ទីក្រុងកៀវ៖ សេចក្តីការណ៍នានា បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) គ្រោងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ សប្តាហ៍នេះ ហើយអាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden)។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីសហរដ្ឋអាមេរិក បាននិយាយមិនបញ្ចេញឈ្មោះ និង មិនមានការបញ្ជាក់ជាផ្លូវការអំពីដំណើរទស្សនកិច្ចរបស់លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ក៏អាចថ្លែងទៅកាន់សភាអាមេរិកផងដែរ។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃអង្គារ ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រាប់សមាជិកសភា ឲ្យចូលរួមកម្មវិធីមួយ នៅយប់ថ្ងៃពុធ ប៉ុន្តែលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
លោកស្រីបានសរសេរថា «សូមមានវត្តមានក្នុងកម្មវិធីពិសេសមួយ ដោយផ្តោតលើលទ្ធិប្រជាធិបតេយ្យ»។
លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី តែងតែទទួលស្វាគមន៍មេដឹកនាំបរទេស នៅក្នុងរដ្ឋធានី គៀវ និងទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន ឈរជើងនៅសមរភូមិមុខ។
លោកប្រធានាធិបតីអ៊ុយក្រែន ក៏បាននិយាយជាញឹកញយជាមួយមេដឹកនាំពិភពលោក តាមរយៈទូរស័ព្ទ និងតាមរយៈវីដេអូ ចេញពីការិយាល័យរបស់លោក នៅក្នុងទីក្រុងគៀវ។
ប៉ុន្តែដំណើរទស្សនកិច្ចទៅប្រទេសក្រៅដោយគ្មានការជូនដំណឹង នឹងបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងអ៊ុយក្រែនជាមួយអាមេរិក ដែលបានដើរតួនាទីឈានមុខគេក្នុងការផ្តល់ជំនួយផ្នែកយោធា។
ចាប់តាំងពីការចាប់ពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន១៨.៥ពាន់លានដុល្លារ លើការគាំទ្រផ្នែកយោធាដោយផ្ទាល់ដល់អ៊ុយក្រែន ដែលជាចំនួនច្រើនជាងបណ្តាប្រទេសផ្សេងទៀត បើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានអំពាវនាវសុំជំនួយបន្ថែមទៀត ដោយលោកបាននិយាយថា ការចំណាយលើការការពារជាតិប្រចាំខែសម្រាប់អ៊ុយក្រែន គឺមានចំនួនប្រហែល៥ពាន់លានដុល្លារ។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បាយដិន កំពុងពិចារណាបំពាក់មីស៊ីលការពារដែនអាកាសដល់អុយក្រែន សម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។
ប្រទេសរុស្ស៊ី បាននិងកំពុងវាយប្រហារលើទីតាំងផលិតថាមពលអគ្គិសនីរបស់អ៊ុយក្រែន ដោយធ្វើឲ្យមនុស្សរាប់លាននាក់ រស់នៅដោយគ្មានថាមពលកម្តៅ ក្នុងរដូវរងារ ដែលសីតុណ្ហភាពធ្លាក់ដល់ក្រោមសូន្សអង្សាសេ។
កាលពីថ្ងៃអង្គារ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានធ្វើទស្សនកិច្ចដោយមិនប្រកាសមុន ទៅកាន់សមរភូមិមុខ ក្នុងទីក្រុង បាកមុត (Bakhmut) ជាកន្លែងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងមកហើយ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកបានជួបកងទ័ព និងប្រគល់រង្វាន់ដល់ទាហានក្លាហាន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សមរភូមិមុខនេះ គឺជាការបង្ហាញពីការប្រឆាំងដាច់ខាត និងជាការបង្ហាញពីការគាំទ្រដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។
ការិយាល័យរបស់លោក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយ ដើម្បីបញ្ជាក់អំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកឡើយ។
នៅថ្ងៃដដែលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រគល់មេដាយមាស នៅខាងក្នុងវិមានក្រឹមឡាំង ដល់ទាហានឆ្នើម ដែលបានចូលរួមច្បាំងក្នុងសង្គ្រាមអ៊ុយក្រែន។
ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចារកម្មយោធាអាមេរិក បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ទាហានរុស្ស៊ីប្រមាណមួយសែននាក់ និងទាហានអ៊ុយក្រែនប្រមាណមួយសែននាក់ដែរ បានស្លាប់ ឬរងរបួស ចំណែកជនស៊ីវិលប្រហែលបួនម៉ឺននាក់បានស្លាប់។
អង្គការសហប្រជាជាតិ បានកត់ត្រាប្រជាជនប្រមាណ៧.៨លាននាក់ ជាជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ទ្វីបអឺរ៉ុប រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយតួលេខនេះមិនរាប់បញ្ចូលអ្នកត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ប៉ុន្តែរត់គេចខ្លួនក្នុងប្រទេសអ៊ុយក្រែន៕