនិយម នៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានប្រាប់សារព័ត៌មាន បាននិយាយថា «យើងកំពុងស្ថិតក្នុងយុគសម័យដ៏ចម្លែក និងគួរឲ្យព្រួយបារម្ភមួយ ដែលអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម បន្តកើនឡើងច្រើនជាបណ្តាឆ្នាំកន្លងមកនេះ ហើយជាកំណត់ត្រាតួលេខខ្ពស់បំផុត»។
ទិន្នន័យដដែល បានបង្ហាញថា មនុស្សសម្បុរស្បែកខ្មៅ គឺជាក្រុមធំជាងគេ ដែលត្រូវមនុស្សសម្បុរស្បែកសមាក់ងាយ ឬរើសអើង ដោយមានចំនួន២ ២៣៣ករណី នៅក្នុងឆ្នាំកន្លងមក។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានបន្ថែមថា ចំនួន៦៤.៥ភាគរយ នៃជនរងគ្រោះដោយអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម គឺដោយសារតែពណ៌សម្បុរ ឬពូជពង្សវង្សត្រកូល ដោយមាន១៥.៩ភាគរយនៃករណីដែលបានកត់ត្រា គឺដោយសារភាពលម្អៀងទៅនឹងនិន្នាការផ្លូវភេទ និង១៤.១ភាគរយ ដោយសារការរើសអើងចំពោះជំនឿសាសនា។
ក្នុងចំណោមមនុស្សមួយក្រុម ដែលងាយប្រឈមមុខនឹងភាពលម្អៀង ដោយសារជំនឿសាសនាផងដែរ គឺជនជាតិ ជ្វីហ្វ ដែលអំពើរើសអើងបានកើតឡើងតិចតួច។ អំពើរើសអើងចំពោះសម្បុរស្បែកស ត្រូវបានកត់សម្គាល់ថា មានចំនួន៩៤៨ករណី គឺតិចជាងករណីកើតឡើងចំពោះក្រុមមនុស្សខ្ទើយ។
អគ្គមេធាវីអាមេរិក លោក មើរិក ហ្គាឡែន (Merrick Garland) រដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានសន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីឲ្យការងាររបស់ក្រសួងយុត្តិធម៌មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមនៅទូទាំងសហរដ្ឋអាមេរិកក។
កាលពីឆ្នាំ២០២១ បន្ទាប់ពីការបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់ចំនួននាក់ នៅក្នុងបុរីញូវយ៉ក លោក មើរិក ហ្គាឡែន បាននិយាយថា ការគំរាមកំហែងនៅក្នុងសហរដ្ឋអាមេរិក គឺជារឿងប្រឈម ហើយថាក្រសួងយុត្តិធម៌ ត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសបែបនេះ។
យោងតាមគេហទំព័រនិយាយពីអំពើហិង្សាប្រដាប់អាវុធ នៅអាមេរិក បានឲ្យដឹងថា ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅតែកើតមានជាហូរហែនៅក្នុងសហរដ្ឋអាមេរិក ដែលបានបាញ់ប្រហាររុបចំនួន៦៤៧នាក់ ឬច្រើនជាងនេះ បើគិតក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានរាយការណ៍កាលពីឆ្នាំមុនថា មានឧប្បត្តិហេតុអ្នកបាញ់ផ្តេសផ្តាសចំនួន៦១ករណី នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ គឺកើនឡើង៥២ភាគរយ បើគិតពីឆ្នាំ២០២០ និងជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រសួងសន្តិសុខជាតិ បានកំណត់ថា អ្នកបាញ់ប្រហារផ្តេសផ្តាស ដែលបាញ់សម្លាប់ ឬប៉ុនប៉ងសម្លាប់មនុស្សនៅកន្លែងសាធារណៈតាមរបៀបហាក់ដូចជាចៃដន្យ។
ទោះបីជាមានអត្រាខ្ពស់នៃអំពើហឹង្សាប្រើកាំភ្លើងក៏ដោយ ការគ្រប់គ្រងកាំភ្លើងរបស់សហរដ្ឋអាមេរិកនៅតែជាចំណុចជាប់គាំងព្រោះហេតុផលនយោបាយ។
រដ្ឋបាលរបស់ប្រធានាធិបតី ចូ បាយដិន (Joe Biden) កាលពីឆ្នាំមុន បានចុះហត្ថលេខាលើច្បាប់ស្តីសុវត្ថិភាពកាំភ្លើង តែក្រុមអ្នកតស៊ូមតិអំពីការគ្រប់គ្រងកាំភ្លើង បាននិយាយថា ច្បាប់នេះមានប្រសិទ្ធភាពតិចតួចណាស់៕