មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក្នុងការបង្ហាញអំណាចយោធា ខណៈសង្រ្គាមនៅអ៊ុយក្រែន កំពុងតែឆាបឆេះ។

លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាបែបនេះ ក្នុងចូលរួមពិធីមួយតាមរយៈវីដេអូខន់វើរិន កាលពីថ្ងៃពុធ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាវាចម្បាំង។

លោក សើគី សយគូ (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងលោក អ៊ីគ័រ ក្រុកម៉ាល់ (Igor Krokhmal) មេបញ្ជាការនាវាចម្បាំង ក៏ចូលរួមផងដែរ។

លោក វ៉្លាឌីមៀ ពូទីន បាននិយាយមុនពេលបញ្ជាឲ្យដាក់ពង្រាយនាវា ដើម្បីចាប់ផ្តើមត្រៀមប្រយុទ្ធថា «នាវាចម្បាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលលឿនជាងសំឡេងចុងក្រោយបំផុត ដែលមិនធ្លាប់មាន។  ខ្ញុំសូមជូនពរនាវិក ទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន សម្រាប់កិត្តិយសជាតិមាតុភូមិ»។

ចំណែកលោក សើគី សយគូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីវិញ បាននិយាយថា នាវាចម្បាំងនឹងធ្វើដំណើរទៅកាន់មហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រមេឌីទែរ៉ាណេ។

លោកបានបន្ថែមថា នាវាទាំងនេះមានសមត្ថភាពក្នុងការវាយប្រហារដ៏ខ្លាំងប្រឆាំងសត្រូវនៅលើផ្ទៃសមុទ្រ និងនៅលើផ្ទៃដី។ ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង នៅលើយន្តហោះអាចយកឈ្នះលើប្រព័ន្ធការពារមីស៊ីលណាមួយ និងមានរយៈចម្ងាយជាង១ ០០០គីឡូម៉ែត្រ។

ប្រទេសរុស្ស៊ី បានសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ឈ្មោះ ហ្សើខុន (Zircon) ចេញពីនាវាចម្បាំង និងចេញពីនាវាមុជទឹក ប្រកបដោយជោគជ័យ កាលពីឆ្នាំមុន ខណៈរត់ការប្រណាំងផ្នែកអាវុធលឿនជាងសំឡេង កាន់តែក្តៅគគុកជាមួយសហរដ្ឋអាមេរិក និងចិន។

លោក ហ្សើគី សយគូ  បាននិយាយទៀតថា «ចំណុចសំខាន់នៃបេសកកម្មនេះ គឺប្រឆាំងនឹងការគំរាមកំហែងមកលើប្រទេសរុស្ស៊ី និងដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមជាមួយបណ្តាប្រទេសជាមិត្ត។ នៅក្នុងសមយុទ្ធ នឹងមានវគ្គបណ្តុះបណ្តាលសម្រាប់នាវិក អំពីជំនាញការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ»។

សព្វាវុធ​ប្រភេទលឿនជាងសំឡេងនេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មានអនុភាព​ខ្លាំង​ក្លា​លើ​សត្រូវ​ ព្រោះ​​វា​អាច​គេច​ផុតពី​ខែល​ការពារ​មីស៊ីល និង​ប្រព័ន្ធ​ព្រមាន​ដែនអាកាសផ្សេងទៀត៕

By Ana

You missed