ក្រុងឡុងដ៍ៈ ប្រទេស​ចិន​បាន​ដក​មន្ត្រី​ការទូតប្រាំមួយនាក់​ ចេញ​ពីប្រទេសអង់គ្លេស រួមទាំងមន្ត្រីការទូតជាន់ខ្ពស់ម្នាក់​ផង​ដែរ បន្ទាប់​ពី​មានអំពើ​ហិង្សា​នៅ​ស្ថាន​កុងស៊ុលរបស់ខ្លួន ប្រចាំទីក្រុង ម៉េនឆេស្ទើ។

មុននឹងការដកមន្ត្រីទូតមកកាន់ប្រទេសចិនវិញ ចក្រភព​អង់គ្លេស​បានទាមទារឲ្យដកអភ័យឯកសិទ្ធិ​អ្នកការទូតពីមន្ត្រីចិនសិន ដើម្បីបើកផ្លូវឲ្យអ្នក​ស៊ើបអង្កេត​អាចសាកសួរអំពី​ឧប្បត្តិហេតុ​ កើតឡើង កាលពី​ខែតុលា​ ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ក្លេវើលី (James Cleverly) បានសម្តែងការខកចិត្ដដោយសារគ្មាននរណាម្នាក់ ក្នុងចំណោមមន្ត្រីចិន ទាំងប្រាំមួយនាក់ ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់អង់គ្លេស។

មន្ត្រីការទូតចិនទាំងប្រាំមួយនាក់នេះ រួមមានអគ្គកុងស៊ុលប្រចាំក្រុង ម៉ែនឆេស្ទើ គឺលោក ឆេង លីយួន (Zheng Xiyuan) ដែលបានប្រកែកថា លោកមិនបានវាយដំអ្នកតវ៉ានៅស្ថានកុងស៊ុលចិនឡើយ។

បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យម្នាក់ ឈ្មោះ បប់ ចាន់ (Bob Chan) ជា​ជនជាតិ​ចិនហុងកុង បាន​រង​របួស បន្ទាប់ពីបុរសម្នាក់បានចាប់អូស​ចូលទៅ​ក្នុង​ស្ថាន​កុងស៊ុល និងវាយដំ កាលពីថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០២២។

លោក ឆេង លីយួន ដែល​ជាអគ្គកុងស៊ុលរបស់ចិន ប្រចាំក្រុង ម៉ែនឆេស្ទើ បាន​បដិសេធ​ថា លោកមិន​បានវាយលោក បន់ ចាន់ ទោះបីគេ​ស្គាល់​អត្តសញ្ញាណ​ក្នុង​រូបថតយ៉ាងច្បាស់ក៏ដោយ ហើយ​ត្រូវបាន​សមាជិកសភាអង់គ្លេសម្នាក់ ចោទប្រកាន់ថា​ លោកគឺពិតជាអ្នកវាយ។

ប៉ុន្តែក្រោយមក លោក ឆេង លីយួន បានប្រាប់អ្នកសារព័ត៌មានថា លោកបានព្យាយាមការពារសហសេវិករបស់លោក ដោយបន្ថែមថា «លោក បប់ ចាន់ កំពុងតែបំពានលើអធិបតេយ្យប្រទេសខ្ញុំ និងមេដឹកនាំរបស់ខ្ញុំ។ ខ្ញុំគិតថា វាជាកាតព្វកិច្ចរបស់ខ្ញុំ»។

ការសម្រេចចិត្តរបស់ឪឪរដ្ឋាភិបាលចិន ក្នុងការដកអ្នកការទូតរបស់ខ្លួនចេញពីទីក្រុង ម៉ែនឆេស្ទើ ត្រូវបានមនុស្សមួយចំនួនមើលឃើញថា គឺជាការព្យាយាមបន្ធូរបន្ថយជម្លោះ និងជៀសវាងការវាយបកទៅវិញទៅមក រវាងចិន និងអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងឡុងដ៍ បាននិយាយកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរអង់គ្លេសបានបរាជ័យក្នុងការការពារបុគ្គលិករបស់ខ្លួន ដែលកំពុងបំពេញបេសកកម្មក្នុងទឹកដីប្រទេសអង់គ្លេស។

អ្នកនាំពាក្យ បាននិយាយទៀតថា លោក ឆេង លីយួន បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោម ហេតុផលបញ្ចប់អាណត្តិ។

មន្ត្រីអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានទូតចិនដឹងច្បាស់ណាស់ថា បើអ្នកការទូតមិនព្រមចូលរួមក្នុងការស៊ើបអង្កេតរបស់ប៉ូលីសទេនោះ វានឹងបង្កឲ្យមានផលវិបាក។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ក្លេវើលី បាននិយាយថា ការដកលោក ឆេង លីយួន និងមន្ត្រីការទូតចិនប្រាំមួយនាក់ ចេញពីក្រុង ម៉ែនឆេស្ទើ គឺបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបរបស់ចក្រភពអង់គ្លេស ចំពោះឧប្បត្តិហេតុនេះ។

លោក​បាន​និយាយបន្ត​ទៀតថា «​យើង​នឹង​បន្ត​ទាមទារនៅ​លើ​ឆាក​អន្តរជាតិ និង​នៅក្នុងប្រទេសអង់គ្លេស ដើម្បី​ឲ្យមានការគោរព​ច្បាប់ ហើយ​យើង​រំពឹង​ថា​ អ្នក​ដទៃ​ក៏​នឹង​ធ្វើ​ដូច​គ្នា​ដែរ​»​។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភាអង់គ្លេសថា «ខ្ញុំមានការខកចិត្ត ដែលបុគ្គលទាំងនេះ មិនត្រូវបានសម្ភាសន៍ ឬត្រូវប្រឈមមុខនឹងច្បាប់»។

រដ្ឋាភិបាល​អង់គ្លេស​បាន​ជូនដំណឹង​ទៅ​ររដ្ឋាភិបាលចិន អំពីមន្ត្រី​ការទូតចិនទាំង​ប្ប្រាំមួនាក់ ដែលបាត់បង់អភ័យឯកសិទ្ធិផ្នែកការទូត​ នៅត្រឹម​សប្តាហ៍​នេះ។

ចំណែកលោក បប់ ចាន់ បាននិយាយអំពីការចាកចេញរបស់មន្ត្រីការទូតចិនថា «អស់រយៈពេលពីរខែហើយ ចាប់តាំងពីបុគ្គលិកស្ថានកុងស៊ុលចិន ចាប់វាយខ្ញុំនៅក្នុងក្រុង ម៉ែនឆេស្ទើ។ ថ្ងៃនេះ ខ្ញុំឮថា បុគ្គលិកមួយចំនួនរបស់ស្ថានកុងស៊ុលនោះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញហើយ»។

តាមអភ័យឯកសិទ្ធិការទូត មានន័យថា មន្ត្រីការទូត រួមទាំងក្រុមគ្រួសាររបស់អ្នកការទូត មិនអាចត្រូវចាប់ខ្លួន ឬកាត់ទោសពីបទឧក្រិដ្ឋ ឬករណីរដ្ឋប្បវេណីណាមួយឡើយ នៅពេលបំពេញបេសកកម្មនៅក្រៅប្រទេស។

រដ្ឋាភិបាលចិន​ បាន​អះអាង​តាំងពី​ដំបូង​ថា​ មាន​ការ​ប៉ុនប៉ង​ចូល​ក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​ចិន ដោយ​ខុស​ច្បាប់៕

By Ana

You missed