ក្រុងប៊ែរឡាំង៖ មន្ត្រីរដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រទេស​អាល្លឺម៉ង់​នឹង​ផ្តល់សព្វាវុធទំនើបៗថែមទៀត ឲ្យទៅប្រទេស​អ៊ុយក្រែន​ ដូចជា​រថ​ពាសដែក និង​មីស៊ីលខែលការពារដែនអាកាស ដើម្បីបង្កើនសមត្ថភាពយោធាអ៊ុយក្រែន ក្នុងការច្បាំងទប់ទល់ជាមួយរុស្ស៊ី។

សេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា សព្វាវុធទាំងនេះ គឺជាជំនួយរួមគ្នារបស់អាល្លឺម៉ង់ និងអាមេរិក បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នាពេលកន្លងមកថ្មីៗនេះ។

សេចក្តីថ្លែងការណ៍ បានលើកឡើងថា កាលពីចុងខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសផ្តល់មីស៊ីលខែលការពារដែនអាកាសដល់អ៊ុយក្រែន។  ចំណែកប្រទេសអាល្លឺម៉ង់ ក៏នឹងចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ ក្នុងការផ្តល់ខែលការពារដែនអាកាសបន្ថែម ដល់ប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងផ្តល់រថពាសដែកដល់អ៊ុយក្រែន ខណៈអាល្លឺម៉ង់នឹងផ្តល់រថពាសដែកធុនស្រាលឲ្យអ៊ុយក្រែនដែរ ដើម្បីទប់ទល់នឹងទាហានរុស្ស៊ី។

ការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការផ្តល់រថពាសដែកនេះ បានកើតឡើងបន្ទាប់ពីបារាំងបាននិយាយថា ខ្លួននឹងជួបពិភាក្សាក្នុងពេលឆាប់ៗនេះ ជាមួយអ៊ុយក្រែន ដើម្បីរៀបចំការដឹកជញ្ជូនរថពាសដែកទៅឲ្យអ៊ុយក្រែន។

ប្រធានាធិបតី​បារាំង លោក អ៊ីម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) ​បាន​និយាយ​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែលប្រភេទរពាសដែក​​ផលិត​ដោយ​លោកខាងលិច​ទាំង​នេះ ​នឹង​ត្រូវ​ប្រគល់​ឲ្យ​យោធា​អ៊ុយក្រែន។

មន្ត្រី​បារាំង​ម្នាក់​ បាន​និយាយ​ថា បារាំងនឹងពិភាក្សា​លម្អិតថែមទៀតជាមួយ​ក្រុង​កៀវ​ ជុំវិញ​ការ​ផ្តល់​​រថយន្ត​យោធា​របស់បារាំង​ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់មិនបានបញ្ជាក់ថា តើរថពាសដែកមានប៉ុន្មានគ្រឿងនឹងត្រូវផ្តល់ឲ្យ ឬឲ្យនៅពេលណានោះទេ។  ប៉ុន្តែបានអះអាងថា អាល្លឺម៉ង់នឹងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនអំពីរបៀបប្រើប្រាស់សព្វាវុធទាំងអស់នេះជាមុនសិន។

សូមរំឭកថា កន្លងមកថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយយោធាជាច្រើនដល់ប្រទេសអ៊ុយក្រែន រួមទាំងមីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធមីស៊ីខែលការពារដែនអាកាសផងដែរ។

សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមានតម្លៃជាទឹកប្រាក់សរុបជិត៣០០០លានដុល្លារ ដល់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយសម្ភារៈយោធាដ៏ធំសម្បើម ដែលមន្ទីរបញ្ចកោណបានដឹកចេញពីឃ្លាំងឲ្យទៅអ៊ុយក្រែន ដើម្បីជួយកងទ័ពអ៊ុយក្រែន បង្កើនសមត្ថភាពប្រយុទ្ធតទល់ជាមួយរុស្ស៊ី៕

By Ana

You missed