មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេចចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅលើជនស៊ីវិលរុស្ស៊ី។
រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី ហើយបានបើកបាញ់ប្រហារទៅលើរថយន្ត ដោយសម្លាប់មនុស្សម្នាក់ និងរបួសកុមារម្នាក់ ព្រមចាប់មនុស្សនៅក្នុងហាងមួយធ្វើជាចំណាប់ខ្មាំង។
ចំណែកភ្នាក់ងារសម្ងាត់របស់រុស្ស៊ី បាននិយាយថា ក្រុមទាហានជាតិនិយមជ្រុលអ៊ុយក្រែន ត្រូវទាហានរុស្ស៊ី ដេញបាញ់ឲ្យត្រឡប់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញអស់ហើយ។
ភ្នាក់ងារសម្ងាត់ដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើឡើងថា ដើម្បីចៀសសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្និងមូលដ្ឋាន ខ្មាំង ត្រូវដេញបាញ់ឲ្យរត់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញហើយ។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថា កងទ័ពរុស្ស៊ី បានប្រើកាំភ្លើងធំផ្លោងដាក់គោលដៅប្រមូលផ្តុំរបស់ពួកគេ រហូតក្រុមនេះរត់ឆ្លងដែនចូលទៅក្នុងទឹកដីអ៊ុយក្រែន ដោយបន្សល់ទុលគ្រាប់មីន និងគ្រាប់រំសេវជាច្រើន។
ប្រតិកម្មនឹងការចោទប្រកាន់ពីលោក វ៉្លាឌីមៀ ពូទីន មេដឹកនាំអ៊ុយក្រែន បានចោទរុស្ស៊ីវិញ ពីបទបង្កហេតុដោយប្រឌិតរឿងមិនពិត ប៉ុន្តែក៏អាចជាប្រតិបត្តិការមួយប្រព្រឹត្តឡើងដោយក្រុមចលនាបះបោរប្រឆាំងរដ្ឋាភិបាលរុស្ស៊ី នៅក្នុងទឹកដីរុស្ស៊ី ឯនោះវិញទេ។
ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គៅ (Volodymyr Zelensky) បាននិយាយថា «រឿងចោទអំពីក្រុមធ្វើវិទ្ធង្សនាអ៊ុយក្រែន នៅក្នុងលើទឹកដីសហពន្ធរុស្ស៊ី គឺជាចេតនាបង្កហេតុបែបហួសសម័យ»។
លោកបាននិយាយថា រុស្ស៊ីគួរតែខ្លាចបក្សពួករបស់ខ្លួនឯង។ មួយថ្ងៃមុននេះ បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារដោយដ្រូនលើទឹកដីប្រទេសរុស្ស៊ី ក៏រដ្ឋាភិបាលទីក្រុងមូស្គូ និយាយចោទប្រកាន់លើអ៊ុយក្រែនដែរ ដូច្នេះវាមិនមានអ្វីចម្លែកទេ។
ចំពេលមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោង និងការបំផ្លិចបំផ្លាញជាបណ្តើរៗ បានកើតឡើងនៅក្នុងតំបន់ជាប់ព្រំដែនរបស់រុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូ បានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា «អ៊ុយក្រែននឹងមិនសម្រេចបានអ្វីទាំងអស់។ យើងនឹងកម្ទេចពួកគេចោលឲ្យអស់»។
លោកបាននិយាយបន្តទៀតថាថា ក្រុមនេះត្រូវបានបង្កើតឡើងពីប្រភេទមនុស្ស ដែលចង់ប្លន់ប្រទេសរុស្ស៊ី តាមរយៈការបំផ្លាញប្រវត្តិសាស្ត្រ និងភាសាររបស់រុស្ស៊ី។
នៅក្នុងឃ្លីបវីដេអូចំនួនពីរ ដែលផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណិត បុរសប្រដាប់អាវុធម្នាក់ ដែលហៅខ្លួនឯងថា អង្គភាពអ្នកស្ម័គ្រចិត្តរុស្ស៊ី បាននិយាយថា ពួកគេបានឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរបប ពូទីន និងប្រឆាំងវិមានក្រឹមឡាំងដែលកំពុងធ្វើសង្គ្រាមបង្ហូរឈាមលើទឹកដីអ៊ុយក្រែន។
ដោយពណ៌នាថា ខ្លួនជាសមាជិកក្រុមរំដោះរបស់រុស្ស៊ី បុរសទាំងនោះបានអំពាវនាវឲ្យជនជាតិរុស្សី នាំគ្នាកាន់អាវុធ ហើយក្រោកឡើង ដើម្បីរួមគ្នាប្រឆាំងអាជ្ញាធររុស្ស៊ី និងរបប ពូទីន៕