វ៉ាស៊ីនតោន៖ រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កាលពីឆ្នាំ២០២២ បានបង្ហោះបាឡុងកម្ពស់ខ្ពស់ជាង១០ដង លើទឹកដីរបស់ចិនដោយគ្មានសុំការអនុញ្ញាត។

ការចោទប្រកាន់របស់ចិន កាលពីថ្ងៃច័ន្ទ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិន រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ទទូច​ថា ​វា​ជា​យាន​សម្រាប់ព្យាករណ៍អាកាស​ធាតុ​។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វាជារឿងធម្មតាទេសម្រាប់បាឡុងរបស់សហរដ្ឋអាមេរិក ហោះចូលដែនអាកាសរបស់ប្រទេសដទៃដោយខុសច្បាប់»។

លោកបាន​និយាយ​ទៀតថា «​ចាប់តាំងពី​ឆ្នាំ​មុន​មក បាឡុង​កម្ពស់​ខ្ពស់​របស់​អាមេរិក​ បាន​ហោះហើរ​ដោយ​ខុសច្បាប់​លើ​ដែនអាកាស​របស់​ប្រទេស​ចិន​ច្រើនជាង១០ដង ​ដោយ​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ចិន​»។

បន្ទាប់ពីអាមេរិកបាញ់ទម្លាក់បាឡុងចិន កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អែនធូនី ប្លីងគិន (Antony Blinken) បានលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សារកដំណោះស្រាយចំពោះភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។

សូមរំឭកថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ យោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យានមួយគ្រឿងទៀត ដែលកំពុងហោះនៅជិតព្រំដែនប្រទេសកាណាដា។

មន្ត្រីយោធាអាមេរិក បានស្រង់យកបំណែករបស់បាឡុងចេញពីមហាសមុទ្រ ដើម្បីពិនិត្យមើលទិន្នន័យឈ្លបយការណ៍។

កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បាន​បញ្ជា​ឲ្យ​បាញ់​ទមទម្លាក់យានមួយ​គ្រឿង ហោះនៅ​លើ​រដ្ឋ អាឡាស្កា  ហើយបន្ទាប់មក កាលពីថ្ងៃសៅរ៍ យានស្រដៀងគ្នាមួយទៀត ត្រូវបានបាញ់ទម្លាក់នៅភាគពាយ័ព្យប្រទេសកាណាដា៕

By Ana

You missed