វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស៣នាក់ នៅក្នុងសាកលវិទ្យាល័យក្នុងរដ្ឋ មីឈីហ្គាន់ សហរដ្ឋអាមេរិក និងមនុស្សប្រាំនាក់ទៀតរងរបួស មុននឹងជនបង្កសម្លាប់ខ្លួនឯង។
ជនបង្កបាញ់ប្រហារ កាលពីយប់ថ្ងៃច័ន្ទ នៅឯអគារសិក្សាមួយ និងបាញ់លើស្នាក់ការសហជីពនិស្សិតនៅក្បែរនោះដែរ។
ប៉ូលិសបានបន្ថែមថា ខ្មាន់កាំភ្លើងដែលគេពណ៌នាថា ជាបុរសស្បែកខ្មៅ ក្រោយមកបានបាញ់សម្លាប់ខ្លួន នៅក្រៅបរិវេណសាលា។
ប៉ូលិស មានទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះ ដែលមានអ្នកស្លាប់បីនាក់ និងប្រាំនាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រុមនិស្សិត បានសម្ងំលាក់ខ្លួនជាច្រើនម៉ោងនៅក្នុងបរិវេណសាលា ដែលមាននិស្សិតសរុបប្រហែល៥០ ០០០នាក់ ស្ថានភាពអ្នករងរបួសមិនត្រូវបានគេដឹងភ្លាមៗទេ ហើយក៏មិនដឹងថា អាវុធប្រភេទណា ដែលខ្មាន់កាំភ្លើងប្រើក្នុងការបាញ់ប្រហារនេះ។
កាលពីសប្តាហ៍មុន មនុស្សចំនួនប្រាំពីរនាក់បានស្លាប់ និងមនុស្សម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារករណីឲពីរនៅឯកសិដ្ឋានដាំផ្សិត និងក្រុមហ៊ុនដឹកទំនិញមួយនៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ហើយជនសង្ស័យម្នាក់ត្រូវបានឃុំខ្លួន។
ការបង្ហូរឈាមថ្មីៗ នៅក្នុងសហរដ្ឋអាមេរិកបានកើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្ស១១នាក់ នៅឯពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជិតទីក្រុង ឡូអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុង បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សបួននាក់ត្រូវបានសម្លាប់នៅកសិដ្ឋានដាំផ្សិត និងបីនាក់ទៀតស្លាប់ នៅឯអាជីវកម្មដឹកទំនិញ។
ប៉ូលិសបាននិយាយថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណថា អាមេរិកដើមកំណើតចិន ឈ្មោះ ឈុនលី ចាវ (Chunli Chao) អាយុ៦៧ឆ្នាំ ដែលត្រូវបានចាប់ខ្លួន និងរឹបអូនបានកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ រក្សាទុកនៅក្នុងរថយន្តរបស់ជនសង្ស័យ។
យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅភាគខាងកើតនៃទីក្រុង ឡូអែនជឺឡេស (Los Angeles) ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលមានមនុស្សរាប់ពាន់នាក់កំពុងជួបជុំគ្នាសប្បាយរីករាយ។
ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស១១នាក់ គឺជាជនជាតិអាមេរិក ដើមកំណើតវៀតណាមអាយុ៧២ឆ្នាំ ដែលក្រោយមកត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឡានពណ៌ស។
ប៉ូលីសបាននិយាយថា បុរសនោះឈ្មោះ ហ៊ូ កានត្រាន (Huu Can Tran) មានរបួសដោយគ្រាប់កាំភ្លើងខ្លួនឯង ហើយត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ។
ឧបទ្ទវហេតុនេះ គឺជាការបាញ់ប្រហារដ៏ធំលើកទីប្រាំមួយនៅសហរដ្ឋអាមេរិកក្នុងខែនេះ និងជាករណីស្លាប់ច្រើនបំផុតចាប់តាំងពីមនុស្ស២១នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងសាលារៀនមួយក្នុងរដ្ឋតិចសាស់។
អំពើហឹង្សាចុងក្រោយនេះកើតឡើងពីរខែជាប់គ្នា បន្ទាប់ពីមនុស្សប្រាំនាក់ ត្រូវបានសម្លាប់នៅក្លឹបកម្សាន្តរបស់មនុស្សខ្ទើយ។
យោងតាមគេហទំព័រនិយាយពីអំពើហិង្សាប្រដាប់អាវុធ នៅអាមេរិក បានឲ្យដឹងថា ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅតែកើតមានជាហូរហែនៅក្នុងសហរដ្ឋអាមេរិក ដែលបានបាញ់ប្រហាររុបចំនួន៦៤៧នាក់ ឬច្រើនជាងនេះ បើគិតក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានរាយការណ៍កាលពីឆ្នាំមុនថា មានឧប្បត្តិហេតុអ្នកបាញ់ផ្តេសផ្តាសចំនួន៦១ករណី នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ គឺកើនឡើង៥២ភាគរយ បើគិតពីឆ្នាំ២០២០ និងជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រសួងសន្តិសុខជាតិ បានកំណត់ថា អ្នកបាញ់ប្រហារផ្តេសផ្តាស ដែលបាញ់សម្លាប់ ឬប៉ុនប៉ងសម្លាប់មនុស្សនៅកន្លែងសាធារណៈតាមរបៀបហាក់ដូចជាចៃដន្យ។
ទោះបីជាមានអត្រាខ្ពស់នៃអំពើហឹង្សាប្រើកាំភ្លើងក៏ដោយ ការគ្រប់គ្រងកាំភ្លើងរបស់សហរដ្ឋអាមេរិកនៅតែជាចំណុចជាប់គាំងព្រោះហេតុផលនយោបាយ។
រដ្ឋបាលរបស់ប្រធានាធិបតី ចូ បាយដិន (Joe Biden) កាលពីឆ្នាំមុន បានចុះហត្ថលេខាលើច្បាប់ស្តីសុវត្ថិភាពកាំភ្លើង តែក្រុមអ្នកតស៊ូមតិអំពីការគ្រប់គ្រងកាំភ្លើង បាននិយាយថា ច្បាប់នេះមានប្រសិទ្ធភាពតិចតួចណាស់៕