ហាណូយ៖ រដ្ឋសភាវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មី ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា។
នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ កាលពីម្សិលមិញ សមាជិកសភា បានបញ្ជាក់ថា លោក វ៉ូ វ៉ាន់ធឿងអាយុ៥២ឆ្នាំ គឺជាប្រធានាធិបតីថ្មី បន្ទាប់ពីគណបក្សកុម្មុយនិស្តបានតែងតាំងលោក កាលពីម្សិលមិញ ជាបេក្ខជនតែមួយគត់។
តំណែងប្រធានាធិបតីភាគច្រើនជាតួនាទីពិធីការ ប៉ុន្តែជាតំណែងនយោបាយ ក្នុងចំណោមតំណែងនយោបាយកំពូលទាំងបួននៅវៀតណាម។
សារព័ត៌មានរដ្ឋវៀតណាម បានរាយការណ៍ថា សមាជិកសភាសរុបចំនួន៤៨៧នាក់ ក្នុងចំណោម៤៨៨នាក់ ដែលមានវត្តមាននៅរដ្ឋសភា បានបោះឆ្នោតគាំទ្រលោក វ៉ូ វ៉ាន់ធឿង។
ការតែងតាំងលោក វ៉ូ វ៉ាន់ធឿង កើតឡើងក្នុងអំឡុងពេលនៃចលាចលនយោបាយនៅក្នុងប្រទេសវៀតណាម នៅពេលការបោសសម្អាតអំពើពុករលួយរបស់បក្សកុម្មុយនិស្ត ហើយបានធ្វើឱ្យរដ្ឋមន្ត្រីជាច្រើនត្រូវបានបណ្តេញចេញពីតំណែង។
ការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីវៀតណាម បានបណ្តេញប្រធានាធិបតី លោក ង្វៀង ស៊ុនហ្វុក (Nguyen Xuan Phuc) ពីបទរំលោភបំពាន និងការធ្វើខុស ក្នុងចំណោមមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់លោក។
ការដកលោក ង្វៀង ស៊ុនហ្វុក ចេញពីតំណែងជាប្រធានាធិបតី ត្រូវគេមើលឃើញថា ការបង្ក្រាបអំពើពុករលួយរបស់ប្រទេសវៀតណាមកំពុងតែតឹងតែង។
ក្នុងសុន្ទរកថាដំបូងរបស់លោក ថ្លែងទៅកាន់សភាក្នុងនាមជាប្រធានាធិបតីថ្មី លោក វ៉ូ វ៉ាន់ធឿង បាននិយាយថា លោកនឹងបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។
ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ បាននិយាយនៅក្នុងពិធីស្បថចូលកាន់តំណែងថា «ខ្ញុំនឹងខិតខំបំពេញឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំនូវការទទួលខុសត្រូវ និងបេសកកម្ម ដែលត្រូវបានប្រគល់ឱ្យដោយបក្ស រដ្ឋ និងប្រជាជន»។
សារព័ត៌មានដដែលបានផ្សាយថា លោកក៏បានសន្យាថា លោកនឹងខិតខំរៀនសូត្រ និងធ្វើតាមជានិច្ចនូវមនោគមវិជ្ជា សីលធម៌ និងរបៀបរស់នៅរបស់ប្រធានហូជីមិញ។
លោក វ៉ូ វ៉ាន់ធឿង គឺជាសមាជិកវ័យក្មេងជាងគេនៃការិយាល័យនយោបាយរបស់គណបក្ស ដែលជាស្ថាប័នកំពូលរបស់ប្រទេស និងជាអ្នកទើបចាប់ផ្តើមអាជីពនយោបាយ នៅក្នុងអង្គការយុវជនកុម្មុយនិស្ត។
លោកត្រូវបានគេចាត់ទុកថា ជាមនុស្សមានភាពស្និទ្ធស្នាលជាមួយអគ្គលេខាបក្ស លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម និងជាតួអង្គសំខាន់ក្នុងការតស៊ូប្រឆាំងអំពើពុករលួយនៅក្នុងជួរបក្ស៕