ក្រុងញូវដែលី៖ មេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នារកវិធានការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងម៉ូស្គូ ឲ្យបញ្ចប់សង្រ្គាមបង្ហូរឈាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី (Shunichi Suzuki) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេស G7 ដែលគ្រោងធ្វើឡើងនៅទីក្រុង បេងហ្គាឡារូ ប្រទេសឥណ្ឌា។
កិច្ចប្រជុំនេះនឹងកើតឡើងជិតមួយឆ្នាំម្តង ចាប់តាំងពីរុស្ស៊ី បានលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលក្រុមប្រទេស G7 និងប្រទេសផ្សេងទៀត បានចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក៏ដោយ។
លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការគាំទ្រអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សានេះ។ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំមកពីប្រទេស G7 និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្ម ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ គឺឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន»។
ប្រទេសជប៉ុនធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G7 នៅឆ្នាំនេះ ក្នុងការដំណើរការរហូតដល់កិច្ចប្រជុំកំពូលរបស់ដឹកនាំប្រទេស G7 ដែលគ្រោងធ្វើពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។
ប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំ G7 នឹងត្រូវធ្វើឡើងនៅក្រោយក្នុងសប្តាហ៍នេះ ដោយមានការប្រមូលផ្តុំកាន់តែច្រើននៃមេដឹកនាំហិរញ្ញវត្ថុ G20 មកពីបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ របស់ពិភពលោក ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។
សង្រ្គាមអ៊ុយក្រែន និងសេដ្ឋកិច្ចពិភពលោក ត្រូវគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា របស់មេដឹកនាំប្រទេស G20 ។
ក្រុមនេះនឹងពិភាក្សាអំពីអតិផរណា ដែលកើនឡើងដោយសារសង្គ្រាមរបស់រុស្ស៊ី រហូតបង្កឲ្យមានវិបត្តិថាមពល និងតម្លៃម្ហូរអាហារ និងបង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ចទីផ្សារ ដល់ប្រទេសកំពុងរីកចម្រើន ដែលកំពុងប្រឈមនឹងបញ្ហាបំណុល។
ចំណែកមន្ត្រីជាន់ខ្ពស់ជប៉ុន បាននិយាយនៅថ្ងៃនេះថា ការខកខានក្នុងការសងបំណុល សម្រាប់ទីផ្សារកំពុងរីកចម្រើន អាចនាំឲ្យមានវិបត្តិហិរញ្ញវត្ថុ។
លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី បាននិយាយថា «តាមរយៈការចូលរួមចំណែកនៅក្នុងកិច្ចពិភាក្សាលើបញ្ហាទាំងនេះ យើងសង្ឃឹមថា វានឹងផ្តល់លទ្ធផលល្អៗ ដែលនឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថិរភាព និងនិរន្តរភាព»៕